យ៉ូហាន 19:1-30

យ៉ូហាន 19:1-30 គកស១៦

ពេល​នោះ លោក​ពីឡាត់​នាំ​ព្រះ‌យេស៊ូវ​ទៅ​ឲ្យ​គេ​វាយ​នឹង​រំពាត់។ ពួក​ទាហាន​ក្រង​ភួង​បន្លា​យក​មក​បំពាក់​លើ​ព្រះ‌សិរ​ព្រះ‌អង្គ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ​ដែរ។ គេ​ចូល​មក​ជិត​ព្រះ‌អង្គ ទាំងពោល​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា» រួច​គេ​ក៏​ទះ​កំផ្លៀង​ព្រះ‌អង្គ។ លោក​ពីឡាត់​ចេញ​ទៅ​ក្រៅ មាន​ប្រសាសន៍​នឹង​គេ​ម្តង​ទៀត​ថា៖ «មើល៍! ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ»។ ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។ កាល​ពួក​សង្គ្រាជ និង​ពួក​កង​រក្សា​ព្រះវិហារ​ឃើញ​ព្រះ‌អង្គ គេ​ក៏​ស្រែក​ឡើង​ថា៖ «ឆ្កាង​វាទៅ ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ»។ ពួក​សាសន៍​យូដា​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ គាត់​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​តាំង​ខ្លួន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។ ពេល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង។ លោក​ត្រឡប់​ទៅ​ក្នុង​បន្ទាយ​វិញ ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​មក​ពី​ណា?» ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​ឆ្លើយ​សោះ។ ហេតុ​នេះ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «ម្តេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ខ្ញុំ? តើ​អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​នឹង​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន‌បើ​មិន​បាន​ទទួល​អំណាច​មក​ពី​ស្ថាន​លើ​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។ តាំង​ពី​ពេល​នោះ មក លោក​ពីឡាត់​រក​វិធី​នឹង​ដោះ​លែង​ព្រះ‌អង្គ តែ​ពួក​សាសន៍​យូដា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​អ្នក​នេះ លោក​មិន​មែន​ជា​សម្លាញ់​របស់​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ក្បត់​នឹង​សេសារ​ហើយ»។ កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​នាំ​ព្រះ‌យេស៊ូវ​ចេញ​ទៅ​ខាង​ក្រៅ ហើយ​ឲ្យ​ព្រះ‌អង្គ​គង់​នៅ​ទី​កាត់​ក្តី ត្រង់​កន្លែង​មួយ​ឈ្មោះ​ថា «ទី​លាន​ក្រាល​ថ្ម» (ដែល​ភាសា​ហេព្រើរ​ហៅ​ថា កាបា‌ថា) ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​រំលង ហើយ​ប្រហែល​ជា​ថ្ងៃ​ត្រង់ លោក​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា៖ «មើល៍! នេះ​ហើយ​ស្តេច​របស់​អ្នក​រាល់​គ្នា!»។ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «យក​វា​ចេញ​មក ហើយ​ឆ្កាង​វា​ទៅ» លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់​គ្នា​ឬ?» ពួក​សង្គ្រាជ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​គ្មាន​ស្តេចណា​ទៀត ក្រៅ​ពីសេសារ​ទេ!»។ ពេល​នោះ លោក​ក៏​ប្រគល់​ព្រះ‌យេស៊ូវ​ទៅ​ឲ្យ​គេ​ឆ្កាង។ ដូច្នេះ គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​យក​ទៅ។ ព្រះ‌យេស៊ូវ​យាង​ចេញ​ទៅ​ទាំង​លី​ឈើ​ឆ្កាង ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា «ភ្នំ​លលាដ៍​ក្បាល» ដែល​ភាសា​ហេព្រើរ​ឈ្មោះ​ថា «គាល់‌កូថា»។ គេ​ក៏​ឆ្កាង​ព្រះ‌អង្គ​នៅ​ទី​នោះ ជា​មួយ​មនុស្ស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះ‌អង្គ ហើយ​ព្រះ‌យេស៊ូវ​នៅ​កណ្តាល។ លោក​ពីឡាត់​បិទ​ប្រកាស​មួយ​នៅ​លើ​ឈើ​ឆ្កាង​ថា «យេស៊ូវ​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា»។ មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​សរសេរ​ជា​ភាសា​ហេព្រើរ ឡាតាំង និង​ក្រិក។ ពេល​នោះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា ជម្រាប​លោក​ពីឡាត់​ថា៖ «សូម​លោក​កុំ​សរសេរ​ថា "ស្តេច​នៃ​សាសន៍​យូដា" ដូច្នេះ សូម​សរសេរ​ថា "អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា"»។ លោក​ពីឡាត់​ឆ្លើយ​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​សរសេរ ខ្ញុំ​សរសេរ​រួច​ហើយ»។ កាល​ដែល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចែក​ជា​បួន​ចំណែក ឲ្យ​ម្នាក់ៗ​បាន​មួយ​ចំណែក គេ​ក៏​យក​អាវ​វែង​ព្រះ‌អង្គ​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង ពី​លើ​ដល់​ក្រោម​គ្មាន​ថ្នេរ​សោះ។ ដូច្នេះ គេ​និយាយ​គ្នា​ថា៖ «កុំ​ហែក​អាវ​នេះ​អី សូម​យើង​ចាប់​ឆ្នោត​វិញ ដើម្បី​ឲ្យ​ដឹង​ថា​បាន​ទៅ​លើ​អ្នក​ណា»។ នេះ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ទុក​មក​ថា «គេ​បាន​យក​សម្លៀក​បំពាក់​ទូល​បង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូល​បង្គំ គេ​យក​ដោយ​ចាប់​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។ ពេល​នោះ មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ឈរ​នៅ​ជិត​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​ឃើញ​មាតា​ព្រះ‌អង្គ និង​សិស្ស​ម្នាក់​ដែល​ព្រះ‌អង្គ​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «មាតា​អើយ ន៎ុះន៏ កូន​របស់​មាតា»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​នោះ​ថា៖ «នេះ​ហើយ ម្តាយ​របស់​អ្នក»។ តាំង​ពី​នោះ​មក សិស្ស​នោះ​ក៏​យក​គាត់​ទៅ​នៅ​ជា​មួយ។ បន្ទាប់​មក ព្រះ‌យេស៊ូវ​ជ្រាប​ថា ការ​ទាំង​អស់​បាន​សម្រេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក​ណាស់» ។ នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក​ខ្មេះ​ពេញ គេ​ក៏​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ត្រែង ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក​ខ្មេះ​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ច‌ការ​ចប់​សព្វ​គ្រប់​ហើយ» រួច​ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ព្រះ‌អង្គ​ទៅ។

អាន យ៉ូហាន 19