យ៉ូហាន 19:1-30
យ៉ូហាន 19:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកពីឡាត់នាំព្រះយេស៊ូវទៅឲ្យគេវាយនឹងរំពាត់។ ពួកទាហានក្រងភួងបន្លាយកមកបំពាក់លើព្រះសិរព្រះអង្គ ហើយយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គដែរ។ គេចូលមកជិតព្រះអង្គ ទាំងពោលថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា» រួចគេក៏ទះកំផ្លៀងព្រះអង្គ។ លោកពីឡាត់ចេញទៅក្រៅ មានប្រសាសន៍នឹងគេម្តងទៀតថា៖ «មើល៍! ខ្ញុំនាំអ្នកនេះចេញមកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នកដឹងថា ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។ ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ កាលពួកសង្គ្រាជ និងពួកកងរក្សាព្រះវិហារឃើញព្រះអង្គ គេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!» លោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ»។ ពួកសាសន៍យូដាឆ្លើយថា៖ «យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ គាត់ត្រូវតែស្លាប់ ព្រោះគាត់បានតាំងខ្លួនជាព្រះរាជបុត្រារបស់ព្រះ»។ ពេលលោកពីឡាត់បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង។ លោកត្រឡប់ទៅក្នុងបន្ទាយវិញ ទូលសួរព្រះយេស៊ូវថា៖ «តើអ្នកមកពីណា?» ប៉ុន្តែ ព្រះយេស៊ូវមិនឆ្លើយសោះ។ ហេតុនេះ លោកពីឡាត់សួរព្រះអង្គថា៖ «ម្តេចក៏អ្នកមិនឆ្លើយនឹងខ្ញុំ? តើអ្នកមិនដឹងថាខ្ញុំមានអំណាចនឹងលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ប្រសិនបើមិនបានទទួលអំណាចមកពីស្ថានលើទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។ តាំងពីពេលនោះ មក លោកពីឡាត់រកវិធីនឹងដោះលែងព្រះអង្គ តែពួកសាសន៍យូដាស្រែកឡើងថា៖ «បើលោកដោះលែងអ្នកនេះ លោកមិនមែនជាសម្លាញ់របស់សេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច ក្បត់នឹងសេសារហើយ»។ កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅខាងក្រៅ ហើយឲ្យព្រះអង្គគង់នៅទីកាត់ក្តី ត្រង់កន្លែងមួយឈ្មោះថា «ទីលានក្រាលថ្ម» (ដែលភាសាហេព្រើរហៅថា កាបាថា) ។ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាថ្ងៃត្រង់ លោកមានប្រសាសន៍ទៅពួកសាសន៍យូដាថា៖ «មើល៍! នេះហើយស្តេចរបស់អ្នករាល់គ្នា!»។ ប៉ុន្តែ គេស្រែកឡើងថា៖ «យកវាចេញមក ហើយឆ្កាងវាទៅ» លោកពីឡាត់សួរគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសង្គ្រាជឆ្លើយថា៖ «យើងខ្ញុំគ្មានស្តេចណាទៀត ក្រៅពីសេសារទេ!»។ ពេលនោះ លោកក៏ប្រគល់ព្រះយេស៊ូវទៅឲ្យគេឆ្កាង។ ដូច្នេះ គេក៏នាំព្រះយេស៊ូវយកទៅ។ ព្រះយេស៊ូវយាងចេញទៅទាំងលីឈើឆ្កាង ទៅដល់កន្លែងមួយហៅថា «ភ្នំលលាដ៍ក្បាល» ដែលភាសាហេព្រើរឈ្មោះថា «គាល់កូថា»។ គេក៏ឆ្កាងព្រះអង្គនៅទីនោះ ជាមួយមនុស្សពីរនាក់ទៀតនៅសងខាងព្រះអង្គ ហើយព្រះយេស៊ូវនៅកណ្តាល។ លោកពីឡាត់បិទប្រកាសមួយនៅលើឈើឆ្កាងថា «យេស៊ូវអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា»។ មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេសរសេរជាភាសាហេព្រើរ ឡាតាំង និងក្រិក។ ពេលនោះ ពួកសង្គ្រាជរបស់សាសន៍យូដា ជម្រាបលោកពីឡាត់ថា៖ «សូមលោកកុំសរសេរថា "ស្តេចនៃសាសន៍យូដា" ដូច្នេះ សូមសរសេរថា "អ្នកនេះនិយាយថា ខ្ញុំជាស្តេចនៃសាសន៍យូដា"»។ លោកពីឡាត់ឆ្លើយថា៖ «អ្វីដែលខ្ញុំបានសរសេរ ខ្ញុំសរសេររួចហើយ»។ កាលដែលពួកទាហានបានឆ្កាងព្រះយេស៊ូវរួចហើយ គេយកព្រះពស្ត្រព្រះអង្គចែកជាបួនចំណែក ឲ្យម្នាក់ៗបានមួយចំណែក គេក៏យកអាវវែងព្រះអង្គដែរ តែអាវនោះបានត្បាញពីក្រណាត់តែមួយផ្ទាំង ពីលើដល់ក្រោមគ្មានថ្នេរសោះ។ ដូច្នេះ គេនិយាយគ្នាថា៖ «កុំហែកអាវនេះអី សូមយើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាបានទៅលើអ្នកណា»។ នេះដើម្បីឲ្យបានសម្រេចតាមបទគម្ពីរដែលចែងទុកមកថា «គេបានយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។ ពេលនោះ មាតាព្រះយេស៊ូវ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារា ជាប្រពន្ធក្លូប៉ាស និងនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ឈរនៅជិតឈើឆ្កាងរបស់ព្រះអង្គ។ កាលព្រះយេស៊ូវឃើញមាតាព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅទីនោះ ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «មាតាអើយ ន៎ុះន៏ កូនរបស់មាតា»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សនោះថា៖ «នេះហើយ ម្តាយរបស់អ្នក»។ តាំងពីនោះមក សិស្សនោះក៏យកគាត់ទៅនៅជាមួយ។ បន្ទាប់មក ព្រះយេស៊ូវជ្រាបថា ការទាំងអស់បានសម្រេចហើយ តែដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់» ។ នៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយស្ងួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកត្រែង ហុចទៅដល់ព្រះឱស្ឋព្រះអង្គ។ កាលព្រះយេស៊ូវបានទទួលទឹកខ្មេះហើយ ទ្រង់មានព្រះបន្ទូលថា៖ «កិច្ចការចប់សព្វគ្រប់ហើយ» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណព្រះអង្គទៅ។
យ៉ូហាន 19:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។ លោកពីឡាតចេញទៅជួបជនជាតិយូដាសាជាថ្មី មានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ កាលពួកនាយកបូជាចារ្យ* និងកងរក្សាព្រះវិហារ*ឃើញព្រះអង្គ គេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់» ។ កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។ លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។ ហេតុនេះ លោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប*ធ្ងន់ជាងលោកទៅទៀត»។ តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។ កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ ឲ្យគង់លើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា” ពេលនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។ ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។ ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។ ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា” គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។ ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ ពួកនាយកបូជាចារ្យ*របស់ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា” វិញ»។ លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។ ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖ «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ» ។ មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ព្រះយេស៊ូឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។ បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
យ៉ូហាន 19:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់ លោកពីឡាត់ក៏ចេញទៅ មានប្រសាសន៍នឹងគេម្តងទៀតថា មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា នឹងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ កាលពួកសង្គ្រាជ នឹងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅ លោកពីឡាត់មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រិត្យវិន័យ ហើយតាមក្រិត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ។ កាលលោកពីឡាត់បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង លោកត្រឡប់ទៅក្នុងសាលាជំនុំ ទូលសួរព្រះយេស៊ូវថា តើអ្នកមកពីណា តែព្រះយេស៊ូវទ្រង់មិនឆ្លើយសោះ ដូច្នេះ លោកពីឡាត់សួរទ្រង់ថា តើអ្នកមិនឆ្លើយទេឬអី អ្នកមិនដឹងទេឬថា ខ្ញុំមានអំណាចនឹងឆ្កាងអ្នក ឬលែងអ្នកក៏បាន ព្រះយេស៊ូវមានបន្ទូលថា បើមិនបានប្រទានមកពីស្ថានលើ នោះលោកឥតមានអំណាចលើខ្ញុំសោះ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក អ្នកនោះមានបាបធ្ងន់ជាង តាំងពីនោះមកលោកពីឡាត់រកទំនងនឹងលែងទ្រង់ដែរ តែពួកសាសន៍យូដាស្រែកកងឡើងថា បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថា ទីក្រាលថ្ម ដែលភាសាហេព្រើរហៅថា កាបាថា រួចលោកអង្គុយនៅទីជំនុំជំរះ (រីឯថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យរំលង ប្រហែលជាថ្ងៃត្រង់ហើយ) លោកក៏មានប្រសាសន៍ទៅពួកសាសន៍យូដាថា មើល នេះស្តេចនៃអ្នករាល់គ្នា តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។ ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំរលាក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយនឹងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្ដីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា» មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក នឹងឡាតាំង ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជំរាបដល់លោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា លោកពីឡាត់ឆ្លើយថា ឯសេចក្ដីដែលខ្ញុំបានសរសេរ នោះបានសរសេរស្រេចទៅហើយ ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងជាអាវនេះនឹងទៅជារបស់រូបអ្នកណា នោះដើម្បីឲ្យបានសំរេចបទគម្ពីរដែលថា «គេបានយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។ ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស នឹងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់ ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ នឹងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា រួចទ្រង់មានបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានបន្ទូលថា ខ្ញុំស្រេកទឹកណាស់ រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់ កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។