បន្ទាប់មក សិស្សទាំងពីរក៏ត្រឡប់ទៅផ្ទះរបស់គេវិញ។ ប៉ុន្ដែ នាងម៉ារាឈរយំនៅខាងក្រៅផ្នូរ ហើយពេលដែលនាងយំ នាងឱនមើលទៅក្នុងផ្នូរ ឃើញទេវតាពីររូប ស្លៀកពាក់ស អង្គុយត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ មួយខាងព្រះសិរ មួយខាងចុងព្រះបាទ។ ទេវតានោះសួរថា៖ «នាងអើយ ហេតុអ្វីបានជាយំ?» នាងឆ្លើយថា៖ «គេបានយកព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ហើយ មិនដឹងជាគេយកព្រះអង្គទៅទុកឯណាទេ»។ នាងនិយាយដូច្នោះហើយ ក៏បែរទៅក្រោយ ឃើញព្រះយេស៊ូវឈរ តែនាងមិនដឹងថាជាព្រះយេស៊ូវទេ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «នាងអើយ ហេតុអ្វីបានជាយំ? នាងរកអ្នកណា?» នាងស្មានថាជាអ្នកថែរសួន នាងសួរព្រះអង្គថា៖ «លោកម្ចាស់ បើលោកបានយកព្រះសពចេញទៅ សូមប្រាប់នាងខ្ញុំឲ្យដឹងផង លោកទុកនៅឯណា នាងខ្ញុំនឹងទៅយក»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ម៉ារាអើយ!» នាងក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គ ជាភាសាហេព្រើរថា៖ «រ៉ាបូនី» (ដែលស្រាយថា លោកគ្រូ)។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅប្រាប់ពួកបងប្អូនខ្ញុំថា "ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ"»។ នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ហើយនាងប្រាប់គេថា ព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនេះមកនាង។
អាន យ៉ូហាន 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 20:10-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ