យ៉ូហាន 20:10-18

យ៉ូហាន 20:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក សិស្ស​ទាំង​ពីរ​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ។ នាង​ម៉ារី​ឈរ​យំ​នៅ​ខាង​ក្រៅ ក្បែរ​មាត់​ផ្នូរ។ នាង​ឈ្ងោក​មើល​ទៅ​ខាង​ក្នុង​ផ្នូរ ទាំង​យំ ឃើញ​ទេវតា*​ពីរ​រូប​ស្លៀក‌ពាក់​ស អង្គុយ​នៅ​ត្រង់​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ ម្នាក់​អង្គុយ​នៅ​ខាង​ព្រះ‌សិរសា ម្នាក់​ទៀត​នៅ​ខាង​ចុង​ព្រះ‌បាទា។ ទេវតា​ពោល​មក​កាន់​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ?»។ នាង​ឆ្លើយ​ទៅ​ទេវតា​វិញ​ថា៖ «មាន​គេ​យក​សព​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់ មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ»។ ពេល​នាង​កំពុង​តែ​និយាយ​ដូច្នេះ នាង​បែរ​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូ​ឈរ​នៅ​ទី​នោះ តែ​នាង​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។ ព្រះ‌យេស៊ូ​សួរ​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។ នាង​ស្មាន​ថា​ជា​អ្នក​ថែ‌រក្សា​សួន​ច្បារ នាង​ក៏​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​យក​សព​ទៅ សូម​ប្រាប់​ឲ្យ​នាង​ខ្ញុំ​ដឹង​ផង លោក​ដាក់​នៅ​ឯ​ណា នាង​ខ្ញុំ​នឹង​ទៅ​យក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ហៅ​នាង​ថា៖ «ម៉ារី!»។ នាង​ម៉ារី​ក៏​បែរ​ទៅ​រក​ព្រះអង្គ ហើយ​ទូល​ព្រះអង្គ​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា“ព្រះ‌គ្រូ!”។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បងប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ ដែល​ជា​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។ នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ចេញ​ទៅ ជម្រាប​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជម្រាប​អំពី​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​នាង។

ចែក​រំលែក
អាន យ៉ូហាន 20

យ៉ូហាន 20:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក សិស្ស​ទាំង​ពីរ​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​វិញ។ ប៉ុន្ដែ នាង​ម៉ារា​ឈរ​យំ​នៅ​ខាង​ក្រៅ​ផ្នូរ ហើយ​ពេល​ដែល​នាង​យំ នាង​ឱន​មើល​ទៅ​ក្នុង​ផ្នូរ ឃើញ​ទេវតា​ពីរ​រូប ស្លៀក​ពាក់​ស អង្គុយ​ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ មួយ​ខាង​ព្រះ​សិរ មួយ​ខាង​ចុង​ព្រះ​បាទ។ ទេវតា​នោះ​សួរ​ថា៖ «នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ?» នាង​ឆ្លើយ​ថា៖ «គេ​បាន​យក​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់​ហើយ មិន​ដឹង​ជា​គេ​យក​ព្រះ‌អង្គ​ទៅ​ទុក​ឯ​ណា​ទេ»។ នាង​និយាយ​ដូច្នោះ​ហើយ ក៏​បែរ​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូវ​ឈរ តែ​នាង​មិន​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ​ទេ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ? នាង​រក​អ្នក​ណា?» នាង​ស្មាន​ថា​ជា​អ្នក​ថែរ​សួន នាងសួរ​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ សូម​ប្រាប់​នាង​ខ្ញុំ​ឲ្យ​ដឹង​ផង លោក​ទុក​នៅ​ឯ​ណា នាង​ខ្ញុំ​នឹង​ទៅ​យក»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ម៉ារា​អើយ!» នាង​ក៏​បែរ​ទៅ​រក​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ ជា​ភាសា​ហេព្រើរ​ថា៖ «រ៉ា‌បូ‌នី» (ដែល​ស្រាយ​ថា លោក​គ្រូ)។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌វរបិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ប្រាប់​ពួក​បង‌ប្អូន​ខ្ញុំ​ថា "ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌វរបិតា​ខ្ញុំ ជា​ព្រះ‌វរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ"»។ នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់» ហើយ​នាង​ប្រាប់​គេ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​មក​នាង។

ចែក​រំលែក
អាន យ៉ូហាន 20

យ៉ូហាន 20:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សិស្ស​ទាំង​២​ក៏​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ។ ឯ​ម៉ារា នាង​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ហើយ​កំពុង​ដែល​នាង​យំ នោះ​ក៏​ឱន​ខ្លួន​មើល​ទៅ​ក្នុង​ផ្នូរ ឃើញ​ទេវតា​២​រូប ស្លៀក‌ពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះ‌អម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ តែ​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ នោះ​ម៉ារា-ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​មក​នាង។

ចែក​រំលែក
អាន យ៉ូហាន 20