យ៉ូប 11
11
ប្រសាសន៍របស់លោកសូផារ៖ លោកយ៉ូបមានកំហុសត្រូវទទួលទោស
1ពេលនោះ សូផារ ជាសាសន៍ណាអាម៉ា
ឆ្លើយឡើងថា៖
2«ដែលមានពាក្យសម្ដីជាច្រើនដល់ម៉្លេះ
តើមិនគួរឆ្លើយតទេឬ?
តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ?
3តើពាក្យអំនួតរបស់អ្នក
នឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ?
កាលណាអ្នកឡកឡឺយយ៉ាងនេះ
តើមិនត្រូវមានគេធ្វើឲ្យអ្នកខ្មាសដែរឬ?
4ដ្បិតអ្នកនិយាយថា
"គោលលទ្ធិរបស់ខ្ញុំស្អាតបរិសុទ្ធ
ខ្ញុំស្អាតស្អំនៅចំពោះព្រះនេត្ររបស់ព្រះ "។
5ឱបើព្រះនឹងមានព្រះបន្ទូលមក
ហើយបើកព្រះរឹមទាស់នឹងអ្នក
6ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់
សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញា
នោះអ្នកនឹងឃើញថា
ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង
ដូច្នេះ ចូរដឹងថា ព្រះយកទោសស្រាលជាង
សេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។
7តើអ្នកអាចស្វែងយល់
ពីសេចក្ដីជ្រាលជ្រៅរបស់ព្រះបានឬ?
តើអាចស្វែងយល់ពីដែនកំណត់របស់ព្រះ
ដ៏មានគ្រប់ព្រះចេស្តា បានឬ?
8សេចក្ដីនោះខ្ពស់ជាងស្ថានសួគ៌ ទៅទៀត
តើអ្នកអាចនឹងធ្វើយ៉ាងណា?
ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ ផង
ធ្វើដូចម្តេចឲ្យអ្នកដឹងបាន?
9បើវាស់ នោះក៏វែងជាងផែនដី
ហើយធំជាងសមុទ្រទៅទៀត។
10បើព្រះអង្គយាងកាត់ទៅ ហើយកោះឃុំអ្នកណា
ព្រមទាំងហៅប្រជុំជំនុំជម្រះ
តើអ្នកណាអាចនឹងឃាត់ព្រះអង្គបាន?
11ដ្បិតព្រះអង្គស្គាល់មនុស្សកំភូត
ព្រះអង្គក៏ឃើញអំពើទុច្ចរិត ឥតចាំពិចារណាផង
12មនុស្សល្ងីល្ងើនឹងមិនមានយោបល់សោះ
លុះត្រាតែសត្វលាព្រៃកើតមកជាមនុស្ស។
13បើអ្នកតាំងចិត្តត្រឹមត្រូវឡើង
ហើយប្រវាដៃទៅឯព្រះអង្គ
14ព្រមទាំងបោះបង់សេចក្ដីអាក្រក់
ដែលនៅដៃអ្នកចេញ
ហើយមិនឲ្យមានអំពើទុច្ចរិតណា
នៅក្នុងទីលំនៅរបស់អ្នកឡើយ។
15ប្រាកដជាអ្នកនឹងងើបមុខឡើង
ឥតមានប្រឡាក់អ្វីសោះ
អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីឡើយ។
16ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ
អ្នកនឹងនឹកចាំពីសេចក្ដីនោះ
ដូចជាចាំពីទឹកដែលហូរបាត់ហើយ។
17ជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់
ប្រសិនបើមានសេចក្ដីងងឹតខ្លះ
នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ។
18អ្នកនឹងបានសាន្តត្រាណ
ដោយព្រោះមានទីសង្ឃឹម
អ្នកនឹងមានអ្នកការពារជុំវិញ
ហើយសម្រាកដោយសុខសាន្ត។
19អ្នកនឹងដេកដោយឥតមានអ្នកណា
បំភ័យអ្នកឡើយ
ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក។
20ប៉ុន្តែ ភ្នែករបស់ពួកមនុស្សអាក្រក់វិញ
នឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន
ហើយសេចក្ដីសង្ឃឹមរបស់គេ
នឹងបានជាសេចក្ដីស្លាប់នោះ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies