យ៉ូប 27

27
លោក​យ៉ូប​អះអាង​ពី​ភាព​សុចរិត​របស់​គាត់
1លោក​យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ
របស់​លោក​ទៅ​ទៀត​ថា៖
2«ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ
ដែល​ព្រះ‌អង្គ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ
គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​ជូរ​ចត់
3កាល​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល
ហើយ​មាន​ខ្យល់​វិញ្ញាណ
នៃ​ព្រះ​នៅ​ក្នុង​រន្ធ​ច្រមុះ​ខ្ញុំ​នៅ​ឡើយ
4នោះ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​ពោល​សេចក្ដី​អាក្រក់
ហើយ​អណ្ដាត​ខ្ញុំ​ក៏​មិន​បញ្ចេញ
ពាក្យ​ភូត​ភរ​ឡើយ។
5ដែល​ខ្ញុំ​នឹង​ព្រម​ថា អ្នក​រាល់​គ្នា​និយាយ​ត្រូវ
សូម​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ
ខ្ញុំ​មិន​ព្រម​លះ​ចោល​សម្ដី​ដែល​ថា
ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង។
6ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ
ឲ្យ​ជាប់​លាប់​ឥត​លែង​ត​ទៅ
ក្នុង​កាល​ដែល​ខ្ញុំ​រស់​នៅ​ឡើយ
នោះ​ចិត្ត​មិន​ប្រកាន់​ទោស​ខ្ញុំ​ជា​ដរាប។
7សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ
ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ
បាន​រាប់​ជា​ទុច្ចរិត​ផង។
8ដ្បិត​ទោះ​បើ​មនុស្ស​ទមិឡ​ល្មើស​បាន​កម្រៃ​ក៏​ដោយ
តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី ក្នុង​កាល​ដែល​ព្រះ
ដក​យក​ព្រលឹង​គេ​ទៅ?
9តើ​ព្រះ​ឮ​សម្រែក​របស់​គេ
ក្នុង​កាល​ដែល​គេ​កើត​មាន​សេចក្ដី​លំបាក​ឬ?
10តើ​គេ​នឹង​យក​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ជា​ទី​ពេញ​ចិត្ត​សម្រាប់​គេ
ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ​រាល់​ពេល​វេលា​ដែរ​ឬ?
11ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​រាល់​គ្នា
យល់​ពី​ដំណើរ​ព្រះ‌ហស្ត​នៃ​ព្រះ
ដែល​មាន​នៅ​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
នោះ​ខ្ញុំ​មិន​គ្រប​បាំង​ឡើយ។
12អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​សេចក្ដី​ទាំង​នេះ​ហើយ
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា
កើត​មាន​គំនិត​ផ្តេស‌ផ្តាស​ដូច្នេះ?
13នេះ​ហើយ​ជា​ចំណែក​ដែល​ព្រះ​បម្រុង​ទុក
ដល់​មនុស្ស​អាក្រក់
គឺ​ជា​សេចក្ដី​ដែល​មនុស្ស​សង្កត់‌សង្កិន
ត្រូវ​ទទួល​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
14បើ​កាល​ណា​កូន​ចៅ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង
នោះ​គឺ​សម្រាប់​តែ​ដាវ​ប៉ុណ្ណោះ
ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិ‌ភោគ​ឆ្អែត​ទេ។
15ពួក​គេ​ដែល​សល់​នៅ នឹង​ត្រូវ​ស្លាប់
ហើយ​កប់​ទៅ
ឯ​ប្រពន្ធ​ដែល​នៅ​មេម៉ាយ
នោះ​មិន​យំ​សោក​ទេ។
16ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី
ក៏​ត្រៀម​ទុក​សម្លៀក‌បំពាក់​ដូច​ជា​ភក់
17នោះ​គេ​នឹង​រៀបចំ​បាន
តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក​ពាក់​វិញ
ហើយ​ពួក​អ្នក​ដែល​ផូរ‌ផង់​គេ​នឹង​ចែក​ប្រាក់​គ្នា
18ពួក​អាក្រក់​នោះ​គេ​សង់​ផ្ទះ​ខ្លួន ដូច​ជា​មេ​អំបៅ
ឬ​ដូច​ជា​រោង​អ្នក​ចាំ​ចម្ការ។
19គេ​ដេក​ទៅ​ទាំង​មាន​ទ្រព្យ
តែ​គ្មាន​អ្នក​ណា​រៀបចំ​កប់​ឲ្យ​ទេ
គេ​បើក​ភ្នែក​ឡើង ហើយ​គ្មាន​ខ្លួន​គេ​ទៀត។
20សេចក្ដី​ស្ញែង​ខ្លាច​ក៏​តាម​គេ​ទាន់ ដូច​ជា​ទឹក​ជន់
ខ្យល់​កួច​នាំ​យក​គេ​ទៅ​បាត់​ទាំង​យប់។
21ខ្យល់​ពី​ខាង​កើត​ផាត់​យក​គេ ឲ្យ​គេ​បាត់​ទៅ
ក៏​បោស​រំលីង​គេ​ចេញ​ពី​ទី​កន្លែង​របស់​គេ
22ព្រះ​បោះ​ទៅ​លើ​គេ​ឥត​ប្រណី
គេ​ចង់​រត់​គេច​ចេញ​ឲ្យ​រួច
ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ។
23មនុស្ស​ទាំង​ឡាយ​ទះ​ដៃ​ដាក់​គេ
ព្រម​ទាំងហួច​ចំអកឲ្យ​គេ
ចេញ​ពី​កន្លែង​របស់​គេ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល