យ៉ូប 29

29
លោក​យ៉ូប​បញ្ចប់​នូ​វ​ការ​ដោះ​សា​របស់​លោក
1លោក​យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ
របស់​លោក​ត​ទៅ​ទៀត​ថា៖
2«ឱ​ប្រសិន‌បើ​ខ្ញុំ​បាន​ដូច​ជា​កាល​ពី​ដើម
ដូច​នៅ​គ្រា​ដែល​ព្រះ​ការពារ​រក្សា​ខ្ញុំ​នោះ
3គឺ​កាល​ចង្កៀង​នៃ​ព្រះ‌អង្គ​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ
ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ព្រះ‌អង្គ
4គឺ​ដូច​កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​នៃ​ជីវិត
ហើយ​មាន​មិត្ត‌ភាព​នៃ​ព្រះ
នៅ​ក្នុង​ទី​លំនៅ​របស់​ខ្ញុំ
5ក្នុង​គ្រា​ដែល​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
គង់នៅ​ជា‌មួយ​ខ្ញុំ
ហើយ​ខ្ញុំ​មាន​កូន​ចៅ​នៅ​ជុំ‌វិញ
6ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង
ដោយ​ខ្លាញ់​ទឹក​ដោះ
ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ
7គ្រា​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ឯ​ទ្វារ​ទី​ក្រុង
ហើយ​បាន​រៀបចំ​កន្លែង​អង្គុយ​នៅ​ទី​ធ្លា
8ពួក​កំលោះៗ​បាន​ឃើញ​ខ្ញុំ​ហើយ ក៏​ថយ​ចេញ
និង​ពួក​ចាស់ៗ​បាន​ក្រោក​ឈរ​ឡើង
9ពួក​ដែល​ជា​កំពូល​ក៏​ឈប់​និយាយ
ហើយ​យក​ដៃ​ខ្ទប់​មាត់
10សំឡេង​នៃ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់
ក៏​ពោល​ដោយ​ខ្សឹប​គ្នា
អណ្ដាត​គេ​បាន​ជាប់​នៅ​នឹង​ក្រអូម​មាត់។
11ពេលត្រចៀក​អ្នក​ណា​បាន​ឮ គេ​ក៏​ឲ្យ​ពរ​ដល់​ខ្ញុំ
ហើយ​កាល​ភ្នែក​បាន​ឃើញ​ខ្ញុំ
នោះ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ
12ព្រោះ​ខ្ញុំ​បាន​ជួយ​ដោះ​មនុស្ស​ក្រីក្រ​ឲ្យ​បាន​រួច
ដែល​គេ​ស្រែក
ព្រម​ទាំង​ពួក​កំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ​ផង
13ពរ​របស់​មនុស្ស​ដែល​ហៀប​នឹង​វិនាស​ទៅ
ក៏​ផ្តល់​មក​ខ្ញុំ
ខ្ញុំ​ក៏​បណ្ដាល​ឲ្យ​ចិត្ត​ស្ត្រី​មេម៉ាយ
ច្រៀង​ដោយ​អំណរ
14ខ្ញុំ​បាន​តែង​កាយ​ដោយ​សេចក្ដី​សុចរិត
ហើយ​សេចក្ដី​នោះ​ក៏​ហ៊ុម​បាំង​ខ្ញុំ
សេចក្ដី​យុត្តិ‌ធម៌​របស់​ខ្ញុំ​បាន​ប្រៀប​ដូច​ជា​អាវ
និង​មកុដ​ដល់​ខ្ញុំ
15ខ្ញុំ​ជា​ភ្នែក​ដល់​មនុស្ស​ខ្វាក់
ហើយ​ជា​ជើង​ដល់​មនុស្ស​ខ្វិន
16ក៏​ជា​ឪពុក​ដល់​ពួក​អ្នក​កម្សត់
ហើយ​ខ្ញុំ​ក៏​ខំ​ពិនិត្យ​រក​ខុស​ត្រូវ
ក្នុង​រឿង​ក្តី​របស់​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ផង
17ខ្ញុំ​បាន​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត
ព្រម​ទាំង​កន្ត្រាក់​យក​រំពា​ពី​ធ្មេញ​របស់​គេ​ចេញ
18នោះ​ខ្ញុំ​បាន​នឹក​ថា "ខ្ញុំ​នឹង​ស្លាប់​ក្នុង​សម្បុក​ខ្ញុំ
ហើយ​នឹង​ចម្រើន​ថ្ងៃ​អាយុ​ខ្ញុំ​ដូច​ជា​ខ្សាច់
19ឫស​ខ្ញុំ​បាន​ចាក់​ទៅ​ដល់​ទឹក​ហើយ
ទឹក​សន្សើម​ក៏​នៅ​លើ​មែក​ខ្ញុំ​ទាល់​ព្រឹក
20កិត្តិ‌នាម​ខ្ញុំ​ចេះ​តែ​នៅ​ថ្មី
ហើយ​ធ្នូ​ខ្ញុំ​ក៏​ចេះ​តែ​ចម្រើន​កម្លាំង​នៅ​ដៃ​ខ្ញុំ​ជា‌និច្ច"។
21មនុស្ស​បាន​ផ្ទៀង​ត្រចៀក​ស្តាប់​ខ្ញុំ
គេ​នៅ​ស្ងៀម​ចាំ​ស្តាប់​គំនិត​ខ្ញុំ។
22កាល​ខ្ញុំ​ពោល​ចប់​ហើយ នោះ​គេ​ឥត​ថា​អ្វី​ទៀត
ពាក្យ​ខ្ញុំ​បាន​ស្រក់​ជោក​ទៅ​លើ​គេ។
23គេ​បាន​រង់‌ចាំ​ខ្ញុំ​ដូច​ជា​ចាំ​ភ្លៀង
ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំ
បែប​ដូច​ជា​ទន្ទឹង​ចាំ​ទទួល​ភ្លៀង​ចុង​រដូវ។
24កាល​គេ​ឥត​មាន​ទី​សង្ឃឹម
នោះ​ខ្ញុំ​បាន​ញញឹម​ដល់​គេ
ហើយ​គេ​មិន​បាន​ធ្វើ​ឲ្យ​មុខ​រីក‌រាយ
របស់​ខ្ញុំ​បាត់​ចេញ​ឡើយ។
25ខ្ញុំ​បាន​រើស​ផ្លូវ​ឲ្យ​គេ
ហើយ​បាន​អង្គុយ​ជា​ប្រធាន
ក៏​នៅ​កណ្ដាល​គេ​ដូច​ជា​ស្តេច
នៅ​កណ្ដាល​កង‌ទ័ព
ក៏​ជា​អ្នក​ជួយ​កម្សាន្ត​ចិត្ត
នៃ​ពួក​អ្នក​សោក‌សៅ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 29: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល