យ៉ូប 31

31
1ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ
ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ
ដោយ​ចាប់​ចិត្ត​បាន?
2ដ្បិត​យ៉ាង​នោះ តើ​នឹង​មាន​ចំណែក​អ្វី
ពី​ព្រះ​ដ៏​គង់​នៅ​ស្ថាន​លើ
តើ​នឹង​មាន​មត៌ក​អ្វី​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
នៅ​ស្ថាន​ដ៏​ខ្ពស់?
3តើ​មិន​មែន​ជា​សេចក្ដី​អន្តរាយ​ដល់​មនុស្ស​ទុច្ចរិត
ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក
ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ?
4តើ​ព្រះ‌អង្គ​មិន​ឃើញ​ផ្លូវ​ខ្ញុំ
ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ?
5បើ​ខ្ញុំ​បាន​ដើរ​ដោយ​សេចក្ដី​ភូត‌ភរ
ហើយ​ជើង​ខ្ញុំ​បាន​រហ័ស​ទៅ​តាម​សេចក្ដី​ល្បួង
6សូម​ឲ្យ​ព្រះ​ថ្លឹង​ខ្ញុំ ដោយ​ជញ្ជីង​ត្រឹម​ត្រូវ
ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ជ្រាប​គំនិត​ទៀង​ត្រង់​របស់​ខ្ញុំ។
7បើ​ជើង​ខ្ញុំ​បាន​ឈាន​ចេញ​ពី​ផ្លូវ
ហើយ​ចិត្ត​បាន​ទៅ​តាម​ភ្នែក
បើ​មាន​សេចក្ដី​ស្មោក‌គ្រោក​អ្វី​ជាប់​នៅ​ដៃ​ខ្ញុំ
8នោះ​សូម​ឲ្យ​ខ្ញុំ​សាប‌ព្រោះ
ហើយ​ម្នាក់​ទៀត​ស៊ី​ផល​ចុះ។
ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​រំលើង​ផល
ក្នុង​ស្រែ​ចម្ការ​ខ្ញុំ​ទាំង​អស់​ទៅ។
9បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល
នឹង​សេចក្ដី​លួង​លោម​របស់​ស្ត្រី​ណា
ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ
10នោះ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​បាន​កិន​ស្រូវ​ឲ្យ​ម្នាក់​ទៀត
ហើយ​ឲ្យ​មនុស្ស​ឯ​ទៀត​រួម​រស់​ជា‌មួយ​ចុះ។
11ដ្បិត​យ៉ាង​នោះ​ជា​ការ​មាន​ទោស​យ៉ាង​ធ្ងន់
ជា​អំពើ​ទុច្ចរិត​ដែល​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស
12នោះ​ជា​ភ្លើង​ដែល​ឆេះ​បន្សុស
រហូត​ដល់​ស្ថាន​វិនាស
ហើយ​នឹង​រំលើង​អស់​ទាំង​ផល​ចម្រើន​របស់​ខ្ញុំ។
13បើ​ខ្ញុំ​ដែល​មើល​ងាយ
រឿង​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ
ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ
14យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច
ក្នុង​កាល​ដែល​ព្រះ​ក្រោក​ឡើង
កាល​ណា​ព្រះ‌អង្គ​ពិចារ‌ណា​សួរ​ខ្ញុំ
តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្តេច?
15ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ
តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ?
តើ​មិន​មែន​ជា​ព្រះ​តែ​មួយ
ដែល​ស្អាង​យើង​ទាំង​ពីរ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ?
16បើ​ខ្ញុំ​បាន​ឃាត់​មិន​ឲ្យ​ពួក​ក្រីក្រ
បាន​តាម​បំណង​ចិត្ត
ឬ​បាន​ធ្វើ​ឲ្យ​ភ្នែក​នៃ​ស្ត្រី​មេម៉ាយ​ស្រវាំង
17ឬ​បើ​បាន​ទទួល​ទាន​អាហារ​តែ​ឯង​ម្នាក់
ឥត​ចែក​ឲ្យ​ដល់​ក្មេង​កំព្រាសោះ​នោះ
18(តែ​គ្មាន​ទេ ដ្បិត​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក
ក្មេង​កំព្រា​បាន​ធំ​ឡើង​ជា‌មួយ​ខ្ញុំ
ដូច​ជា​នៅ​នឹង​ឪពុក​ជា‌មួយ​គ្នា
ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក
នោះ​ខ្ញុំ​តែង‌តែ​នាំ​ផ្លូវ​ស្ត្រី​មេម៉ាយ​វិញ)
19បើ​ខ្ញុំ​ដែល​ឃើញ​អ្នក​ណា​វិនាស​ទៅ
ដោយ​ឥត​មាន​អ្វី​ស្លៀក​ពាក់
ឬ​អ្នក​កម្សត់​ទុគ៌ត​ឥត​មាន​អ្វី​ដណ្តប់​ខ្លួន
20បើ​ចង្កេះ​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ
បើ​គេ​មិន​បាន​កក់​ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​ទេ
21បើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ក្មេង​កំព្រា
ដោយ​ឃើញ​មនុស្ស
ដែល​បាន​ជួយ​ខ្ញុំ​នៅ​មាត់​ទ្វារ
22នោះ​សូម​ឲ្យ​ស្មា​ខ្ញុំ
បាន​សណ្តក​ចេញ​ពី​ឆ្អឹង​ស្លាប​ប្រចៀវ
ហើយ​ឲ្យ​ដៃ​ខ្ញុំ​ភ្លាត់​ពី​ឆ្អឹង​ចេញ​ចុះ។
23ដ្បិត​សេចក្ដី​អន្តរាយ​ដែល​មក​ពី​ព្រះ
នោះ​នាំ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច​ណាស់
ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​ខ្ពស់
ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​ធ្វើ​អ្វី​មិន​កើត។
24ខ្ញុំ​មិន​ដែល​ទុក​ចិត្ត​លើ​មាស
ឬយក​មាស​សុទ្ធ​ធ្វើ​ជា​ទី​ពឹង​របស់ខ្ញុំ​ឡើយ។
25បើ​ខ្ញុំ​បាន​រីក‌រាយ​សប្បាយ
ដោយ​ព្រោះ​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន
ហើយ​ដោយ​ព្រោះ​ដៃ​ខ្ញុំ​បាន​ប្រមូល​ជា​បរិបូរ
26បើ​ខ្ញុំ​បាន​មើល​ទៅ​ព្រះ‌អាទិត្យ
ក្នុង​កាល​ដែល​ចាំង​មក
ឬ​ទៅ​ព្រះ‌ចន្ទ​ដែល​ភ្លឺ​ត្រសែត​ទៅ
27រួច​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​ល្បួង​ដោយ​សម្ងាត់
ហើយ​មាត់​ក៏​បាន​ថើប​ដៃ​របស់​ខ្ញុំ
28យ៉ាង​នោះ​ក៏​ជា​ការ​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស​ដែរ
ដ្បិត​ដូច្នោះ ខ្ញុំ​បាន​លះ​ចោល​ព្រះ
ដែល​គង់​នៅ​ស្ថាន​លើ​ហើយ។
29បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ
ដោយ​ឃើញ​សេចក្ដី​ហិន‌វិនាស
របស់​អ្នក​ដែល​ស្អប់​ខ្ញុំ
ឬ​បំប៉ោង​ចិត្ត​ឡើង
ក្នុង​កាល​ដែល​សេចក្ដី​អាក្រក់​បាន​មក​ដល់​គេ
30(ប៉ុន្តែ គ្មាន​ទេ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់​ធ្វើ​បាប
ដោយ​ដាក់​បណ្ដាសា ដល់​ជីវិត​គេ​ឡើយ)។
31ប្រសិន​បើ​ពួក​មនុស្ស​នៅ​ទី​លំនៅ​ខ្ញុំ
មិន​បាន​ពោល​ថា
"តើ​មាន​អ្នក​ណា​ដែល​មិន​បាន​ឆ្អែត
ដោយ​អាហារ​របស់​គាត់?"
32(សូម្បី​តែ​ពួក​ដំណើរ
ក៏​មិន​បាន​ដេក​នៅ​នា​ផ្លូវ​ដែរ
ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ដែរ)។
33បើ​ខ្ញុំ​បាន​គ្រប​បាំង​អំពើ​រំលង​របស់​ខ្ញុំ
ដូច​ជា​មនុស្ស​លោក
ដោយ​លាក់​សេចក្ដី​អាក្រក់​ខ្ញុំ​នៅ​ក្នុង​ទ្រូង
34ព្រោះ​តែ​ខ្លាច​ចំពោះ​ហ្វូង​មនុស្ស
ហើយ​សេចក្ដី​មើល​ងាយ​របស់​គ្រួ​ផ្សេងៗ
បាន​នាំ​ឲ្យ​ខ្ញុំ​ភ័យ
ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​នៅ​ស្ងៀម
ឥត​ដែល​ចេញ​តាម​មាត់​ទ្វារ​សោះ
35ឱ​បើ​មាន​អ្នក​ណា​មួយ​ស្ដាប់​ខ្ញុំ
មើល៍ ខ្ញុំ​ចុះ​ឈ្មោះ​ហើយ
សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ឆ្លើយ​មក​ខ្ញុំ​ចុះ
ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ
បាន​ធ្វើ​ពាក្យ​ថ្លែង​ការទៅ។
36នោះ​ប្រាកដ​ជា​ខ្ញុំ​នឹង​យក​ទៅ​ដោយ​ភ្ជាប់​នឹង​ស្មា
ហើយ​ចង​ភ្ជាប់​នៅ​ក្បាល​ដូច​ជា​ក្បាំង
37ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​ពី​ចំនួន​ជំហាន​ខ្ញុំ
ហើយ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ
ដូច​អ្នក​ប្រធាន​ណា​មួយ។
38ប្រសិន‌បើ​ដី​ស្រែ​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ
ហើយ​គន្លង​ទាំង​ប៉ុន្មាន​យំ​ជា‌មួយ​គ្នា
39បើ​ខ្ញុំ​បាន​បរិ‌ភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ
ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​នោះ
40សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង
ជំនួស​ស្រូវ​ភោជ្ជ‌សាលី
ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱក​វិញ​ចុះ»។
ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល