យ៉ូប 8

8
លោក​ប៊ីល‌ដាដ​មាន​ប្រសាសន៍​ថា៖ លោក​យ៉ូប​ត្រូ​វ​ប្រែ​ចិត្ត
1លោក​ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា ឆ្លើយ​ឡើង​ថា៖
2«តើ​អ្នក​នឹង​ពោល​សេចក្ដី​យ៉ាង​ដូច្នេះ
ដល់​កាល​ណា
ហើយ​បព្ចោញ​វាចា​ដូច​ជា​ខ្យល់​ព្យុះ
ដល់​កាល​ណា​ទៀត?
3តើ​ព្រះ​បង្ខូច​យុត្តិ‌ធម៌​ឬ?
តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
ព្រះ‌អង្គ​ដែល​បង្ខូច​សេចក្ដី​សុចរិត​ដែរ​ឬ?
4ប្រសិន‌បើ​កូនៗ​របស់​អ្នក
បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​ប្រគល់​គេ ទៅ​ក្នុង​អំណាច
នៃ​សេចក្ដី​កំហុស​របស់​គេ។
5បើ​អ្នក​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត
ហើយ​ទូល​អង្វរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
6បើ​ខ្លួន​អ្នក​បរិសុទ្ធ ហើយ​ទៀង​ត្រង់
នោះ​ប្រាកដ​ជា​ព្រះ‌អង្គ​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក
ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក
បាន​ចម្រើន​ឡើង​វិញ។
7យ៉ាង​នោះ ទោះ​បើ​ខាង​ដើម​នៃ​អ្នក
បាន​តូច​ទាប​ក៏​ដោយ
គង់​តែ​ដល់​ចុង​បំផុត
អ្នក​នឹង​បាន​ចម្រើន​ជា​ធំ​ឡើង។
8ចូរ​ស៊ើប​សួរ​រក​ពី​តំណ​មនុស្ស​ដែល​កន្លង​ទៅ
ហើយ​ត្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី
ដែល​បុព្វ‌បុរស​គេ​បាន​ស្វែង​រក​ឲ្យ​ចេះ​ចុះ
9ដ្បិត​យើង​រាល់​គ្នា​ទើប​តែ​នឹង​កើត​មក
ពី​ម្សិល​មិញ​នេះ​ឯង ឥត​ដឹង​អ្វី​ឡើយ
ព្រោះ​អាយុ​យើង​នៅ​ផែនដី​នេះ
ជា​ស្រមោល​ប៉ុណ្ណោះ
10ឯ​អ្នក​ទាំង​នោះ តើ​មិន​បង្រៀន
ហើយ​ថ្លែង​ប្រាប់​ដល់​អ្នក
ព្រម​ទាំង​ពោល​ពាក្យ​បញ្ចេញ​ពី​ចិត្ត​គេ​ទេ​ឬ?
11តើ​ដើម​កក់​ដុះ​ដោយ​ឥត​ភក់​បាន​ឬ?
ឯ​ដើម​ផ្នក់​ទឹក តើ​នឹង​ដុះ​ដោយ​ឥត​ទឹក​បាន​ឬ​ទេ?
12កាល​ដើម​នោះ​នៅ​ខៀវ​ស្រស់
ឥត​អ្នក​ណា​កាត់​នៅ​ឡើយ
នោះ​ក៏​នឹង​ស្វិត​ក្រៀម​ទៅ​មុន​តិណ‌ជាតិ​ឯ​ទៀត។
13ឯ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​ដែល​ភ្លេច​ព្រះ
នោះ​ក៏​ដូច្នោះ​ដែរ
ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទមិឡ​ល្មើស
នឹង​ត្រូវ​វិនាស​ទៅ​ដែរ។
14ជា​ពួក​មនុស្ស​ដែល​ទី​ពឹង​របស់​គេ
នឹង​ត្រូវ​បាក់​ដាច់​ចេញ
ឯ​ទី​សង្ឃឹម​របស់​គេ គឺ​ជា​មង
នៃ​ពីងពាង​ប៉ុណ្ណោះ។
15អ្នក​នោះ​នឹង​ផ្អែក​ទៅ​លើ​ផ្ទះ​ខ្លួន
តែ​ផ្ទះ​នោះ​នឹង​រលំ​ទៅ
គេ​នឹង​ចាប់​យឹត​ផ្ទះ​នោះ តែ​មិន​ធន់​នៅ​ទេ។
16អ្នក​នោះ​ចម្រើន​លូត​លាស់​នៅ​ក្រោម​ពន្លឺ​ថ្ងៃ
ហើយ​បែក​មែក​សាខា​ក្នុង​សួន‌ច្បារ។
17ឯ​ឫស​ចាក់​ស្រេះ​ទៅ​ក្នុង​ថ្ម
ក៏​រក​រហូត​ដល់​បាន​ប្រទះ​នឹង​ដុំ​ថ្ម។
18បើ​កាល​ណា​ត្រូវ​រំលើង​ចេញ​ពី​កន្លែង
នោះ​កន្លែង​របស់​វា​មិន​ព្រម​ស្គាល់​ទៀត​ឡើយ
គឺ​ដោយ​ពាក្យ​ថា យើង​មិន​បាន​ឃើញ​ឯង​ទេ។
19មើល៍ នេះ​ហើយ​ជា​ផល​ដែល​កើត​ពី​ផ្លូវ​របស់​វា
រួច​មក​មាន​ផ្សេង​ទៀត​ពន្លក​ចេញ​ពី​ដី​ឡើង។
20មើល៍ ព្រះ​មិន​ដែល​លះ‌បង់
មនុស្ស​គ្រប់​លក្ខណ៍
ឬ​ទប់​ទល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។
21ដល់​ចុង​បំផុត ព្រះ‌អង្គ​នឹង​ឲ្យ​មាត់​អ្នក
បាន​ពេញ​ដោយ​សំណើច
ហើយ​ឲ្យ​បបូរ​មាត់​អ្នក​បាន​ស្រែក​ឡើង
ដោយ​អំណរ​វិញ។
22ឯ​ពួក​ដែល​ស្អប់​អ្នក
គេ​នឹង​មាន​សេចក្ដី​ខ្មាស​រួប​រឹត​ខ្លួន
នោះ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់
នឹង​សូន្យ​បាត់​ទៅ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល