យ៉ូអែល 1:13-20

យ៉ូអែល 1:13-20 គកស១៦

ឱ​ពួក​សង្ឃ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​បម្រើ​ការ‌ងារនៅ​អាសនា​អើយ ចូរ​ទ្រហោរ​យំ​ទៅ ឱ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​ចូល​មក ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ទៅ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់ នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ញែក​ពិធី​តម​អាហារ​ឲ្យ​បាន​បរិសុទ្ធ ចូរ​ប្រកាស​ឲ្យ​មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក ត្រូវ​ប្រមូល​ពួក​ចាស់ទុំ និង​ពួក​អ្នក​ស្រុក​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ទៅ។ វរ​ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ជា​ការ​បំផ្លាញ មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ។ តើ​អាហារ​មិន​បាន​រលាយ​បាត់​ពី​ភ្នែក​របស់​យើង ហើយ​អំណរ និង​ការ​សប្បាយ​រីក‌រាយ ពី​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​ទៀត​ទេ​ឬ? គ្រាប់​ពូជ​ពង្រោះ​រលួយ​អស់​នៅ​ក្នុង​ដី ឃ្លាំង​នៅ​ទទេ ហើយ​ជង្រុក​ស្រូវ​ក៏​រលំ​អស់ ព្រោះ​ស្រូវ​ស្វិត​ក្រៀម​អស់​ហើយ។ អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ ហ្វូង​គោ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ស្មៅ​ស៊ី​សោះ ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​រីង​រៃ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​ព្រះ‌អង្គ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន ហើយ​អណ្ដាត​ភ្លើង​បាន​ឆេះ អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ។ សូម្បី​តែ​សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន ក៏​ដង្ហក់​រក​ព្រះ‌អង្គ​ដែរ ព្រោះ​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ទៅ ហើយ​ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ នៅ​ទី​រហោ‌ស្ថាន​អស់​ដែរ។

អាន យ៉ូអែល 1