យ៉ូអែល 1:13-20

យ៉ូអែល 1:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​ទៅ! អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខងារ​បម្រើ​អាសនៈ ចូរ​សោក​សង្រេង​ទៅ! អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។ ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន នៅ​ក្នុង​ស្រុក​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ​ទៅ! ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត យាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។ ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់ ពី​មុខ​ពួក​យើង ហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយ ទៀត​ដែរ។ គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់ ជង្រុក​ស្រូវ​នៅ​ទទេ ឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់ ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។ ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរ ហ្វូង​គោ​ខ្ចាត់​ព្រាត់​ទៅ​គ្រប់​ទី​កន្លែង ព្រោះ​គ្មាន​ស្មៅ​ស៊ី សូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ដ្បិត​ភ្លើង​ឆេះ​កម្ទេច​វាល​ស្មៅ អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​តាម​ចម្ការ។ សូម្បី​តែ​សត្វ​ព្រៃ​ក៏​បែរ​មុខ​ទៅ​រក​ព្រះអង្គ​ដែរ ដ្បិត​ប្រភព​ទឹក​ទាំង‌ឡាយ​រីង​ស្ងួត​អស់ ហើយ​វាល​ស្មៅ​ក៏​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ដែរ។

ចែក​រំលែក
អាន យ៉ូអែល 1

យ៉ូអែល 1:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពួក​សង្ឃ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​បម្រើ​ការ‌ងារនៅ​អាសនា​អើយ ចូរ​ទ្រហោរ​យំ​ទៅ ឱ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​ចូល​មក ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ទៅ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់ នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ញែក​ពិធី​តម​អាហារ​ឲ្យ​បាន​បរិសុទ្ធ ចូរ​ប្រកាស​ឲ្យ​មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក ត្រូវ​ប្រមូល​ពួក​ចាស់ទុំ និង​ពួក​អ្នក​ស្រុក​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ទៅ។ វរ​ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ជា​ការ​បំផ្លាញ មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ។ តើ​អាហារ​មិន​បាន​រលាយ​បាត់​ពី​ភ្នែក​របស់​យើង ហើយ​អំណរ និង​ការ​សប្បាយ​រីក‌រាយ ពី​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​ទៀត​ទេ​ឬ? គ្រាប់​ពូជ​ពង្រោះ​រលួយ​អស់​នៅ​ក្នុង​ដី ឃ្លាំង​នៅ​ទទេ ហើយ​ជង្រុក​ស្រូវ​ក៏​រលំ​អស់ ព្រោះ​ស្រូវ​ស្វិត​ក្រៀម​អស់​ហើយ។ អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ ហ្វូង​គោ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ស្មៅ​ស៊ី​សោះ ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​រីង​រៃ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​ព្រះ‌អង្គ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន ហើយ​អណ្ដាត​ភ្លើង​បាន​ឆេះ អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ។ សូម្បី​តែ​សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន ក៏​ដង្ហក់​រក​ព្រះ‌អង្គ​ដែរ ព្រោះ​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ទៅ ហើយ​ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ នៅ​ទី​រហោ‌ស្ថាន​អស់​ដែរ។

ចែក​រំលែក
អាន យ៉ូអែល 1

យ៉ូអែល 1:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​សង្ឃ​អើយ ចូរ​ក្រវាត់​ខ្លួន​ឡើង ហើយ​ទួញ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ចំពោះ​អាសនា​អើយ ចូរ​ទ្រហោ‌យំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ​នៃ​ខ្ញុំ​អើយ ចូរ​មក​ដេក​គ្រលុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​អស់​១​យប់​ចុះ ដ្បិត​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច ត្រូវ​ឃាំង​នៅ មិន​ឲ្យ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ចូរ​ញែក​ពេល​ចេញ ដើម្បី​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ ត្រូវ​ឲ្យ​ប្រមូល​ពួក​ចាស់ៗ នឹង​ពួក​អ្នក​ស្រុក​ទាំង​អស់​ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទៅ។ វរ‌ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​ការ​បំផ្លាញ​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឯ​អាហារ តើ​មិន​បាន​ដាច់​ចេញ​ពី​ចំពោះ​ភ្នែក​យើង ព្រម​ទាំង​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ ពី​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​ផង​ទេ​ឬ​អី ឯ​ពូជ​ពង្រោះ​ក៏​ពុក‌រលួយ​នៅ​ក្រោម​បំណែក​ដី ជង្រុក​ទាំង​ប៉ុន្មាន​ក៏​នៅ​ទទេ ហើយ​ក្រង់​ស្រូវ​ក៏​រលំ​អស់​ហើយ ពី​ព្រោះ​ស្រូវ​បាន​ស្វិត​ក្រៀម​ទៅ អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ​ស៊ាន ហ្វូង​គោ​ត្រូវ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ទី​គង្វាល​រក​ស៊ី​សោះ អើ​ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​វិនាស​ដែរ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​អំពាវ‌នាវ​ដល់​ទ្រង់ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន ហើយ​អណ្តាត​ភ្លើង​បាន​ឆេះ​អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ អើ សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន​ក៏​ដង្ហក់​រក​ទ្រង់ ពី​ព្រោះ​អស់​ទាំង​ជ្រោះ​ទឹក​បាន​រីង​ស្ងួត​ទៅ ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​អស់​ហើយ។

ចែក​រំលែក
អាន យ៉ូអែល 1