យ៉ូស្វេ 18

18
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ
1បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។
2ប៉ុន្ដែ ក្នុង​ចំណោម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មាន​កុល‌សម្ព័ន្ធ​ប្រាំពីរ ដែល​មិន​ទាន់​បាន​ទទួល​ចំណែក​មត៌ក​នៅ​ឡើយ។ 3ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​អែ​អង់​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រទានឲ្យ? 4ក្នុង​កុល​សម្ព័ន្ធ​នីមួយៗ ចូរ​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នោះ។ គេត្រូវ​សរសេរ​អំ​ពី​ស្ថាន​ភាព​ស្រុក​នោះ តាម​ចំណែក​មត៌ក​របស់​គេ រួច​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ។ 5គេ​ត្រូវ​ចែក​ទឹក​ដី​នោះ​ជា​ប្រាំពីរ​ចំណែក គឺ​ពួក​យូដា​ត្រូវ​នៅ​ជាប់​ក្នុង​ទឹក​ដី​របស់​គេ​នៅ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ទឹក​ដី​របស់​គេ​នៅ​ខាង​ជើង។ 6ត្រូវ​សរសេរ​អំពី​ស្ថាន​ភាពស្រុក​នោះ ជា​ប្រាំពីរ​ចំណែក ហើយ​យក​របាយ​ការណ៍​នោះ​មក​ឲ្យ​ខ្ញុំនៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​អ្នក​រាល់​គ្នានៅ​ទី​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង។ 7ប៉ុន្ដែ ពួក​លេវី​គ្មាន​ចំណែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ដ្បិត​ការ‌ងារ​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា ជា​មត៌ក​របស់​គេ។ ឯ​ពួក​កាដ ពួក​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​ទទួល​មត៌ក​របស់​ខ្លួន ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត»។
8ដូច្នេះ បុរស​ទាំង​នោះ​ក៏​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​លោក​យ៉ូស្វេ​ផ្ដាំ​អស់​អ្នក​ដែល​ទៅ​នោះ​ឲ្យ​សរសេរ​អំពីស្ថាន​ភាព​ស្រុក​នោះ ដោយ​បង្គាប់​ថា៖ «ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​សរសេរ​អំពី​ស្ថាន​ភាព​ស្រុក​នោះ រួច​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស៊ីឡូរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។ 9ដូច្នេះ បុរស​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក រួចកត់​ត្រា​ក្នុង​សៀវ​ភៅ​មួយ​អំពី​ស្ថាន​ភាព​ក្រុង​នានា​ក្នុង​ស្រុក​នោះ ជា​ប្រាំពីរ​ចំណែក ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅជំរំ​ត្រង់​ស៊ីឡូរ​វិញ 10លោក​យ៉ូស្វេ​ក៏ចាប់​ឆ្នោត​ឲ្យ​ពួក​គេនៅ​ស៊ីឡូរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ លោក​យ៉ូស្វេ​ចែក​ទឹក​ដី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដល់​កុល​សម្ព័ន្ធ​នីមួយៗ តាម​ចំណែក​រៀងៗ​ខ្លួន។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេនយ៉ាមីន
11ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ហើយ​ទឹក​ដី​របស់​គេ ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប។ 12ព្រំប្រទល់​ខាង​ជើង​នៃទឹក​ដី​របស់​គេ ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​ទៅជម្រាល​ខាង​ជើង​ក្រុង​យេរីខូរ រួច​បន្ត​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ ហើយ​ផុត​ត្រង់​ទី​រហោ‌ស្ថាន​បេត-អាវេន។ 13បន្ទាប់​មក ព្រំ​ប្រទល់​បត់​ចេញពី​ទី​នោះ ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស (គឺ​ជា​ក្រុង​បេត-អែល) រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម។ 14ព្រំ​ប្រទល់​ខាង​លិច​បន្ត​តម្រង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ទល់​មុខ​នឹង​បេត-ហូរ៉ុន ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល (គឺ​គារយ៉ាត់-យារីម) ជា​ក្រុង​របស់​ពួក​កូន​ចៅ​យូដា។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​លិច។ 15ឯ​ព្រំ​ប្រទល់​ខាង​ត្បូង ចាប់​ផ្ដើម​ត្រង់​ជាយ​ក្រុង​គារយ៉ាត់-យារីម ទៅ​ដល់​អេប្រុន រហូត​ដល់​ក្បាល​ទឹក​ណែប‌ត្វា។ 16បន្ទាប់​មក ព្រំ​ប្រទល់​ចុះ​ទៅ​ដល់​ចុង​ភ្នំ ដែល​នៅ​ទល់​មុខ​ជ្រលង​ភ្នំ​បេន-ហ៊ីន‌ណម នៅ​ខាង​ជើង​នៃ​ជ្រលង​ភ្នំ​រេផែម ហើយ​ចុះ​ទៅ​ដល់​ជ្រលង​ភ្នំ​ហ៊ីន‌ណម ត្រង់​ជម្រាល​ខាង​ត្បូង​ក្រុង​យេប៊ូស ចុះ​ទៅ​អេន-រ៉ូកេល។ 17បន្ទាប់​មក​ទៀត ព្រំ​ប្រទល់​បត់​ទៅ​ខាង​ជើង ទៅ​ដល់​អេន-សេមែស ហើយ​ចេញ​ទីនោះ​ទៅ​ដល់​កេលី‌ឡូត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម រួច​ចុះ​ទៅ​ដល់​ផ្ទាំង​ថ្មរបស់​បូហាន ជា​កូន​រូបេន 18ហើយ​កាត់​តាម​ជម្រាល​ខាង​ជើង​បេត-អារ៉ា‌បា រួច​ចុះ​ទៅ​ដល់​អារ៉ាបា។ 19ព្រំ​ប្រទល់​នោះ​បន្ត​តាម​ជម្រាល​ខាង​ជើង​បេត-ហុក‌ឡា មក​ផុត​ត្រឹម​ឈូង​សមុទ្រ​ស្លាប់ ខាង​ជើង ត្រង់​ចុង​ខាង​ត្បូង​ទន្លេ​យ័រដាន់។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ខាង​ត្បូង។ 20ឯ​ព្រំ​ប្រទល់​ខាង​កើត គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ព្រម​ទាំង​ព្រំ‌ប្រទល់​ដែល​នៅ​ជុំ‌វិញ។
21រីឯ​ក្រុង​ទាំង​ប៉ុន្មាន​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ គឺ​យេរីខូរ បេត-ហុក‌ឡា អេមាក់-កេសីស 22បេត-អារ៉ា‌បា សេម៉ា‌រែម បេត-អែល 23អាវីម ប៉ារ៉ា អូប្រា 24កេផា-អាំម៉ូនី អូបនី និង​កេបា ទាំង​អស់​មាន​ដប់​ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ 25ក្រុង​គីបៀន រ៉ាម៉ា ប្អៀរ៉ុត 26មីស‌ប៉ា កេភីរ៉ា ម៉ូសា 27រេគេម យារពាល តារ៉ាឡា 28សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល