យ៉ូស្វេ 19

19
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន
1ឆ្នោត​ទី​ពីរ​ត្រូវ​ចំ​លើ​ស៊ីម្មាន គឺ​សម្រាប់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​ពូជ​អំបូរ​របស់​គេ។ មត៌ក​របស់​គេ​ស្ថិត​នៅកណ្ដាល​មត៌ក​របស់​ពួក​កូន​ចៅ​យូដា។ 2មត៌ក​របស់​គេ គឺ​ក្រុង​ប្អៀរ-សេបា សេបា ម៉ូឡាដា 3ហាសា-ស៊ូអាល បាឡា អាសែម 4អែល‌ថូឡាត បេធូល ហោម៉ា 5ស៊ីក‌ឡាក់ បេត-ម៉ារកា‌បូត ហាសា-ស៊ូសា 6បេត-ល្បា‌អូត និង​សារូ‌ហែន គឺ​ទាំង​អស់​មាន​ដប់​បី​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ 7ក្រុង​អាយីន រីម៉ូន អេធើរ ហើយ​អាសាន ទាំង​អស់​មាន​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ 8និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​បាអាឡាត-ប្អៀរ និង​រ៉ាម៉ាត ដែល​នៅ​ស្រុក​ត្បូង។ នេះ​ហើយ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​ពូជ​អំបូរ​របស់​គេ។ 9ឯ​មត៌ក​របស់​ពួក​កូន​ចៅ​ស៊ីម្មាន គឺ​បាន​ដក​យក​ពី​ចំណែក​របស់​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន បាន​មត៌ក​នៅ​កណ្ដាល​មត៌ក​របស់​ពួក​យូដា។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់‌យូឡូន
10ឆ្នោត​ទី​បីត្រូវ​ចំ​លើ​ពួក​កូន​ចៅ​សាប់‌យូឡូន តាម​ពូជ​អំបូរ​របស់​គេ ឯ​ទឹក​ដី​ជា​មត៌ក​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សារីឌ។ 11ព្រំប្រទល់របស់​គេ​ឡើង​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត រួច​ទៅ​ដល់​ស្ទឹង​ដែល​នៅ​ខាង​កើត​យ៉ុកនាម។ 12ចេញ​ពី​សារីឌ ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ដល់​ព្រំ​ប្រទល់​គីស្លូត-តា‌បោរ ហើយ​បន្ត​ទៅ​ដល់​ដាប្រាត រួច​ឡើង​ទៅ​ដល់​យ៉ាភា។ 13ចេញ​ពី​ទី​នោះ​បន្ត​ទៅ​ខាង​កើត ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ទៅ​ដល់​គីតា-ហេ‌ភើរ និង​អ៊ីតា-កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​នេយ៉ា 14នៅ​ខាង​ជើង ព្រំ​ប្រទល់​នេះ​បត់ឆៀង​ទៅ​ដល់​ហា‌ណា‌ថូន ហើយ​ទៅ​ផុតត្រង់​ជ្រលង​ភ្នំ​យីប‌ថា-អែល 15និង​ក្រុង​កាថាត ណា‌ហា‌ឡាល ស៊ីមរ៉ុន យីដា‌ឡា និង​បេថ្លេ‌ហិម ទាំង​អស់​មាន​ដប់ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ 16ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​ពួក​កូន​ចៅ​សាប់‌យូឡូន តាម​ពូជ​អំបូរ​របស់​គេ។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ
17ឆ្នោត​ទី​បួន​ត្រូវ​ចំ​លើ​ពួក​អ៊ីសា‌ខារ គឺសម្រាប់​ពួក​កូន​ចៅ​អ៊ីសា‌ខារ តាម​ពូជ​អំបូរ​របស់​គេ។ 18ទឹក​ដី​របស់​គេ​រួម​មាន ក្រុង​យេស‌រាល គីសា‌ឡូត ស៊ូណែម 19ហាផា‌រែម ស៊ីអូន អាណា‌ក្រាត 20រ៉ាប៊ីត គីស‌យ៉ូន អាបែស 21រេមែត អេន-កានីម អេន-ហាដា និង​បេត‌ផាសេ។ 22ព្រំ​ប្រទល់​ជាប់​នឹង​ក្រុង​តាបោរ សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ព្រំ​ប្រទល់​នេះ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ 23ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​អ៊ីសា‌ខារ តាម​ពូជ​អំបូរ​របស់​គេ។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេស៊ើរ
24ឆ្នោត​ទីប្រាំ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធនៃ​ពួ​ក​កូន​ចៅ​អេស៊ើរ តាម​ពូជ​អំបូរ​របស់​គេ។ 25ទឹក​ដី​របស់​គេ​មាន​ក្រុង​ហេល‌កាត ហាលី បេថែន អាក‌សាប 26អាឡា‌ម្លេក អាម្អាត និង​មីសាល។ នៅ​ខាង​លិចជាប់​នឹង​ភ្នំ​កើមែល និង​ស៊ីហោរ-លីប‌ណាថ 27រួច​បត់​ទៅ​ទិស​ខាង​កើត ទៅ​ដល់​បេត-ដាកុន ហើយ​ជាប់​នឹង​សាប់‌យូឡូន និង​ជ្រលង​ភ្នំ​យីបថា-អែល រួច​បន្ត​ទៅ​ខាង​ជើង ដល់​បេត-អេមែក និង​ណេអែល ហើយ​បន្ត​ទៅ​ខាង​ជើង រហូត​ដល់ក្រុង​កាបួល 28អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ។ 29បន្ទាប់​មក ព្រំ​ដែន​នោះ​បត់​ទៅ​រ៉ាម៉ា រហូត​ដល់​ទីរ៉ុស ជា​ក្រុង​ដែល​មាន​កំផែង​ការ​ពារ រួច​បត់​ទៅ​ដល់​ហូសា ហើយ​ទៅ​ផុត​ត្រឹម​សមុទ្រ។ ទឹក​ដី​នោះក៏​រាប់​ទាំងក្រុង​ម៉ាហាឡាប អាក់ស៊ីប 30អ៊ូម៉ា អាផែក និង​រេហុប។ ទាំង​អស់​មាន​ម្ភៃពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ 31ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធនៃ​ពួក​កូន​ចៅ​អេស៊ើរ តាម​ពូជ​អំបូរ​របស់​គេ។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី
32ឆ្នោត​ទី​ប្រាំមួយ​ត្រូវ​ចំ​លើ​ពួក​កូន​ចៅ​ណែប‌ថា‌លី គឺសម្រាប់​ពួក​កូន​ចៅ​ណែប‌ថា‌លី តាមពូជ​អំបូរ​របស់​គេ។ 33ឯ​ព្រំ‌ប្រទល់​របស់​គេ​លាត​សន្ធឹង​ពី​ហេឡែប ពី​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម តាម​អាដា‌មី-នេកេប និង​យ៉ាបនាល រហូត​ដល់​ឡាគូម ហើយ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ 34បន្ទាប់​មក ព្រំ​ប្រទល់​បត់​ទៅ​ខាង​លិច ដល់​អាស‌ណូត-តា‌បោរ ហើយ​ពី​ទី​នោះ​ទៅ​ដល់​ហ៊ូកុក ជាប់​នឹង​សាប់‌យូឡូន​ខាង​ត្បូង និង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​ស្រុក​យូដា​នៅខាង​កើតត្រង់​ទន្លេ​យ័រដាន់។ 35ក្រុង​ដែល​មាន​កំផែង​ការ​ពារ មាន​ស៊ី‌ឌីម សេរ ហាំម៉ាត រ៉ាកាត គីនេ‌រ៉ែត 36អាដាម៉ា រ៉ាម៉ា ហាសោរ 37កេដែស អេទ្រី អេន-ហាសោរ 38យីរ៉ូន មីក‌ដាល-អែល ហូរែម បេត-អា‌ណាត និង​បេត-សេមែស ទាំង​អស់​មាន​ដប់​ប្រាំបួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ 39ក្រុង​ទាំង​នេះ និង​ភូមិនានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ណែប‌ថា‌លី តាម​ពូជ​អំបូរ​របស់​គេ។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់
40ចាប់​ឆ្នោត​ទី​ប្រាំពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ដាន់ តាម​ពូជ​អំបូរ​របស់​គេ។ 41ឯ​ទឹក​ដីដែល​ជា​ចំណែក​មត៌ក​របស់​គេ មាន​ក្រុង​សូរ៉ាស់ អែស‌ថោល អ៊ារ-សេ‌មែស 42ស្អាឡា‌ប៊ីន អាយ៉ា‌ឡូន យីត‌ឡា 43អេឡូន ធីម‌ណា អេក្រុន 44អែល‌ថ្កេរ គីប‌ថោន បាអាឡាថ 45យេហ៊ូដ បេនេ-បេរ៉ាក កាថ-រីម៉ូន 46មេយ៉ារ‌កុន រ៉ាកុន ព្រម​ទាំង​ទឹក​ដី​នៅ​ទល់​មុខ​ក្រុង​យ៉ុប‌ប៉េ។ 47ពេល​ពួក​កូន​ចៅ​ដាន់​បាត់​បង់​ទឹក​ដី​របស់​ខ្លួន ពួក​កូន​ចៅ​ដាន់​ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​លេសែម ហើយដណ្ដើម​យក​ក្រុង​នោះ ដោយ​ប្រហារ​អ្នក​ក្រុង​ដោយ​មុខ​ដាវ គេកាន់​កាប់​ក្រុង​នោះ​ជា​កេរ‌អាករ រួច​តាំង​ទី​លំនៅក្នុង​ក្រុង​នោះ ទាំង​ហៅក្រុង​លេសែម​នោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​បុព្វ‌បុរស​របស់​គេ។ 48ក្រុង​ទាំង​នោះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ដាន់ តាមពូជអំបូររបស់​គេ។
ចំណែក​មត៌ក​របស់​លោក​យ៉ូស្វេ
49កាល​គេ​បាន​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ​ដល់​គ្នា​ជា​មត៌ក​រួច​ហើយ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ប្រគល់​មត៌ក​មួយ​ចំណែក នៅ​កណ្ដាល​ពួក​គេ​ដល់​លោក​យ៉ូស្វេ ជា​កូន​លោក​នុន ទុក​ជា​មត៌ក។ 50គេ​ប្រគល់​ក្រុង​ធីមណាត-សេរ៉ា នៅ​ស្រុក​ភ្នំ​របស់​អេប្រាអិម ជូន​ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូចជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។
51នេះ​ហើយ​ជា​មត៌ក​ទាំង​ប៉ុន្មាន ដែល​សង្ឃ​អេលា‌សារ និងលោក​យ៉ូស្វេ ជា​កូនលោក​នុន ព្រម​ទាំងពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ចែក​ឲ្យ​ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ស៊ីឡូរ។ ដូច្នេះ គេ​ក៏​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល