យ៉ូស្វេ 20
20
ទីក្រុងជម្រក
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ 2«ចូរប្រាប់ពួកកូនចៅអ៊ីស្រាអែលថា "អ្នករាល់គ្នាត្រូវតាំងឲ្យមានទីក្រុងជម្រក ដូចយើងបានបង្គាប់អ្នកតាមរយៈម៉ូសេចុះ 3ដើម្បីឲ្យអ្នកណាដែលសម្លាប់គេដោយអចេតនា ឬដោយមិនដឹងខ្លួន បានរត់ទៅជ្រកកោននៅទីនោះ។ ទីក្រុងទាំងនោះនឹងបានជាទីជ្រកកោនដល់អ្នករាល់គ្នា ដើម្បីឲ្យរួចផុតពីអ្នកដែលសងសឹកនឹងឈាម។ 4អ្នកនោះត្រូវរត់ទៅទីក្រុងណាមួយក្នុងចំណោមទីក្រុងទាំងនោះ ហើយឈរនៅមាត់ទ្វារក្រុងប្រកាសប្រាប់ពីរឿងរ៉ាវរបស់ខ្លួនដល់ពួកចាស់ទុំនៅក្រុងនោះ រួចគេនឹងយកគាត់ចូលក្នុងក្រុង ហើយផ្ដល់កន្លែងមួយឲ្យស្នាក់នៅជាមួយពួកគេ។ 5ប្រសិនបើអ្នកសងសឹកនឹងឈាមដេញតាមគាត់ ពួកចាស់ទុំមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេ ទៅក្នុងកណ្ដាប់ដៃរបស់អ្នកនោះឡើយ ព្រោះគាត់បានសម្លាប់អ្នកជិតខាងខ្លួនដោយមិនដឹងខ្លួន ក៏មិនបានស្អប់អ្នកនោះពីមុនមកដែរ។ 6គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះ រហូតដល់មានការជំនុំជម្រះនៅចំពោះមុខក្រុមជំនុំ និងរហូតដល់សម្ដេចសង្ឃនៅគ្រានោះស្លាប់ ទើបអ្នកដែលបានសម្លាប់គេអាចវិលត្រឡប់មកផ្ទះរបស់ខ្លួន គឺជាក្រុងដែលគាត់បានរត់ចេញមកនោះវិញបាន"»។
7ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។ 8នៅត្រើយនាយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ គេជ្រើសរើសយកក្រុងបេស៊ើរ ក្នុងទីរហោស្ថាននៅលើតំបន់ខ្ពង់រាប ពីកុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ពីកុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសាន ពីកុលសម្ព័ន្ធម៉ាណាសេ។ 9នេះហើយជាទីក្រុងជម្រកដែលបានតាំងឡើងសម្រាប់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់មនុស្សដោយអចេតនា អាចរត់ទៅជ្រកកោននៅទីនោះ កុំឲ្យគេស្លាប់ដោយដៃរបស់អ្នកដែលសងសឹកនឹងឈាម រហូតទាល់តែមានការជំនុំជម្រះនៅមុខក្រុមជំនុំ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies