យ៉ូស្វេ 21
21
ទីក្រុងដែលបានចែកឲ្យកុលសម្ព័ន្ធលេវី
1បន្ទាប់មក ពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធលេវីនាំគ្នាចូលមកជួបសង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធកូនចៅអ៊ីស្រាអែល 2នៅស៊ីឡូរក្នុងស្រុកកាណាន ជម្រាបថា៖ «ព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ ឲ្យចែកក្រុងខ្លះមកយើងខ្ញុំជាទីលំនៅ ព្រមទាំងវាលស្មៅជុំវិញសម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ 3ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ញែកក្រុងទាំងនេះ ព្រមទាំងវាលស្មៅនៅជុំវិញ ពីក្នុងមត៌ករបស់ពួកគេ ឲ្យពួកលេវី តាមបង្គាប់របស់ព្រះយេហូវ៉ា។
4គេចាប់ឆ្នោតត្រូវចំលើពូជអំបូរនៃពួកកូនចៅកេហាត់។ ដូច្នេះ ពួកលេវីដែលជាកូនចៅរបស់សង្ឃអើរ៉ុន ចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីកុលសម្ព័ន្ធយូដា ស៊ីម្មាន និងបេនយ៉ាមីន។
5ពួកកូនចៅកេហាត់ឯទៀតៗចាប់ឆ្នោតបានក្រុងចំនួនដប់ ពីកុលសម្ព័ន្ធអេប្រាអិម ពីកុលសម្ព័ន្ធដាន់ និងពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។
6ពួកកូនចៅគើសុនចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីពូជអំបូរនៃកុលសម្ព័ន្ធអ៊ីសាខារ ពីកុលសម្ព័ន្ធអេស៊ើរ ពីកុលសម្ព័ន្ធណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ដែលនៅក្នុងស្រុកបាសាន។
7ពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ ទទួលបានក្រុងចំនួនដប់ពីរ ពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
8ពួកកូនចៅអ៊ីស្រាអែលបានចែកក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញ ឲ្យពួកលេវី ដោយចាប់ឆ្នោត ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ។
9ក្នុងកុលសម្ព័ន្ធនៃពួកកូនចៅយូដា និងកុលសម្ព័ន្ធនៃពួកកូនចៅស៊ីម្មាន គេបានចែកក្រុងដែលមានឈ្មោះដូចខាងក្រោម 10ឲ្យពូជអំបូរកេហាត់ ក្នុងពួកលេវី ជាកូនចៅរបស់លោកអើរ៉ុន ដ្បិតឆ្នោតដំបូងត្រូវចំលើពួកគេ។ 11ពួកគេឲ្យក្រុងគារយ៉ាត់-អើបាដល់ពួកនោះ (ឯអើបា ជាឪពុករបស់អ័ណាក់) គឺក្រុងហេប្រុន ក្នុងស្រុកភ្នំរបស់យូដា ព្រមទាំងវាលស្មៅជុំវិញ។ 12ប៉ុន្តែ ដីចម្ការ និងភូមិនានាដែលនៅជុំវិញក្រុង គេបានឲ្យដល់លោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។
13គេបានឲ្យក្រុងហេប្រុន និងវាលស្មៅជុំវិញ ដល់ពួកកូនចៅសង្ឃអើរ៉ុន ទុកជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងលិបណា និងវាលស្មៅជុំវិញ 14ក្រុងយ៉ាទារ និងវាលស្មៅជុំវិញ ក្រុងអែលធេម៉ូរ និងវាលស្មៅជុំវិញ 15ក្រុងហូឡូន និងវាលស្មៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅជុំវិញ 16ក្រុងអាយីន និងវាលស្មៅជុំវិញ ក្រុងយូថា និងវាលស្មៅជុំវិញ ក្រុងបេត-សេមែស និងវាលស្មៅជុំវិញ គឺទាំងអស់មានក្រុងប្រាំបួន ពីកុលសម្ព័ន្ធទាំងពីរនេះ។ 17ពីកុលសម្ព័ន្ធបេនយ៉ាមីន គេឲ្យក្រុងគីបៀន និងវាលស្មៅជុំវិញ ក្រុងគេបា និងវាលស្មៅជុំវិញ 18ក្រុងអាណាថោត និងវាលស្មៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅជុំវិញ គឺទាំងអស់មានបួនក្រុង។ 19ក្រុងរបស់ពួកកូនចៅសង្ឃអើរ៉ុន ទាំងអស់មានដប់បីក្រុង ព្រមទាំងវាលស្មៅជុំវិញ។
20ពួកលេវីក្នុងអំបូរឯទៀតៗនៃពួកកេកូនចៅកេហាត់ ទទួលបានក្រុងជាចំណែករបស់ខ្លួន ពីកុលសម្ព័ន្ធអេប្រាអិម។ 21គេឲ្យក្រុងស៊ីគែម និងវាលស្មៅជុំវិញដល់ពួកគេ នៅក្នុងស្រុកភ្នំអេប្រាអិម ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងកេស៊ើរ និងវាលស្មៅជុំវិញ 22ក្រុងគីបសែម និងវាលស្មៅជុំវិញ ក្រុងបេត-ហូរ៉ុន និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។ 23ពីកុលសម្ព័ន្ធដាន់ គេឲ្យក្រុងអែលថ្កេរ និងវាលស្មៅជុំវិញ ក្រុងគីបថោន និងវាលស្មៅជុំវិញ 24ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។ 25ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គេឲ្យក្រុងតាអាណាក និងវាលស្មៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅជុំវិញ ទាំងអស់មានពីរក្រុង។ 26ក្រុងរបស់អំបូរឯទៀតៗនៃពួកកូនចៅកេហាត់ ទាំងអស់មានដប់ក្រុង ព្រមទាំងវាលស្មៅជុំវិញ។
27ពួកកូនចៅគើសុន ជាអំបូរមួយក្នុងពួកលេវី គេឲ្យក្រុងខ្លះពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន ជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងវាលស្មៅជុំវិញ ហើយក្រុងបេអេសត្រា និងវាលស្មៅជុំវិញ ទាំងអស់មានពីរក្រុង។ 28ពីកុលសម្ព័ន្ធអ៊ីសាខារ គេឲ្យក្រុងគីសយ៉ូន និងវាលស្មៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅជុំវិញ 29ក្រុងយ៉ារមុត និងវាលស្មៅជុំវិញ ក្រុងអេន-កានីម និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។ 30ពីកុលសម្ព័ន្ធអេស៊ើរ គេឲ្យក្រុងមីសាល និងវាលស្មៅជុំវិញ ក្រុងអាបដូន និងវាលស្មៅជុំវិញ 31ក្រុងហេលកាត និងវាលស្មៅជុំវិញ ក្រុងរេហុប និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។ 32ពីកុលសម្ព័ន្ធណែបថាលី គេឲ្យក្រុងកេដេស ដែលនៅក្នុងស្រុកកាលីឡេ និងវាលស្មៅជុំវិញ ជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងហាម៉ាត-ដោរ និងវាលស្មៅជុំវិញ ក្រុងការថាន និងវាលស្មៅជុំវិញ ទាំងអស់មានបីក្រុង។ 33ក្រុងរបស់ពួកគើសុន តាមពូជអំបូររបស់គេ ទាំងអស់មានដប់បីក្រុង ព្រមទាំងវាលស្មៅជុំវិញ។
34ចំពោះពួកលេវីឯទៀតៗ គឺអំបូរម្រ៉ារី គេបានឲ្យក្រុងខ្លះ ពីកុលសម្ព័ន្ធសាប់យូឡូន គឺក្រុងយ៉ុកនាម និងវាលស្មៅជុំវិញ ក្រុងការថា និងវាលស្មៅជុំវិញ 35ក្រុងឌីមណា និងវាលស្មៅជុំវិញ ក្រុងណាហាឡាល និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។ 36ពីកុលសម្ព័ន្ធរូបេន គេឲ្យក្រុងបេស៊ើរ និងវាលស្មៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅជុំវិញ 37ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងមេផ្អាត និងវាលស្មៅនៅជុំវិញ ទាំងអស់មានបួនក្រុង។ 38ពីកុលសម្ព័ន្ធកាដ គេឲ្យក្រុងរ៉ាម៉ូត ដែលនៅស្រុកកាឡាដ និងវាលស្មៅជុំវិញ ទុកជាក្រុងជម្រក សម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងម៉ាហាណែម និងវាលស្មៅជុំវិញ 39ក្រុងហែសបូន និងវាលស្មៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។ 40ក្រុងទាំងប៉ុន្មាននេះ ជារបស់ពួកកូនចៅម្រ៉ារី តាមពូជអំបូររបស់គេ គឺអំបូរលេវីដែលសល់នៅ ឯចំណែករបស់គេទាំងអស់មានចំនួនដប់ពីរក្រុង។
41ក្រុងរបស់ពួកលេវីនៅកណ្ដាលទឹករបស់ពួកកូនចៅអ៊ីស្រាអែល ទាំងអស់មានសែសិបប្រាំបី ព្រមទាំងវាលស្មៅជុំវិញ។ 42ក្រុងនីមួយៗសុទ្ធតែមានវាលស្មៅជុំវិញ គឺក្រុងទាំងនោះសុទ្ធតែមានវាលស្មៅដូចគ្នាទាំងអស់។
43ដូច្នេះ ព្រះយេហូវ៉ាបានប្រទានស្រុកនោះទាំងអស់ដល់ពួកអ៊ីស្រាអែល ដូចព្រះអង្គបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ។ គេបានចាប់យកស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅនៅទីនោះ។ 44ព្រះយេហូវ៉ាប្រទានឲ្យគេបានស្រាកស្រាន្តនៅគ្រប់ទិស ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ គ្មានខ្មាំងសត្រូវណាម្នាក់អាចឈរនៅមុខគេបានឡើយ ព្រោះព្រះយេហូវ៉ាបានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្ដាប់ដៃរបស់គេ។ 45អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានសន្យាជាមួយពួកវង្សអ៊ីស្រាអែល សុទ្ធតែបានសម្រេចទាំងអស់ ឥតមានខ្វះណាមួយឡើយ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies