យ៉ូស្វេ 22
22
កុលសម្ព័ន្ធនៅខាងកើតទន្លេយ័រដាន់វិលត្រឡប់ទៅកាន់ទឹកដីរបស់គេវិញ
1ពេលនោះ លោកយ៉ូស្វេកោះហៅពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង 2ហើយមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបានកាន់តាមគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ា បានបង្គាប់ដល់អ្នករាល់គ្នាហើយ ក៏បានស្តាប់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នាដែរ។ 3អស់រយៈពេលជាយូរមកហើយ អ្នករាល់គ្នាមិនបានបោះបង់ចោលបងប្អូនរបស់ខ្លួន រហូតមកដល់ថ្ងៃនេះ គឺបានគោរពតាមបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។ 4ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានស្រាកស្រាន្ត ដូចព្រះអង្គបានសន្យានឹងគេហើយ។ ដូច្នេះ ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នា នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយខាងនាយទន្លេយ័រដាន់ចុះ។ 5ប៉ុន្តែ ត្រូវប្រយ័ត្នឲ្យអស់ពីចិត្ត គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ ដើម្បីស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអង្គ ត្រូវនៅជាប់នឹងព្រះអង្គ ហើយត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នក »។ 6ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ខ្លួនវិញ។
7រីឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក នៅស្រុកបាសាន តែកុលសម្ព័ន្ធនេះមួយចំហៀងទៀត លោកយ៉ូស្វេបានចែកទឹកដីមួយចំណែកជាមត៌ក នៅក្បែរបងប្អូនរបស់គេ នៅខាងលិចទន្លេយ័រដាន់។ ពេលលោកយ៉ូស្វេឲ្យគេត្រឡប់ទៅជំរំរបស់ពួកគេវិញ លោកបានឲ្យពរពួកគេ 8លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅលំនៅរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនទៅជាមួយផង។ ចូរចែកជ័យភណ្ឌដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ដល់ពួកបងប្អូនរបស់អ្នករាល់គ្នាចុះ»។ 9ដូច្នេះ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែលនៅស៊ីឡូរ ក្នុងស្រុកកាណាន វិលទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ តាមបង្គាប់ព្រះយេហូវ៉ា តាមរយៈលោកម៉ូសេ។
គេសង់អាសនាមួយទុកជាសេចក្ដីរំឭកនៅខាងកើតទន្លេយ័រដាន់
10កាលគេបានទៅដល់តំបន់មួយជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានសង់អាសនាមួយទៅជិតទន្លេយ័រដាន់ ជាអាសនាមួយយ៉ាងធំសម្បើម។ 11ពួកកូនចៅអ៊ីស្រាអែលឮគេនិយាយថា៖ «មើល៍ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានសង់អាសនាមួយនៅចុងស្រុកកាណាន ក្នុងតំបន់មួយជិតទន្លេយ័រដាន់ នៅត្រើយខាងពួកអ៊ីស្រាអែល»។ 12កាលពួកកូនចៅអ៊ីស្រាអែលបានឮដូច្នោះ ក្រុមជំនុំទាំងអស់ក៏ប្រជុំគ្នានៅស៊ីឡូរ ដើម្បីឡើងទៅច្បាំងទាស់នឹងពួកគេ។
13ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនសង្ឃអេលាសារ ទៅជួបពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនៅស្រុកកាឡាដ 14ព្រមទាំងមានមេដឹកនាំដប់នាក់ទៅជាមួយ គឺម្នាក់ៗមកពីកុលសម្ព័ន្ធនីមួយៗនៃសាសន៍អ៊ីស្រាអែល អ្នកទាំងនោះសុទ្ធតែជាមេលើវង្សានុវង្សក្នុងពូជអំបូរអ៊ីស្រាអែល។ 15ពួកគេទៅជួបពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង នៅស្រុកកាឡាដ ហើយប្រាប់គេថា៖ 16«ក្រុមជំនុំរបស់ព្រះយេហូវ៉ាទាំងអស់គ្នាសួរដូច្នេះថា "តើអំពើរំលងយ៉ាងណានេះ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះនៃសាសន៍អ៊ីស្រាអែល ហើយបែរចេញពីព្រះយេហូវ៉ានៅថ្ងៃនេះ ដោយសង់អាសនាសម្រាប់ខ្លួន ដើម្បីបះបោរទាស់នឹងព្រះយេហូវ៉ាដូច្នេះ? 17ឯអំពើអាក្រក់ដែលយើងបានប្រព្រឹត្តនៅពេអរ មិនទាន់ទាំងបានសម្អាតខ្លួនយើងឲ្យបានបរិសុទ្ធផង ហើយដែលនាំឲ្យមានគ្រោះកាចកើតឡើងដល់ក្រុមជំនុំរបស់ព្រះយេហូវ៉ា 18ថ្ងៃនេះ អ្នករាល់គ្នាក៏ដូច្នោះដែរ តើត្រូវការចង់បែរចេញពីព្រះយេហូវ៉ាទៀតឬ? ប្រសិនបើអ្នករាល់គ្នាបះបោរទាស់នឹងព្រះយេហូវ៉ានៅថ្ងៃនេះ នោះថ្ងៃស្អែក ព្រះអង្គនឹងក្រោធជាមួយក្រុមជំនុំអ៊ីស្រាអែលទាំងមូលមិនខាន។ 19ប៉ុន្ដែ បើស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នាមិនស្អាតបរិសុទ្ធ ចូរឆ្លងទៅស្រុករបស់ព្រះយេហូវ៉ា ជាស្រុកដែលមានរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយយកស្រុកមួយជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ក្នុងចំណោមពួកយើងចុះ សូមកុំឲ្យតែបះបោរទាស់នឹងព្រះយេហូវ៉ា ឬបះបោរទាស់នឹងពួកយើង ដោយសង់អាសនាមួយសម្រាប់អ្នករាល់គ្នា ក្រៅពីអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើងឡើយ។ 20ឯអេកាន ជាកូនរបស់សេរ៉ាស តើមិនបានបង្ខូចជំនឿដោយសាររបស់ដែលត្រូវបំផ្លាញ ហើយសេចក្ដីក្រោធរបស់ព្រះធ្លាក់មកលើក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាទេឬ? ដោយព្រោះអំពើអាក្រក់របស់គាត់ គាត់មិនមែនវិនាសតែម្នាក់ឯងទេ!"»។
21ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ក៏ឆ្លើយទៅពួកមេលើវង្សអ៊ីស្រាអែលថា៖ 22«ព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! ព្រះអង្គជ្រាប ហើយសូមឲ្យអ៊ីស្រាអែលដឹងដែរ! ប្រសិនបើការសង់អាសនានេះជាការបះបោរ ឬបង្ខូចជំនឿដល់ព្រះយេហូវ៉ា សូមកុំប្រណីយើងខ្ញុំនៅថ្ងៃនេះឡើយ! 23ប្រសិនបើយើងខ្ញុំសង់អាសនាណាមួយ ដើម្បីបែរចេញពីព្រះយេហូវ៉ា ដោយថ្វាយតង្វាយដុត និងតង្វាយម្សៅ ឬតង្វាយមេត្រីនៅអាសនានោះមែន សូមព្រះយេហូវ៉ាដាក់ទោសយើងខ្ញុំចុះ! 24តាមពិត យើងខ្ញុំបានធ្វើការនេះដោយនឹកខ្លាចក្រែងថ្ងៃខាងមុខ កូនចៅរបស់អ្នករាល់គ្នាសួរកូនចៅរបស់យើងខ្ញុំថា "តើអ្នករាល់គ្នាមានសេចក្ដីប្រកបអ្វីនឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល? 25ដ្បិតព្រះយេហូវ៉ាបានតម្រូវទន្លេយ័រដាន់ ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា ដែលជាកូនចៅរូបេន និងកូនចៅកាដហើយ ដូច្នេះ អ្នករាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ាទេ!" យ៉ាងនោះកូនចៅរបស់អ្នករាល់គ្នាអាចនឹងធ្វើឲ្យកូនចៅរបស់យើងខ្ញុំ លែងថ្វាយបង្គំព្រះយេហូវ៉ាមិនខាន។ 26ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា "ឥឡូវនេះ យើងត្រូវតែសង់អាសនាមួយ មិនមែនសម្រាប់ថ្វាយតង្វាយដុត ឬយញ្ញបូជាទេ 27គឺទុកគ្រាន់តែជាទីបន្ទាល់មួយរវាងយើងខ្ញុំ និងអ្នករាល់គ្នា ព្រមទាំងរវាងកូនចៅរបស់យើងជំនាន់ក្រោយថា យើងខ្ញុំបានគោរពប្រតិបត្តិនៅចំពោះព្រះយេហូវ៉ា ដោយថ្វាយតង្វាយដុត តង្វាយយញ្ញបូជា និងតង្វាយមេត្រីរបស់យើងខ្ញុំ ដើម្បីកុំឲ្យកូនចៅរបស់អ្នករាល់គ្នា អាចពោលមកកាន់កូនចៅរបស់យើងខ្ញុំនៅថ្ងៃខាងមុខថា "អ្នករាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ា" បានឡើយ"។ 28យើងខ្ញុំបានគិតថា ប្រសិនបើគេនិយាយពាក្យនេះមកកាន់យើងខ្ញុំ ឬមកកាន់កូនចៅរបស់យើងខ្ញុំនៅពេលខាងមុខ យើងខ្ញុំអាចនឹងឆ្លើយបានថា "មើល៍ នេះជាគំរូអាសនារបស់ព្រះយេហូវ៉ា ដែលបុព្វបុរសយើងខ្ញុំបានសង់ មិនមែនសម្រាប់ថ្វាយតង្វាយដុត ឬសម្រាប់ថ្វាយយញ្ញបូជាទេ គឺជាទីបន្ទាល់រវាងយើងខ្ញុំ និងអ្នករាល់គ្នាប៉ុណ្ណោះ"។ 29សូមឲ្យគំនិតបែបនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងដើរតាមព្រះអង្គនៅថ្ងៃនេះ ដោយស្អាងអាសនា សម្រាប់តង្វាយដុត តង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថរបស់ព្រះអង្គនោះឡើយ»។
30កាលសង្ឃភីនេហាស និងពួកមេដឹកនាំក្រុមជំនុំ គឺពួកមេលើសាសន៍អ៊ីស្រាអែលដែលនៅជាមួយលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេរៀបរាប់ប្រាប់ នោះគេពេញចិត្តណាស់។ 31ភីនេហាសជាកូនរបស់សង្ឃអេលាសារ មានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេថា៖ «នៅថ្ងៃនេះ យើងដឹងថា ព្រះយេហូវ៉ាគង់ជាមួយយើងរាល់គ្នាមែន ព្រោះអ្នករាល់គ្នាមិនបានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ាក្នុងការនេះឡើយ អ្នករាល់គ្នាបានសង្គ្រោះពួកកូនចៅអ៊ីស្រាអែល ឲ្យផុតពីការជំនុំជម្រះរបស់ព្រះយេហូវ៉ាហើយ»។
32បន្ទាប់មក ភីនេហាសជាកូនរបស់សង្ឃអេលាសារ និងពួកមេដឹកនាំ ចាកចេញពីពួកកូនចៅរូបេន និងពួកកូនចៅកាដនៅស្រុកកាឡាដ ត្រឡប់មកស្រុកកាណាន ជួបពួកកូនចៅអ៊ីស្រាអែលវិញ ទាំងនាំដំណឹងនោះមកប្រាប់ពួកគេ។ 33ពួកកូនចៅអ៊ីស្រាអែលពេញចិត្តនឹងដំណឹងនេះ ហើយគេសរសើរតម្កើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំងនឹងគេ ដើម្បីបំផ្លាញស្រុកដែលពួកកូនចៅរូបេន និងកូនចៅកាដនៅនោះតទៅទៀត។ 34ពួកកូនចៅរូបេន និងពួកកូនចៅកាដ បានដាក់ឈ្មោះអាសនានោះថា «ទីបន្ទាល់» ដ្បិតគេថា «នេះជាទីបន្ទាល់ដល់យើងរាល់គ្នាថា ព្រះយេហូវ៉ាពិតជាព្រះមែន»។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies