យ៉ូស្វេ 4

4
លោក​យ៉ូស្វេ​ដាក់​បញ្ឈរ​ថ្ម​ដប់​ពីរដុំ​នៅ​គីល​កាល
1កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ 2«ចូរ​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់​ពីចំណោម​ប្រជា‌ជន គឺ​កុល‌សម្ព័ន្ធ​មួយៗ​រើស​យក​ម្នាក់ 3ហើយ​បង្គាប់​ពួក​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះទៅ​ជាមួយ ទៅ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នានឹង​ស្នាក់​នៅ​យប់​នេះ"»។ 4ពេលនោះ លោក​យ៉ូស្វេ​ក៏​ហៅ​បុរស​ដប់ពីរ​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល ដែល​លោក​បាន​តម្រូវ គឺ​កុល‌សម្ព័ន្ធ​មួយៗ​យក​ម្នាក់។ 5លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​ម្នាក់​មួយ​ដុំ​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល 6ដើម្បី​ឲ្យ​បាន​ជា​ទី​សម្គាល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?" 7អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។ ពេល​ហិប​នៃ​សេចក្ដី​សញ្ញា​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទឹក​ទន្លេ​យ័រ​ដាន់​ត្រូវ​បាន​កាត់​ផ្តាច់។ ដូច្នេះ ថ្ម​ទាំង​នេះ​នឹង​បាន​ជាទី​រំឭក​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​រហូត​ត​ទៅ»។
8ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម​សេចក្ដី​ដែល​លោក​យ៉ូស្វេ​បាន​បង្គាប់ គឺ​គេ​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់ តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ។ ពួក​គេ​លី​ថ្ម​ទាំង​នោះ​ទៅ​ជា​មួយ យក​ទៅ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​គេ​ស្នាក់​នៅ។ 9លោក​យ៉ូស្វេ​ដាក់​ថ្ម​ដប់ពីរ​ដុំ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​របស់​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។
10ពួក​សង្ឃ​ដែល​សែង​ហិប នាំ​គ្នា​ឈរ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​យ៉ូស្វេ​ប្រាប់​ប្រជា‌ជន​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ប្រជា‌ជន​នាំ​គ្នា​ឆ្លងយ៉ាង​ប្រញាប់‌ប្រញាល់។ 11កាល​ប្រជា‌ជនទាំង​អស់​បាន​ឆ្លង​ផុត​ហើយ ហិប​នៃ​ព្រះ‌យេហូវ៉ា និង​ពួក​សង្ឃក៏​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន។ 12ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន​អ៊ីស្រា‌អែលទាំង​ប្រដាប់​អាវុធ ដូចលោក​ម៉ូសេ​បាន​បង្គាប់។ 13ពួក​គេ​មាន​ចំនួន​ប្រហែល​បួន​ម៉ឺន​នាក់ទាំង​ប្រដាប់​អាវុធ ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ទំនាប​ក្រុង​យេរីខូរ។
14នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​លើក​តម្កើង​លោក​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​គោរ​ព​កោត​ខ្លាច​លោក ដូច​គេ​បាន​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ អស់​មួយ​ជីវិត​របស់​លោក។
15ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ 16«ចូរ​បង្គាប់​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។ 17ដូច្នេះ លោក​យ៉ូស្វេ​ក៏​បង្គាប់​ពួក​សង្ឃ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រ​ដាន់​មក!» 18កាល​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់​មក ហើយ​ដាក់​បាត​ជើង​ជាន់​នៅ​លើ​ដី​គោកភ្លាម ទឹក​ទន្លេ​យ័រដាន់ក៏​ហូរ​ទម្លាក់​មក​តាម​កន្លែង​ធម្មតា​វិញ គឺ​លិច​មាត់​ច្រាំង​ទាំង​អស់​ដូច​ពី​មុន។
19ប្រជា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទីមួយ ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ត្រង់​គីល‌កាល នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូរ។ 20រី​ឯ​ថ្ម​ទាំង​ដប់ពីរ​ដុំ ដែល​គេ​បាន​យក​ចេញ​ពី​កណ្ដាល​ទន្លេ​យ័រដាន់មក លោក​យ៉ូស្វេបាន​ដាក់​បញ្ឈរ​នៅ​គីល‌កាល 21លោក​មាន​ប្រសាសន៍​ទៅ​កាន់ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?" 22អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​កូន​ចៅ​ឲ្យ​ដឹង​ថា "ពួក​អ៊ីស្រា‌អែល​បាន​ដើរ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​លើ​ដី​ស្ងួត"។ 23ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីងស្ងួត​នៅ​មុខ​អ្នក​រាល់​គ្នា រហូត​ទាល់​តែ​អ្នករាល់​គ្នា​បាន​ឆ្លង​ផុត ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ស្ងួត​នៅ​មុខ​យើង រហូត​ទាល់​តែ​យើង​បាន​ឆ្លង​ផុត​ដែរ 24ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មានឫទ្ធានុភាព​ខ្លាំង​ពូកែ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រហូត​តទៅ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល