ពេលនោះ គេបិទទ្វារក្រុងយេរីខូរជិត ទាំងខាងក្នុង ទាំងខាងក្រៅ ព្រោះតែខ្លាចប្រជាជនអ៊ីស្រាអែល គ្មានអ្នកណាចេញចូលបានឡើយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល៍ យើងបានប្រគល់ក្រុងយេរីខូរ ទាំងស្តេច ទាំងពួកអ្នកខ្លាំងពូកែដ៏អង់អាចរបស់គេ មកក្នុងកណ្ដាប់ដៃអ្នកហើយ។ អ្នករាល់គ្នាដែលជាពួកខ្លាំងពូកែ ត្រូវដើរជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ ត្រូវមានសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀម ដើរនាំមុខហិបនៃសេចក្ដីសញ្ញា នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវឲ្យដើរព័ទ្ធទីក្រុងប្រាំពីរជុំ ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង។ ពេលគេផ្លុំត្រែស្នែងចៀមមានសំឡេងយ៉ាងវែង គឺពេលអ្នករាល់គ្នាឮសំឡេងត្រែ ប្រជាជនទាំងអស់គ្នាត្រូវស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង នោះកំផែងក្រុងនឹងរលំចុះនៅនឹងកន្លែង ហើយប្រជាជនទាំងអស់ត្រូវសម្រុកចូលត្រង់ទៅមុខរៀងខ្លួន»។ លោកយ៉ូស្វេជាកូនរបស់លោកនុនហៅពួកសង្ឃមក មានប្រសាសន៍ទៅគេថា៖ «ចូរយកហិបនៃសេចក្ដីសញ្ញា ហើយឲ្យសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀមប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ាទៅ»។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនាំគ្នាដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពួកអ្នកប្រដាប់អាវុធដើរទៅពីមុខហិបរបស់ព្រះយេហូវ៉ា»។ កាលលោកយ៉ូស្វេបានបង្គាប់ប្រជាជនរួចហើយ សង្ឃទាំងប្រាំពីររូប ដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរនៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅមុខទាំងផ្លុំត្រែ ហើយហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាក៏ទៅតាមក្រោយ។ ពួកអ្នកប្រដាប់អាវុធដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ហើយទ័ពការពារជួរខាងក្រោយដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។ លោកយ៉ូស្វេបង្គាប់ប្រជាជនថា៖ «អ្នករាល់គ្នាមិនត្រូវស្រែក ឬឲ្យមានឮសំឡេងអ្វីឡើយ ក៏មិនត្រូវឲ្យមានឮពាក្យណាចេញពីមាត់អ្នករាល់គ្នាដែរ រហូតដល់ថ្ងៃដែលខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាស្រែក នោះសឹមស្រែក»។ ដូច្នេះ លោកឲ្យគេសែងហិបរបស់ព្រះយេហូវ៉ា ព័ទ្ធជុំវិញទីក្រុងអស់មួយជុំ រួចគេត្រឡប់ចូលមកក្នុងជំរំវិញ ហើយសម្រាកពេលយប់ក្នុងជំរំ។ លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយពួកសង្ឃនាំគ្នាសែងហិបរបស់ព្រះយេហូវ៉ា។ ពួកសង្ឃទាំងប្រាំពីររូបដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរ។ ពួកអ្នកប្រដាប់អាវុធដើរនៅខាងមុខ ហើយកម្លាំងការពារជួរខាងក្រោយ ដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។ នៅថ្ងៃទីពីរ គេដើរជុំវិញទីក្រុងមួយជុំ រួចវិលចូលមកក្នុងជំរំវិញ។ គេធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ គេក្រោកឡើងពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងតាមរបៀបដដែលប្រាំពីរជុំ។ មានតែថ្ងៃនោះទេ ដែលគេដើរព័ទ្ធទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ កាលពួកសង្ឃបានផ្លុំត្រែ លោកយ៉ូស្វេក៏បង្គាប់ប្រជាជនថា៖ «ចូរស្រែកឡើង! ដ្បិតព្រះយេហូវ៉ាបានប្រគល់ទីក្រុងនេះមកអ្នករាល់គ្នាហើយ។ ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។
អាន យ៉ូស្វេ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 6:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ