យ៉ូស្វេ 6:1-18
យ៉ូស្វេ 6:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជនជាតិអ៊ីស្រាអែល។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្ដេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ អ្នករាល់គ្នា និងពលទាហានទាំងអស់ ត្រូវដើរព័ទ្ធជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះ ចំនួនប្រាំមួយថ្ងៃ។ ត្រូវឲ្យបូជាចារ្យ ប្រាំពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី*។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចឲ្យក្រុមបូជាចារ្យផ្លុំស្នែងចៀម។ ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែង ប្រជាជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង កំពែងក្រុងមុខជារលំចុះនៅនឹងកន្លែង ហើយប្រជាជនត្រូវសម្រុកចូលទៅក្នុងទីក្រុងរៀងៗខ្លួន»។ លោកយ៉ូស្វេ ជាកូនរបស់លោកនូន ហៅក្រុមបូជាចារ្យមក មានប្រសាសន៍ទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយឲ្យបូជាចារ្យប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពលទាហានប្រដាប់អាវុធដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ ប្រជាជនធ្វើតាមប្រសាសន៍របស់លោកយ៉ូស្វេ គឺបូជាចារ្យប្រាំពីររូបដែលកាន់ស្នែងចៀមទាំងប្រាំពីរ ដើរនៅខាងមុខព្រះអម្ចាស់ នាំគ្នាចេញទៅទាំងផ្លុំស្នែង ហើយគេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដើរតាមក្រោយ។ ពលទាហានប្រដាប់អាវុធដើរខាងមុខក្រុមបូជាចារ្យដែលផ្លុំស្នែង ហើយក៏មានពលទាហានដើរពីក្រោយហិបដែរ។ ពួកគេដើរទៅមុខតាមសំឡេងស្នែង។ លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «កុំស្រែកជយឃោស កុំបន្លឺសំឡេង កុំនិយាយស្ដីអ្វីទាំងអស់ រហូតដល់ថ្ងៃខ្ញុំប្រាប់អ្នករាល់គ្នាឲ្យស្រែក នោះសឹមស្រែក»។ លោកឲ្យគេសែងហិបរបស់ព្រះអម្ចាស់ដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចប្រជាជនវិលចូលជំរំវិញ ហើយសម្រាកពេលយប់នៅទីនោះទៅ។ លោកយ៉ូស្វេក្រោកពីព្រលឹម ហើយក្រុមបូជាចារ្យនាំគ្នាសែងហិបព្រះអម្ចាស់សាជាថ្មី។ បូជាចារ្យទាំងប្រាំពីរនាក់ដែលកាន់ស្នែងចៀមដើរខាងមុខហិបព្រះអម្ចាស់ ក៏ចេញដំណើរម្ដងទៀត ទាំងផ្លុំស្នែងផង។ មានពលទាហានប្រដាប់អាវុធដើរខាងមុខ ហើយក៏មានពលទាហានដើរតាមក្រោយហិបព្រះអម្ចាស់ដែរ ពួកគេដើរទៅមុខតាមសំឡេងស្នែង។ នៅថ្ងៃទីពីរនោះ ពួកគេដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចវិលចូលជំរំវិញ។ ពួកគេធ្វើដូច្នេះអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ពួកគេក្រោកពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងប្រាំពីរជុំតាមរបៀបដដែល គឺមានតែថ្ងៃនោះទេ ដែលពួកគេដើរព័ទ្ធជុំវិញទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ ពេលក្រុមបូជាចារ្យផ្លុំស្នែង លោកយ៉ូស្វេបញ្ជាទៅប្រជាជនថា៖ «ចូរស្រែកជយឃោសឡើង! ដ្បិតព្រះអម្ចាស់បានប្រគល់ទីក្រុងឲ្យអ្នករាល់គ្នាហើយ។ ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ចូរប្រយ័ត្ន! កុំប៉ះពាល់របស់អ្វីដែលត្រូវបំផ្លាញនោះជាដាច់ខាត ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយប៉ះពាល់របស់ដែលត្រូវបំផ្លាញនោះ! មួយវិញទៀត បើធ្វើដូច្នោះអ្នករាល់គ្នាមុខជាធ្វើឲ្យមហន្តរាយ និងទុក្ខទោស កើតមានដល់អស់អ្នកដែលស្ថិតនៅក្នុងជំរំអ៊ីស្រាអែលមិនខាន។
យ៉ូស្វេ 6:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ គេបិទទ្វារក្រុងយេរីខូរជិត ទាំងខាងក្នុង ទាំងខាងក្រៅ ព្រោះតែខ្លាចប្រជាជនអ៊ីស្រាអែល គ្មានអ្នកណាចេញចូលបានឡើយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល៍ យើងបានប្រគល់ក្រុងយេរីខូរ ទាំងស្តេច ទាំងពួកអ្នកខ្លាំងពូកែដ៏អង់អាចរបស់គេ មកក្នុងកណ្ដាប់ដៃអ្នកហើយ។ អ្នករាល់គ្នាដែលជាពួកខ្លាំងពូកែ ត្រូវដើរជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ ត្រូវមានសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀម ដើរនាំមុខហិបនៃសេចក្ដីសញ្ញា នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវឲ្យដើរព័ទ្ធទីក្រុងប្រាំពីរជុំ ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង។ ពេលគេផ្លុំត្រែស្នែងចៀមមានសំឡេងយ៉ាងវែង គឺពេលអ្នករាល់គ្នាឮសំឡេងត្រែ ប្រជាជនទាំងអស់គ្នាត្រូវស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង នោះកំផែងក្រុងនឹងរលំចុះនៅនឹងកន្លែង ហើយប្រជាជនទាំងអស់ត្រូវសម្រុកចូលត្រង់ទៅមុខរៀងខ្លួន»។ លោកយ៉ូស្វេជាកូនរបស់លោកនុនហៅពួកសង្ឃមក មានប្រសាសន៍ទៅគេថា៖ «ចូរយកហិបនៃសេចក្ដីសញ្ញា ហើយឲ្យសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀមប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ាទៅ»។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនាំគ្នាដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពួកអ្នកប្រដាប់អាវុធដើរទៅពីមុខហិបរបស់ព្រះយេហូវ៉ា»។ កាលលោកយ៉ូស្វេបានបង្គាប់ប្រជាជនរួចហើយ សង្ឃទាំងប្រាំពីររូប ដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរនៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅមុខទាំងផ្លុំត្រែ ហើយហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាក៏ទៅតាមក្រោយ។ ពួកអ្នកប្រដាប់អាវុធដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ហើយទ័ពការពារជួរខាងក្រោយដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។ លោកយ៉ូស្វេបង្គាប់ប្រជាជនថា៖ «អ្នករាល់គ្នាមិនត្រូវស្រែក ឬឲ្យមានឮសំឡេងអ្វីឡើយ ក៏មិនត្រូវឲ្យមានឮពាក្យណាចេញពីមាត់អ្នករាល់គ្នាដែរ រហូតដល់ថ្ងៃដែលខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាស្រែក នោះសឹមស្រែក»។ ដូច្នេះ លោកឲ្យគេសែងហិបរបស់ព្រះយេហូវ៉ា ព័ទ្ធជុំវិញទីក្រុងអស់មួយជុំ រួចគេត្រឡប់ចូលមកក្នុងជំរំវិញ ហើយសម្រាកពេលយប់ក្នុងជំរំ។ លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយពួកសង្ឃនាំគ្នាសែងហិបរបស់ព្រះយេហូវ៉ា។ ពួកសង្ឃទាំងប្រាំពីររូបដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរ។ ពួកអ្នកប្រដាប់អាវុធដើរនៅខាងមុខ ហើយកម្លាំងការពារជួរខាងក្រោយ ដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។ នៅថ្ងៃទីពីរ គេដើរជុំវិញទីក្រុងមួយជុំ រួចវិលចូលមកក្នុងជំរំវិញ។ គេធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ គេក្រោកឡើងពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងតាមរបៀបដដែលប្រាំពីរជុំ។ មានតែថ្ងៃនោះទេ ដែលគេដើរព័ទ្ធទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ កាលពួកសង្ឃបានផ្លុំត្រែ លោកយ៉ូស្វេក៏បង្គាប់ប្រជាជនថា៖ «ចូរស្រែកឡើង! ដ្បិតព្រះយេហូវ៉ាបានប្រគល់ទីក្រុងនេះមកអ្នករាល់គ្នាហើយ។ ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។
យ៉ូស្វេ 6:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯទីក្រុងយេរីខូរ គេបានបិទទ្វារជាប់ទាំងប្រយ័ត ដោយខ្លាចពួកកូនចៅអ៊ីស្រាអែល ឥតមានអ្នកណាចេញចូលសោះឡើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា មើល អញបានប្រគល់ក្រុងយេរីខូរ ព្រមទាំងស្តេចគេ នឹងពួកមនុស្សខ្លាំងពូកែស្ទាត់ជំនាញទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃឯងហើយ ដូច្នេះត្រូវឲ្យឯងរាល់គ្នា ជាពួកថ្នឹកច្បាំង ដើរជុំវិញទីក្រុងអស់៦ថ្ងៃ ក្នុង១ថ្ងៃ១ជុំ ត្រូវឲ្យមានសង្ឃ៧រូប កាន់ត្រែស្នែងចៀមដើរនាំមុខហឹប រួចដល់ថ្ងៃទី៧ នោះត្រូវឲ្យដើរព័ទ្ធទីក្រុងអស់៧ជុំថែមទៀត ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង កាលណាគេផ្លុំស្នែងចៀម មានសំឡេងយ៉ាងវែង ឮដល់ឯងរាល់គ្នា នោះទាំងអស់គ្នាត្រូវស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ដូច្នេះកំផែងទីក្រុងនឹងរលំដួលទៅ រួចត្រូវឲ្យបណ្តាជនទាំងអស់ឡើងចំទៅមុខរៀងខ្លួន យ៉ូស្វេជាកូននុនក៏ហៅពួកសង្ឃមកប្រាប់ថា ចូរយកហឹបនៃសេចក្ដីសញ្ញា ហើយឲ្យមានសង្ឃ៧រូបកាន់ត្រែស្នែងចៀម ដើរនាំមុខហឹបនៃព្រះយេហូវ៉ាទៅ លោកក៏បង្គាប់ដល់ពួកបណ្តាជនថា ចូរនាំគ្នាដើរព័ទ្ធជុំវិញទីក្រុងទៅ ឯអស់ពួកអ្នកដែលមានគ្រឿងសស្ត្រាវុធ នោះត្រូវដើរនាំមុខហឹបនៃព្រះយេហូវ៉ា។ លុះកាលយ៉ូស្វេបានប្រាប់ដល់ពួកជនរួចអស់ហើយ នោះសង្ឃទាំង៧ដែលកាន់ត្រែស្នែងចៀមទាំង៧ នៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅទាំងផ្លុំបណ្តើរ រួចហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាក៏តាមគេទៅ ឯពួកដែលកាន់គ្រឿងសស្ត្រាវុធ គេដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ក៏មានពួកអ្នកដើរខាងក្រោយហឹបដែរ ពួកសង្ឃដើរទៅទាំងផ្លុំត្រែបណ្តើរ ឯយ៉ូស្វេក៏បង្គាប់បណ្តាជនថា មិនត្រូវឲ្យឯងរាល់គ្នាស្រែកឡើង ឬឲ្យមានឮសំឡេងឡើយ ក៏មិនត្រូវមានពាក្យណាមួយចេញពីមាត់ឯងដែរ ដរាបដល់ថ្ងៃ ដែលអញប្រាប់ឲ្យស្រែកឡើង នោះទើបត្រូវឲ្យឯងស្រែកចុះ ដូច្នេះហឹបនៃព្រះយេហូវ៉ាក៏បានព័ទ្ធជុំវិញទីក្រុងអស់១ជុំ រួចគេត្រឡប់ចូលមកក្នុងទីដំឡើងត្រសាលវិញ ហើយឈប់នៅទីនោះ។ ឯយ៉ូស្វេលោកក្រោកឡើងពីព្រលឹម ហើយពួកសង្ឃក៏នាំគ្នាសែងហឹបនៃព្រះយេហូវ៉ា មានទាំងពួកសង្ឃ៧រូបនោះ កាន់ត្រែស្នែងចៀម៧ ដើរនាំមុខហឹបនៃព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរផង ឯពួកកាន់គ្រឿងសស្ត្រាវុធ គេក៏ដើរពីខាងមុខ ហើយមានពួកអ្នកខាងក្រោយ ដើរតាមហឹបនៃព្រះយេហូវ៉ាដែរ ពួកសង្ឃក៏ដើរទៅទាំងផ្លុំត្រែបណ្តើរ ថ្ងៃទី២នោះ គេដើរជុំវិញទីក្រុង១ជុំ រួចក៏ត្រឡប់មកក្នុងទីដំឡើងត្រសាលវិញ គេធ្វើយ៉ាងដូច្នេះអស់៦ថ្ងៃ។ លុះដល់ថ្ងៃទី៧ គេក្រោកឡើងពីព្រលឹម កាលទើបនឹងភ្លឺស្រាង នោះក៏ដើរព័ទ្ធជុំវិញទីក្រុងបែបដដែលអស់៧ជុំ ថ្ងៃនោះខុសពីថ្ងៃមុនតែប៉ុណ្ណេះ គឺគេដើរព័ទ្ធទីក្រុងអស់៧ដងវិញ លុះបានគ្រប់៧ជុំហើយ កាលពួកសង្ឃបានផ្លុំត្រែ នោះយ៉ូស្វេក៏ប្រាប់ដល់ពួកជនថា ចូរស្រែកឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ទីក្រុងនេះមកឯងរាល់គ្នាហើយ ឯទីក្រុងនេះ ជាទីក្រុងសំរាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនឹងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ នឹងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក ឯឯងរាល់គ្នា ត្រូវប្រយ័តតែនឹងរបស់ដែលសំរាប់បំផ្លាញ ក្រែងកាលណាឯងញែករបស់ណាទុកសំរាប់នឹងបំផ្លាញ នោះបែរទៅជាយករបស់ណាមួយនោះចេញវិញ ហើយដូច្នេះនឹងនាំឲ្យពួកអ៊ីស្រាអែលត្រូវបំផ្លាញទាំងអស់គ្នាដែរ ព្រមទាំងមានសេចក្ដីវឹកវរផង