លូកា 24:1-12

លូកា 24:1-12 គកស១៦

នៅ​ថ្ងៃ​ទី​មួយ​ក្នុង​អាទិត្យ ពេល​ភ្លឺ​ស្រាងៗ គេ​បាន​យក​គ្រឿង​ក្រអូប ដែល​បាន​រៀបចំ​ជា​ស្រេច​នោះ នាំ​គ្នា​ទៅ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ។ គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ តែ​ពេល​ចូល​ទៅ​ដល់ គេ​មិន​ឃើញ​ព្រះ‌សព​ព្រះ‌អម្ចាស់​យេស៊ូវ​សោះ។ កំពុង​ដែល​មាន​ការ​ងឿង​ឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចែង​ចាំង ឈរ​នៅ​ជិត​គេ។ គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី តែ​បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ? ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ព្រះ‌អង្គ​មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​ទ្រង់​គង់​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ​ថា "កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​បាប ត្រូវ​គេ​ឆ្កាង ហើយ​នៅ​ថ្ងៃ​ទីបី​នឹង​រស់​ឡើង​វិញ"» ។ ពេល​នោះ គេ​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​វិល​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ប្រាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​ដល់​អ្នក​ទាំង​ដប់​មួយ និង​អ្នក​ផ្សេង​ៗ​ទៀត​ដែរ។ រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​ដល់​ពួក​សាវក គឺម៉ារា អ្នក​ស្រុក​ម៉ាក់ដាឡា យ៉ូអាន់ ម៉ារា ជា​ម្តាយ​យ៉ាកុប​មួយ និង​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង។ ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សម្ដី​របស់​ស្រ្តី មើល​ទៅ​ដូច​មិន​បាន​ការ។ ពេត្រុស​ក្រោក​ឡើង រត់​ទៅ​ឯ​ផ្នូរ ហើយ​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់​ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​វិញ ដោយ​អស្ចារ្យ​ក្នុង​ចិត្ត ពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។

អាន លូកា 24

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 24:1-12