លូកា 24:1-12
លូកា 24:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃអាទិត្យ ពេលព្រលឹមស្រាងៗ ស្ត្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយផង។ ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។ ស្ត្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច មកឈរជិតនាង។ នាងភ័យខ្លាចជាខ្លាំង ហើយឱនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? [ព្រះអង្គមិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា “បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ” »។ ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។ ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។ ស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងយ៉ូអាន់ និងនាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ត្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ ពួកគេពុំជឿពាក្យសម្ដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។ ប៉ុន្តែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់ឱនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។
លូកា 24:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីមួយក្នុងអាទិត្យ ពេលភ្លឺស្រាងៗ គេបានយកគ្រឿងក្រអូប ដែលបានរៀបចំជាស្រេចនោះ នាំគ្នាទៅផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ។ គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរ តែពេលចូលទៅដល់ គេមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវសោះ។ កំពុងដែលមានការងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមានពីរនាក់ស្លៀកពាក់ភ្លឺចែងចាំង ឈរនៅជិតគេ។ គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខដល់ដី តែបុរសទាំងពីរនាក់នោះនិយាយមកគេថា៖ «ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ? ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយថា "កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សបាប ត្រូវគេឆ្កាង ហើយនៅថ្ងៃទីបីនឹងរស់ឡើងវិញ"» ។ ពេលនោះ គេក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គ ហើយវិលមកពីផ្នូរវិញ រៀបរាប់ប្រាប់ពីហេតុការណ៍ទាំងនោះដល់អ្នកទាំងដប់មួយ និងអ្នកផ្សេងៗទៀតដែរ។ រីឯពួកស្ត្រីដែលប្រាប់ពីហេតុការណ៍ទាំងនោះដល់ពួកសាវក គឺម៉ារា អ្នកស្រុកម៉ាក់ដាឡា យ៉ូអាន់ ម៉ារា ជាម្តាយយ៉ាកុបមួយ និងស្ត្រីឯទៀត ដែលនៅជាមួយគ្នាផង។ ពួកសាវកមិនបានជឿទេ ដ្បិតពាក្យសម្ដីរបស់ស្រ្តី មើលទៅដូចមិនបានការ។ ពេត្រុសក្រោកឡើង រត់ទៅឯផ្នូរ ហើយឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះវិញ ដោយអស្ចារ្យក្នុងចិត្ត ពីហេតុការណ៍ដែលកើតមាននោះ។
លូកា 24:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃទី១ក្នុងអាទិត្យ កាលភ្លឺស្រាងៗ នោះគេយកគ្រឿងក្រអូប ដែលរៀបចំនោះ នាំគ្នាទៅឯផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរហើយ តែកាលចូលទៅ នោះមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេ កំពុងដែលមានសេចក្ដីងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមាន២នាក់ស្លៀកពាក់ភ្លឺព្រោងព្រាយ ឈរជិតគេ គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខនឹងដី រួចអ្នកនោះនិយាយមកគេថា ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលទ្រង់មានបន្ទូលនឹងអ្នករាល់គ្នា ក្នុងកាលដែលនៅស្រុកកាលីឡេនៅឡើយថា កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ឲ្យគេឆ្កាង ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ នោះគេក៏នឹកឃើញពីព្រះបន្ទូលទ្រង់ លុះវិលមកពីផ្នូរវិញ នោះក៏ប្រាប់ពីការទាំងនោះដល់ពួក១១នាក់ នឹងអ្នកឯទៀតទាំងប៉ុន្មានដែរ រីឯពួកស្ត្រីដែលប្រាប់ពីការទាំងនោះដល់ពួកសាវក នោះគឺ ម៉ារា ពីស្រុកម៉ាក់ដាឡា១ យ៉ូអាន់១ ម៉ារា ជាម្តាយយ៉ាកុប១ ហើយស្ត្រីឯទៀត ដែលនៅជាមួយគ្នាផង ពួកសាវកមិនបានជឿទេ ដ្បិតពាក្យសំដីរបស់ស្រីៗនោះ មើលទៅដូចជារឿងលេងសុទ្ធ តែពេត្រុស គាត់ក្រោកឡើងរត់ទៅឯផ្នូរ ក៏ឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះទាំងអស្ចារ្យក្នុងចិត្ត ពីការដែលកើតមានមក។