លូកា 7

7
ព្រះ‌យេស៊ូវ​ប្រោស​អ្នក​បម្រើ​របស់​មេ​ទ័ព​រ៉ូម​ឲ្យ​ជា
(ម៉ាថាយ ៨.៥-១៣)
1កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់​រួច​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម។ 2ពេល​នោះ មាន​បាវ​បម្រើ​សំណព្វ​របស់​មេ​ទ័ព​រ៉ូម​ម្នាក់ ឈឺ​ហៀប​នឹង​ស្លាប់។ 3ពេល​លោក​មេទ័ព​នោះ​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូវ គាត់​ក៏​ចាត់​ពួក​ចាស់​ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​បាវ​បម្រើ​របស់​គាត់។ 4កាល​គេ​បាន​ទៅ​ជួប​ព្រះ‌យេស៊ូវ​ហើយ គេ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «មេ​ទ័ព​នោះ​ស័ក្ដិ‌សម​នឹង​ទទួល​ការ​ប្រោស​ប្រណី​ពី​លោក 5ដ្បិត​គាត់​ស្រឡាញ់​សាសន៍​របស់​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​មួយ​ឲ្យ​យើង»។ 6ព្រះ‌យេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​ពួកគេ តែ​កាល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ មេ​ទ័ព​នោះ​ចាត់​មិត្ត​សម្លាញ់​ឲ្យ​មក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះហឫ‌ទ័យ​ឡើយ ដ្បិត​ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ 7ហេតុ​នេះ​ហើយ​បាន​ជា​ទូល​បង្គំ​មិន​ហ៊ាន​មក​ជួប​ព្រះ‌អង្គ។ ប៉ុន្តែ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​អ្នក​បម្រើ​របស់​ទូល​បង្គំ​នឹង​ជា​សះ​ស្បើយ​មិន​ខាន។ 8ដ្បិត​ទូល‌បង្គំ​ក៏​នៅ​ក្រោម​អំណាច​គេ ទាំង​មាន​ទាហាន​នៅ​ក្រោម​អំណាច​ទូល‌បង្គំ ទូល‌បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​បម្រើ​ថា "ធ្វើ​ការ​នេះ" បាវ​បម្រើ​នោះ​ក៏​ធ្វើ​តាម»។ 9កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ព្រះ‌អង្គ​មាន​សេចក្តី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​មាន​ជំនឿ​ដូច្នេះ​ទេ សូម្បី​តែ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​ដោយ»។ 10ពេល​អស់​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គេ​ឃើញ​បាវ​បម្រើ​នោះ​ជា​សះ‌ស្បើយ។
ព្រះ‌យេស៊ូវ​ប្រោស​កូន​ប្រុស​របស់​ស្ដ្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ នៅ​ក្រុង​ណាអ៊ីន
11ក្រោយ​មក ព្រះ‌អង្គ​យាង​ទៅ​ក្រុង​មួយ​ឈ្មោះ​ណាអ៊ីន ហើយ​ពួក​សិស្ស​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ព្រះ‌អង្គ។ 12ពេល​ព្រះ‌អង្គ​ចូល​ទៅ​ជិត​ដល់​ទ្វារ​ក្រុង នោះ​មើល៍ មាន​គេ​សែង​សព​មនុស្ស​ម្នាក់​ចេញ​មក ជា​សព​កូន​ប្រុស​តែ​មួយ​គត់​របស់​ម្តាយ ដែល​ជា​ស្រ្ដី​មេម៉ាយ ហើយ​មាន​មនុស្ស​ជា​ច្រើន​ពី​ក្រុង​នោះ​ហែ​មក​ជា​មួយ​គាត់។ 13កាល​ព្រះ‌អម្ចាស់​បាន​ឃើញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​យំ​អី!»។ 14ពេល​នោះ ព្រះ‌អង្គ​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈរ​ស្ងៀម។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!» 15អ្នក​ដែល​ស្លាប់​នោះ​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ។ ព្រះ‌អង្គ​ប្រគល់​អ្នក​កំលោះ​នោះ​ដល់​ម្តាយ​វិញ។ 16មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។ 17ពាក្យ​គេ​និយាយ​អំពី​អង្គ​នេះ បាន​ឮ​សុស‌សាយ​ពាស​ពេញ​ក្នុង​ស្រុក​យូដា និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។
លោក​យ៉ូហាន-បាទីស្ទ​ចាត់​សិស្ស​ទៅ​ជួប​ព្រះ‌យេស៊ូវ
(ម៉ាថាយ ១១.២-១៩)
18ពួក​សិស្ស​របស់​លោក​យ៉ូហាន បាន​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ហេតុ‌ការណ៍​ទាំង​នេះ។ ដូច្នេះ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​របស់​លោក​ពីរ​នាក់​មក 19ហើយ​ចាត់​គេ​ឲ្យ​ទៅ​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត?» 20កាល​អ្នក​ទាំង​ពីរ​នោះ​មក​ជួប​ព្រះ‌អង្គ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​លោក​ថា "តើ​លោក​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់​ចាំ​ព្រះ​មួយ​អង្គ​ទៀត"»? 21នៅ​វេលា​នោះ ព្រះ‌អង្គ​កំពុង​ប្រោស​មនុស្ស​មាន​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ។ 22ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡីង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។ 23មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ»។
24កាល​អ្នក​នាំ​សារ​របស់​លោក​យ៉ូហាន​បាន​ចេញ​ទៅ ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន? ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​ឬ? 25តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង ហើយ​រស់​នៅ​ដោយ​ប្រណិត គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ឯ​ណោះ។ 26ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? មើល​ហោរា​ឬ? មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​វិសេស​ជាង​ហោរា​ទៅ​ទៀត។ 27ដ្បិត​គឺ​អ្នក​នេះ​ហើយ ដែល​មាន​សេចក្តី​ចែង​ទុក​អំពី​គាត់​ថា "មើល៍! យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក គាត់​នឹង​រៀបចំ​ផ្លូវ​របស់​អ្នក​នៅ​មុខ​អ្នក" 28ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី​មក គ្មាន​អ្នក​ណា​ធំ​ជាង​លោក​យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ អ្នក​នោះ​ធំ​ជាង​គាត់​ហើយ»។ 29(កាល​ប្រជា‌ជន​ទាំង​អស់ រួម​ទាំង​ពួក​អ្នក​ទារ​ពន្ធ​បាន​ឮ​សេចក្ដី​នេះ គេ​ក៏​ប្រកាស​ថា ព្រះ‌ទ្រង់​សុចរិត ដោយ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក។ 30ប៉ុន្តែ ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ បាន​ច្រាន​ចោល​បំណង​របស់​ព្រះសម្រាប់​ខ្លួន​គេ ដោយ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ពី​លោក)។
31«ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? តើ​គេ​ជា​មនុស្ស​ប្រភេទ​ណា? 32គឺ​គេ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា "យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ឯង​មិន​បាន​យំ​សោះ"។ 33ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិ‌ភោគ​នំប៉័ង មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា "គាត់​មាន​អារក្ស​ចូល"។ 34កូន​មនុស្ស​បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក ហើយ​អ្នក​រាល់​គ្នា​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប"។ 35ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បង្កើត»។
ព្រះ‌យេស៊ូវ​អត់​ទោស​ឲ្យ​ស្ដ្រី​មាន​បាប​ម្នាក់
36មាន​ម្នាក់​ក្នុង​ពួក​ផារិស៊ី បាន​យាង​ព្រះ‌អង្គ​ទៅ​សោយ​អាហារ​ជា​មួយ​គាត់ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ផារិស៊ី​នោះ ហើយ​គង់​រួម​តុ​ជាមួយ​គាត់។ 37មើល៍! នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​ជា​មនុស្ស​បាប។ ពេល​នាង​ដឹង​ថា ព្រះ‌អង្គ​គង់​នៅ​តុ​ក្នុង​ផ្ទះ​របស់​អ្នក​ផារិស៊ី​នោះ នាង​ក៏​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក 38រួច​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ​ទាំង​យំ ហើយ​ចាប់​ផ្ដើម​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ចាក់​ប្រេង​ក្រអូប​លាប​ទៀត​ផង។ 39កាល​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះ‌អង្គ​នោះ​ឃើញ​ដូច្នោះ គាត់​គិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ជា​ហោរា​មែន លោក​មុខ​ជា​ដឹង​ថា ស្ត្រី​ដែល​ពាល់​លោក​ជា​អ្នក​ណា ហើយ​ជា​មនុស្ស​ប្រភេទ​ណា​ពុំ​ខាន ដ្បិត​នាង​ជា​មនុស្ស​បាប»។ 40ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ប្រាប់​លោក»។ គាត់​ឆ្លើយ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។ 41ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​កូន​បំណុល​ពីរ​នាក់ ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់ ម្នាក់​ជំពាក់​ប្រាំ​រយ​ដេណារី ម្នាក់​ទៀត​ហា‌សិប​ដេណារី ។ 42កាល​គេ​គ្មាន​អ្វី​នឹង​សង គាត់​ក៏​លុប​បំណុល​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ឥឡូវ​នេះ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជាង?» 43ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា គឺ​អ្នក​ដែល​ជំពាក់​ច្រើន​ជាង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ពិចារណា​បាន​ត្រឹម​ត្រូវ​មែន»។ 44បន្ទាប់​មក ព្រះ‌អង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ តែ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «លោក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ? ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​មិន​បាន​ឲ្យ​ទឹក​ខ្ញុំ​លាង​ជើង​ទេ តែ​នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ហើយ​យក​សក់​នាង​ជូត​ជើង​ខ្ញុំ​ទៀត​ផង។ 45លោក​មិន​បាន​ថើប​ខ្ញុំ​ទេ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​រហូត​មិន​ឈប់​សោះ។ 46លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ តែ​នាង​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ 47ហេតុ​នេះ​ខ្ញុំ​សូម​ជម្រាប​លោក​ថា នាង​បាន​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប​ជា​ច្រើន​របស់​នាង​ហើយ ដ្បិត​នាង​មាន​សេចក្តី​ស្រឡាញ់​ច្រើន។ ប៉ុន្តែ អ្នក​ណា​ដែល​ទទួល​ការ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច​ដែរ»។ 48បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​បាន​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប​ហើយ»។ 49ពេល​នោះ អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ ចាប់​ផ្ដើម​គិត​ក្នុង​ចិត្ត​ថា៖ «តើ​លោក​នេះ​ជា​នរណា ដែល​សូម្បី​តែ​បាប​ក៏​អត់​ទោស​ឲ្យ​បា​ន​ដូច្នេះ»? 50ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ»។

ទើបបានជ្រើសរើសហើយ៖

លូកា 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល