ម៉ាឡាគី 2

2
1«ឥឡូវ​នេះ ឱ​ពួក​សង្ឃ​អើយ សេចក្ដី​បង្គាប់​នេះ គឺ​សម្រាប់​អ្នក​រាល់​គ្នា 2ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​យើង​ទេ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹងចាត់​បណ្ដាសា​មក​លើអ្នក​រាល់​គ្នា យើង​នឹង​ដាក់​បណ្ដាសា​ជំនួស​ព្រះពរ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ។ 3មើល៍! យើង​នឹង​បន្ទោស​ពូជ​ពង្ស​របស់​អ្នក​រាល់​គ្នា ហើយ​ជះ​លាមក​ទៅ​លើ​មុខ​អ្នក​រាល់​គ្នា គឺ​ជា​លាមក​ពី​តង្វាយ​យញ្ញ‌បូជា​របស់​អ្នក ហើយ​គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ជា‌មួយ​នឹង​លាមក​នោះ​ដែរ។ 4ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​បាន​បង្គាប់​ដល់​អ្នក​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​យើង​បាន​នៅ​ជា‌មួយ​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 5ឯ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ​នោះ គឺ​ជា​ជីវិត និង​ជា​សេចក្ដី​សុខ​ដែល​យើង​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​កោត​ខ្លាច​យើង ព្រម​ទាំង​ភ័យ‌ញ័រ​នៅ​ចំពោះ​ឈ្មោះ​យើង។ 6គេ​មាន​ច្បាប់​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​អំពើ​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា‌មួយ​យើង​ដោយ​សេចក្ដី​សុខ និង​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន​ចេញ​ពី​អំពើ​ទុច្ចរិត។ 7ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 8តែ​អ្នក​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល​ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​បាន​បង្ខូច​សេចក្ដី​សញ្ញា​របស់​លេវី​ហើយ 9ហេតុ​នោះ យើង​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ទី​មើល‌ងាយ នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ព្រោះអ្នក​រាល់​គ្នា​មិន​បាន​កាន់​តាម​ផ្លូវ​របស់​យើង គឺ​បានបង្រៀន​ក្រឹត្យ‌វិន័យ​ដោយ​រើស​មុខ»។
យូដា​បាន​ប្រមាថ​សេចក្ដី​សញ្ញា
10«តើ​យើង​ទាំង​អស់​គ្នា​មិន​មាន​ឪពុក​តែ​មួយ​ទេ​ឬ? តើ​មិន​មែន​ជា​ព្រះ​តែ​មួយ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​យើង​ប្រព្រឹត្ត​ក្បត់ ចំពោះ​បង‌ប្អូន​ខ្លួន ទាំង​បង្អាប់​សេចក្ដី​សញ្ញា​របស់បុព្វបុរស​យើង​ដូច្នេះ? 11ពួក​យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បានប្រមាថទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស្រឡាញ់ គឺ​គេ​បាន​រៀប​ការ​ជា‌មួយ​កូន​ស្រី​របស់​ព្រះ​ដទៃ។ 12សូម​ព្រះ‌យេហូវ៉ា​ដក​គេ​ចេញ​ពីពួក​យ៉ាកុប​ទៅ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ដូច្នេះ ជា​អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង។ 13មាន​ការមួយ​ទៀត​ដែល​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ បាន​ជាព្រះ‌អង្គ​មិន​ទត​មើល​តង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ដែរ។ 14អ្នក​រាល់​គ្នា​សួរ​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ទទួល?" ព្រោះ​ព្រះ‌យេហូវ៉ា​ជា​សាក្សី​រវាង​អ្នក​នឹង​ប្រពន្ធ​ដែល​អ្នក​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​នោះ ទោះ​បើ​នាង​ជា​គូ​របស់​អ្នក ហើយ​ជា​ប្រពន្ធពេញ​ច្បាប់​ក៏​ដោយ តែអ្នក​បាន​ក្បត់នឹង​នាង​ដែរ។ 15តើព្រះ‌អង្គ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​តែ​មួយ​ទេ​ឬ? តើ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​រួម​តែ​មួយ​ដូច្នេះដើម្បី​អ្វី? គឺ​ព្រោះ​ព្រះ‌អង្គ​ចង់​ស្វែង​រក​ពូជ​បរិសុទ្ធ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ចុះ កុំ​មាន​ចិត្ត​ក្បត់​ចំពោះ​ប្រ​ពន្ធ​ដែល​បាន​គ្នា ពី​កាល​នៅ​ក្រមុំ​កំលោះ​នោះ​ឡើយ។ 16ដ្បិត​យើង​ស្អប់​ការ​លះ‌លែង​គ្នា​ណាស់ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យើង​ក៏​ស្អប់​ទាំង​អ្នក​ដែល​ឃ្លុំ​សម្លៀក‌បំពាក់​ខ្លួន ដោយ​ការ​ច្រឡោត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ចុះ កុំ​ប្រព្រឹត្ត​ចិត្ត​ក្បត់​ឡើយ។
17ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា​ណាស់។ ប៉ុន្តែ អ្នក​រាល់​គ្នា​សួរ​ថា "តើ​យើង​បាន​រំខាន​ព្រះ‌ហឫ‌ទ័យព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា "អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គេ" ឬ​ថា "តើ​សេចក្ដី​យុត្តិ‌ធម៌របស់​ព្រះ​នៅ​ឯ​ណា?"»។

ទើបបានជ្រើសរើសហើយ៖

ម៉ាឡាគី 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល