ម៉ាឡាគី 1

1
1នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​របស់​ព្រះ‌យេហូវ៉ា​ទៅ​ដល់​អ៊ីស្រា‌អែល ដោយ​សារ​ម៉ាឡាគី ។
ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ៊ីស្រា‌អែល
2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ប៉ុន្តែ អ្នក​រាល់​គ្នា​ថា "តើ​ព្រះ​អង្គ​ស្រឡាញ់​យើង​ដូច​ម្ដេច?"។ ព្រះ‌យេហូវ៉ា​តប​ថា "តើ​អេសាវ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ? តែ​យើង​ស្រឡាញ់​យ៉ាកុប"។ 3យើង​ស្អប់​អេសាវ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​នៅ​ស្ងាត់​ច្រៀប ក៏​ឲ្យ​មត៌ក​របស់​គេទៅ​ពួក​ឆ្កែ​ព្រៃ​នៅ​ទី​រហោ‌ស្ថាន 4ហើយ​ទោះ​បើ​ពួក​អេដុម​ពោល​ថា "យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច‌បង់​ឡើង​វិញ" ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "គេ​នឹង​សង់​ឡើង តែ​យើង​នឹង​រំលំ​ទៀត" មនុស្ស​នឹង​ហៅ​គេ​ថា ទឹក​ដី​របស់​មនុស្ស​ទុច្ចរិត ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប 5ភ្នែកអ្នក​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ពោល​ថា "ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ហួស​ព្រំ​ប្រទល់​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត"»។
អំពើពុក​រលួយ​របស់​ពួក​សង្ឃ
6«កូន​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត​ខ្លាច​ចៅ‌ហ្វាយ ដូច្នេះ បើ​យើង​ជា​ឪពុក តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? ហើយ​បើ​យើង​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារសម្រាប់​អ្នក​រាល់​គ្នា។ ឱ​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​យើង តែអ្នក​ថា "តើ​យើង​រាល់​គ្នា​បាន​មើល‌ងាយ​ព្រះ‌នាម​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?" 7គឺ​អ្នក​រាល់​គ្នា​ថ្វាយ​នំបុ័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​យើង អ្នក​រាល់​គ្នា​ក៏​ពោល​ថា "តើ​យើង​បាន​បង្អាប់​ព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​និយាយ​ថា តុ​របស់​ព្រះ‌យេហូវ៉ា​គួរ​ឲ្យ​ស្អប់។ 8ពេល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​អ្នក​ល​មើល តើ​លោក​សុខ​ចិត្ត​ទទួល ឬ​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 9ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង។ ការ​ទាំង​អស់​នេះ​កើត​ឡើង​ដោយ‌សារ​អ្នក​រាល់​គ្នា ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​ទទួល​អ្នក​រាល់​គ្នា​ដោយ​រាក់​ទាក់​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 10ឱ​ប្រសិន‌បើ​មាន​អ្នក​ណា​មួយ ក្នុង​ចំណោមអ្នក​រាល់​គ្នា​បិទ​ទ្វារ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង​នៅ​លើ​អាសនា​របស់​យើង ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​ចូល​ចិត្ត​អ្នក​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​តង្វាយ​ណា​ពី​ដៃ​អ្នក​រាល់​គ្នា​ដែរ។ 11ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​យើង ព្រម​ទាំង​តង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 12ប៉ុន្តែ ចំណែកអ្នក​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​យើង ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ។ 13ប៉ុន្តែ អ្នក​រាល់​គ្នា​ពោល​ថា "ការ​នេះ​ធុញ​ណាស់" ហើយ​អ្នក​រាល់​គ្នា​បាន​មើល​ងាយ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ អ្នក​រាល់​គ្នា​យក​របស់​ដែល​បាន​ប្លន់​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង ដែល​អ្នក​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​សួរ​ថា តើ​គួរ​ឲ្យ​យើង​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ឬ​ទេ? 14ត្រូវ​បណ្ដាសា​ហើយ អ្នក​បញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​នៅ​ក្នុង​ហ្វូង ហើយ​ក៏​បន់​ព្រះ រួច​យក​សត្វ​មាន​ស្លាក‌ស្នាម​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដ្បិត​យើង​ជា​ស្តេច​ដ៏​ធំ ហើយ​ឈ្មោះ​យើង​ជា​ទី​ស្ញែង​ខ្លាច នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាឡាគី 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល