ម៉ាឡាគី ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរម៉ាឡាគីត្រូវបានសរសេរឡើងនៅដើមសតវត្សរ៍ទីប្រាំ មុនគ្រីស្ទសករាជ គឺប្រមាណជិតមួយរយឆ្នាំ ក្រោយជនជាតិអ៊ីស្រាអែលធ្វើមាតុភូមិនិវត្តន៍។ ច្រើនឆ្នាំក្រោយពេលវិលត្រឡប់មកដល់ស្រុកវិញ សហគមន៍អ៊ីស្រាអែលលែងមានទឹកចិត្តឆេះឆួល ឬរវីរវល់នឹងការគោរពបម្រើព្រះឲ្យបានដិតដល់ដូចមុនទៀតហើយ។ ប្រមាណសាមសិប ឬហាសិបឆ្នាំ មុនហោរាម៉ាឡាគីថ្លែងព្រះបន្ទូលនេះ ជនជាតិអ៊ីស្រាអែលធ្វើតាមសេចក្ដីដែលហោរាហាកាយ និងហោរាសាការីប្រកាស ដោយនាំគ្នាសង់ព្រះវិហារនៅក្រុងយេរូសាឡិមឡើងវិញ (៥២០ - ៥១៥ មុន គ.ស.)។ ប៉ុន្តែ ចាប់ពីពេលនោះមក ស្ថានភាពផ្នែកជំនឿសាសនា និងសីលធម៌ កាន់តែចុះឱនថយទៅៗ ប្រជាជនខ្ជីខ្ជាក្នុងការគោរពបម្រើព្រះ(១.៦-១៤) គេថ្វាយតង្វាយដោយកេងបន្លំព្រះ (៣.៦-១១) សង្ឃលែងចេះបម្រើព្រះ ហើយប្រជាជនក៏លែងប្រព្រឹត្តតាមគម្ពីរវិន័យដែរ (២.១-១៦)។ ដូច្នេះ ហោរាម៉ាឡាគីដាស់តឿនក្រុមសង្ឃ និងប្រជាជនឲ្យកែប្រែចិត្តគំនិត ដោយនឹកដល់ព្រះហឫទ័យស្រឡាញ់របស់ព្រះ (១.១-៥) ហើយលោកក៏ប្រកាសថាព្រះអង្គជិតយាងមក ដើម្បីវិនិច្ឆ័យទោសពួកគេដែរ (២.១៧-៣.៥, ៣.១៣-២៤)។ លោកម៉ាឡាគីប្រកាសប្រាប់ប្រជាជនថា ព្រះចាត់បុរសម្នាក់ឲ្យមករៀបចំផ្លូវថ្វាយព្រះអង្គ (៣.១) លោកនោះជាហោរាដូចលោកអេលីយ៉ា (៣.២៣)។ លោកម៉ាថាយ និងលោកលូកាយល់ថា ហោរាដែលមករៀបចំផ្លូវថ្វាយព្រះអម្ចាស់ ដូចលោកម៉ាឡាគីប្រកាសទុកនេះ គឺលោកយ៉ូហានបាទីស្ត ដែលរៀបចំប្រជាជនទទួលព្រះយេស៊ូវគ្រីស្ទ (មថ. ១៧.១១-១៣ លក. ១.១៧)។
លោកម៉ាឡាគីស្ដីប្រដៅប្រជាជននៅជំនាន់របស់លោក ដែលលែងរវីរវល់នឹងការគោរពប្រណិប័តព្រះ ដើម្បីរៀបចំចិត្តគំនិតពួកគេទទួលព្រះរបស់ខ្លួន។ សេចក្ដីដែលលោកប្រកាសនេះ នៅតែមានប្រសិទ្ធភាពសព្វថ្ងៃដែរ គឺសូមឲ្យកណ្ឌគម្ពីរនេះជួយយើងក្នុងការរៀបចំខ្លួន ទទួលព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង។
ទើបបានជ្រើសរើសហើយ៖
ម៉ាឡាគី ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies