ម៉ាថាយ 13

13
រឿង​ប្រៀប​ធៀប​អំពី​អ្នក​ព្រោះ​ពូជ
(ម៉ាកុស ៤.១-២០ លូកា ៨.៤-១៥)
1នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូវ​បាន​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ។ 2ពេល​នោះ មាន​មហា‌ជន​ច្រើន​កុះករ​នាំ​គ្នា​មក​ចោម​រោម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។ 3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​អំពី​សេចក្ដី​ជា​ច្រើន​ថា៖ «មើល៍ មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ 4ពេល​គាត់​ព្រោះ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ។ 5មាន​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ថ្ម មិន​សូវ​មាន​ដី ពូជ​នោះ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ 6ប៉ុន្តែ ពេល​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។ 7ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត។ 8តែ​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប។ 9អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។
គោល​បំណង​នៃ​រឿង​ប្រៀប​ធៀប
10ពេល​នោះ ពួក​សិស្ស​ចូល​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​ដូច្នេះ?» 11ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌​កំបាំង​របស់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។ 12ដ្បិត​អ្នក​ណា​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​គេ​មាន ក៏​នឹង​ត្រូវ​ដក​យក​ដែរ។ 13ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប ដ្បិត​ដែល​គេ​មើល តែ​មិន​ឃើញ គេ​ស្ដាប់ តែ​មិន​ឮ ហើយ​ក៏​មិន​យល់​ដែរ។ 14សេចក្ដី​ទំនាយ​របស់​ហោរា​អេសាយ ពិត​ជា​បាន​សម្រេច​នៅ​ក្នុង​អ្នក​ទាំង​នោះ​មែន ដែល​ថា
"អ្នក​រាល់​គ្នា​នឹង​ស្ដាប់​មែន តែ​មិន​យល់
ហើយ​ក៏​មើល តែ​មិន​ឃើញ​សោះ។
15ដ្បិត​ចិត្ត​របស់​ប្រជា‌ជន​នេះ​បាន​ត្រឡប់​ជា​ស្ពឹក
ត្រចៀក​របស់​គេ​ធ្ងន់​ពិបាក​នឹង​ស្ដាប់
ភ្នែក​គេ​បិទ​ក្រែង​គេ​មើល​ឃើញ​នឹង​ភ្នែក
ស្ដាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​នៅ​ក្នុង​ចិត្ត
រួច​គេ​វិល​បែរ ហើយ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា" ។
16តែ​អ្នក​រាល់​គ្នា​វិញ​មាន​ពរ​ហើយ ដ្បិត​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្តាប់​ឮ។ 17ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ហោរា និង​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ»។
ព្រះយេស៊ូវ​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​អ្នក​ព្រោះ​ពូជ
18«ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​រឿង​ប្រៀប​ធៀប​ពី​អ្នក​ព្រោះ​ពូជ​នោះ​ចុះ។ 19ពេល​នរណា​ម្នាក់​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះរាជ្យ ហើយ​មិន​យល់ អា​កំណាច​ចូល​មក​ឆក់​យក​សេចក្តី​ដែល​បាន​ព្រោះ​នៅ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ។ នេះ​ហើយ​ជា​ពូជ​ដែល​បាន​ធ្លាក់​លើ​ផ្លូវ។ 20រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​លើ​ដី​ថ្ម នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ 21តែ​អ្នក​នោះ​មិន​ចាក់​ឫស​ទេ គេ​ធន់​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​ពេល​មាន​ទុក្ខ​លំបាក ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះ‌បន្ទូល អ្នក​នោះ​ក៏​រសាយ​ចិត្ត​ចេញ​ភ្លាម។ 22រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល តែ​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ និង​សេចក្តី​បញ្ឆោត​របស់​ទ្រព្យ​សម្បត្តិ ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​កើត​ផល​បាន​ឡើយ។ 23រីឯ​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​ល្អ​វិញ នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​បាន​ជា​មួយ​រយ មួយ​ជា​ហុក‌សិប ហើយ​មួយ​ទៀត​ជា​សាម‌សិប»។
រឿង​ប្រៀប​ធៀប​អំពី​ស្រងែ​ដុះ​ជាមួយ​ស្រូវ
24ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ក្នុង​ស្រែ​របស់​ខ្លួន 25ប៉ុន្តែ កាល​គ្រប់​គ្នា​ដេក​លក់ សត្រូវ​របស់​គាត់​ចូល​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវ​សាលី រួច​ក៏​ចេញ​បាត់​ទៅ។ 26ដូច្នេះ ពេល​ស្រូវ​ដុះ​ឡើង ហើយ​ដាក់​គ្រាប់ នោះ​ស្រងែ​ក៏​លេច​មក​ដែរ។ 27ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ផ្ទះ​ថា "លោក​ម្ចាស់! តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេ​ឬ? ចុះ​ស្រងែ​ទាំង​នេះ​មក​ពី​ណា?" 28លោក​ឆ្លើយ​ថា "គឺ​សត្រូវ​ហើយ​ដែល​ធ្វើ​ដូច្នេះ"។ ពួក​អ្នក​បម្រើ​សួរ​លោក​ថា "ដូច្នេះ តើ​លោក​ម្ចាស់​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​វា​ចេញ​ឬ​ទេ?" 29តែ​លោក​ឆ្លើយ​ថា "កុំ​អី! ព្រោះ​ពេល​អ្នក​ដក​ស្រងែ ស្រូវ​អាច​នឹង​ដោយ​មក​ជា​មួយ 30ទុក​ឲ្យ​ទាំង​ពីរ​ដុះ​ជា​មួយ​គ្នា រហូត​ដល់​ពេល​ច្រូត​ចុះ ហើយ​នៅ​ពេល​ច្រូត ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ជា​មុន​សិន ហើយ​ចង​វា​ជា​កណ្តាប់ ទុក​សម្រាប់​ដុត រីឯ​ស្រូវ​សាលី ចូរ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ"»។
រឿង​ប្រៀប​ធៀប​អំពី​គ្រាប់​ពូជ​ល្អិត និង​ដំបែ
(ម៉ាកុស ៤.៣០-៣៤ លូកា ១៣.១៨-២១)
31ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម៉្យាង​ដ៏​ល្អិត​ដែល​មនុស្ស​ម្នាក់​បាន​យក​ទៅ​ព្រោះ​ក្នុង​ចម្ការ​របស់​ខ្លួន 32គ្រាប់​ពូជ​នេះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​រុក្ខជាតិ​ណា​ទាំង​អស់ រួច​ក្លាយ​ជា​ដើម​ឈើ​មួយ​ដើម ហើយ​សត្វ​ហើរ​លើ​អាកាស​មក​ធ្វើ​សម្បុក​នៅ​តាម​មែក​របស់​វា»។
33ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ រហូត​ដល់​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។
ការ​ប្រើ​រឿង​ប្រៀប​ធៀប
34ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ ទៅ​កាន់​មហា‌ជន​ជា​រឿង​ប្រៀប​ធៀប ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប​ធៀប​ឡើយ។ 35ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «យើង​នឹង​បើក​មាត់​និយាយ​ជា​រឿង​ប្រៀប​ធៀប យើង​នឹង​ប្រកាស​សេចក្ដី​ដែល​លាក់​ទុក តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក» ។
ព្រះ‌យេស៊ូវ​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​ស្រងែ
36បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​មហា‌ជន ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​ស្រងែ​ក្នុង​ស្រែ​ប្រាប់​យើង​ខ្ញុំ​ផង»។ 37ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​ព្រោះ​ពូជ​ល្អ គឺ​ជា​កូន​មនុស្ស 38ស្រែ គឺ​ពិភព​លោក ហើយ​ពូជ​ល្អ គឺ​ជា​ពួក​កូន​របស់​ព្រះរាជ្យ ឯ​ស្រងែ គឺ​ជា​ពួក​កូន​របស់​អា​កំណាច 39សត្រូវ​ដែល​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចម្រូត គឺ​ជា​គ្រា​ចុង​បំផុត ហើយ​ពួក​អ្នក​ច្រូត គឺ​ជា​ពួក​ទេវតា។ 40ដូច្នេះ គេ​ច្រូត​ស្រងែ ហើយ​យក​ទៅ​ដុត​ចោល​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ 41កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​មក ហើយ​ទេវតា​ទាំង​នោះ​នឹង​ប្រមូល​អស់​អ្នក ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពី​ទុច្ចរិត ចេញ​ពី​នគរ​របស់​លោក 42ហើយ​ពួក​ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះ​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ 43ពេល​នោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌វរបិតា​របស់​គេ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»
រឿង​ប្រៀប​ធៀប​បី
44«មួយ​ទៀត ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​កំណប់ កប់​ទុក​ក្នុង​ចម្ការ​ដែល​មនុស្ស​ម្នាក់​បាន​រក​ឃើញ ហើយ​កប់​ទុក​វិញ។ បន្ទាប់​មក គាត់​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​គាត់​មាន​ដោយ​អំណរ ហើយ​ទិញ​យក​ចម្ការ​នោះ។
45មួយ​ទៀត ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ឈ្មួញ​ម្នាក់ កំពុង​ស្វែង​រក​កែវ​មុក្តា ល្អៗ 46កាល​បាន​ឃើញ​កែវ​មុក្ដា​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​លើស​លុប គាត់​ក៏​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន ហើយ​ទិញ​យក​កែវ​មុក្តា​នោះ»។
47«មួយ​ទៀត ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​សំណាញ់ ដែល​គេ​បង់​ទៅ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​ប្រភេទ 48ពេល​ជាប់​ត្រី​ពេញ​ហើយ គេ​ក៏​ទាញ​សំណាញ់​ឡើង​មក​លើ​គោក ហើយ​អង្គុយ​រើស​យក​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ តែ​ត្រី​អាក្រក់ គេ​បោះ​ចោល។ 49នៅ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ពួក​ទេវតា​នឹង​ចេញ​មក ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​មនុស្ស​សុចរិត 50រួច​បោះ​មនុស្ស​អាក្រក់​ទាំង​នោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។
ទ្រព្យ​ទាំង​ថ្មី​ទាំង​ចាស់
51«តើ​អ្នក​រាល់​គ្នា​យល់​សេចក្តី​ទាំង​នេះ ហើយ​ឬ​នៅ?» គេ​ទូល​ឆ្លើយ​ថា៖ «យល់​ហើយ ព្រះ‌អម្ចាស់!» 52ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ដូច្នេះ អស់​ទាំង​អាចារ្យ​ណា​ដែល​ទទួល​ការ​បង្ហាត់​បង្រៀន​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ ប្រៀប​ដូច​ជា​ម្ចាស់​ផ្ទះ​ដែល​បញ្ចេញ​ទ្រព្យ​របស់​ខ្លួន ទាំង​ថ្មី​ទាំង​ចាស់ ចេញ​ពី​ឃ្លាំង»។ 53កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល ជា​រឿង​ប្រៀប​ធៀប​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ។
អ្នក​ភូមិ​ណា​សារ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌យេស៊ូវ
(ម៉ាកុស ៦.១-៦ លូកា ៤.១៦-៣០)
54លុះ​យាង​មក​ដល់​ស្រុក​របស់​ព្រះ‌អង្គ​វិញ​ហើយ ព្រះ‌អង្គ​បង្រៀន​ប្រជា‌ជន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ធ្វើ​ឲ្យ​គេ​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រាជ្ញា និង​ការ​អស្ចារ្យ​ទាំង​នេះ​ពី​ណា​មក? 55តើ​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ? តើ​ម្តាយ​របស់​គាត់​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង‌ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន និង​យូដាស​ទេ​ឬ? 56ហើយ​ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន តើ​មិន​នៅ​ជា​មួយ​យើង​ទេ​ឬ? ដូច្នេះ តើ​អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​ពី​ណា​មក?» 57គេ​ក៏​រវាត​ចិត្ត​នឹង​ព្រះ‌អង្គ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហោរា​មិន​ខ្វះ​ការ​គោរព​រាប់​អាន​ទេ លើក​លែង​តែ​នៅ​ក្នុង​ស្រុក​កំណើត ឬ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ»។ 58ព្រះ‌អង្គ​មិន​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ទេ​នៅ​ទី​នោះ ព្រោះ​គេ​មិន​ជឿ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល