ម៉ាថាយ 6

6
ព្រះ‌បន្ទូល​អំពី​ការ​ធ្វើ​ទាន
1«ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន នៅ​មុខ​មនុស្ស ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​គ្មាន​រង្វាន់​ពី​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌​ឡើយ។ 2ដូច្នេះ ពេល​ណា​អ្នក​ធ្វើ​ទាន ចូរ​កុំ​ផ្លុំ​ត្រែ​នៅ​ពី​មុខ​អ្នក ដូច​មនុស្ស​មាន​ពុត​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​សរសើរ​ខ្លួន​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ 3ប៉ុន្តែ ពេល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​របស់​អ្នក​ធ្វើ​ឡើយ 4ដើម្បី​ឲ្យ​ការ​ធ្វើ​ទាន​របស់​អ្នក​បាន​ស្ងាត់​កំបាំង ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។
ព្រះ‌បន្ទូល​អំពី​ការ​អធិស្ឋាន
(លូកា ១១.២-៤)
5«ពេល​ណា​អ្នក​អធិស្ឋាន ចូរ​កុំ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​គេ​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ជ្រុង​ផ្លូវ ដើម្បី​ឲ្យ​គេ​មើល​ឃើញ​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ 6ប៉ុន្តែ ពេល​ណា​អ្នក​អធិស្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ ហើយ​អធិស្ឋាន​ដល់​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ចុះ នោះ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]។ 7ពេល​អ្នក​អធិស្ឋាន ចូរ​កុំ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌របស់​គេ​នឹង​ស្តាប់​គេ ព្រោះ​គេ​ពោល​ពាក្យ​ជា​ច្រើន។ 8កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌អង្គ​ទៅ​ទៀត។
9ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​ថា
ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ
សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​បរិសុទ្ធ
10សូម​ឲ្យ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​បាន​មក​ដល់
សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន​សម្រេច​នៅ​ផែនដី
ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។
11សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។
12សូម​អត់​ទោស​កំហុស​របស់​យើង​ខ្ញុំ
ដូច​យើង​ខ្ញុំ​បាន​អត់​ទោស
ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។
13សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ
តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អា​កំណាច​វិញ
[ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី​ល្អ​ជា​របស់​ព្រះ‌អង្គ
នៅ​អស់‌កល្ប​ជានិច្ច។ អាម៉ែន។]
14ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​អំពើ​រំលង ដែល​មនុស្ស​បាន​ប្រព្រឹត្ត​នឹង​អ្នក ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ 15ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ ព្រះ‌វរបិតា​របស់​អ្នក ទ្រង់​ក៏​នឹង​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។
ព្រះ‌បន្ទូល​អំពី​ការ​តម​អាហារ
16«ពេល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម ដូច​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ធ្វើ​ទឹក​មុខ​ស្រងូត ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ 17រីឯ​អ្នក​វិញ ពេល​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​ចេញ 18ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា អ្នក​តម​អាហារ គឺ​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​វិញ ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។
ព្រះ‌បន្ទូល​អំពី​សម្បត្ដិ​សួគ៌
(លូកា ១២.៣៣-៣៤)
19«កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយ 20តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញ 21ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។
ភ្នែក​ល្អ
(លូកា ១១.៣៤-៣៦)
22«ភ្នែក​ជា​ចង្កៀង​របស់​រូប‌កាយ ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ រូប‌កាយ​អ្នក​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​ពន្លឺ 23តែ​បើ​ភ្នែក​អ្នក​មិន​ល្អ​វិញ រូប‌កាយ​អ្នក​ទាំង​មូល នឹង​មាន​ពេញ​ដោយ​សេចក្តី​ងងឹត។ ដូច្នេះ បើ​ពន្លឺ​នៅ​ក្នុង​អ្នក ជា​សេចក្តី​ងងឹត​ទៅ​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​សូន្យ​សុង​យ៉ាង​ណា​ទៅ!»
ការ​បម្រើ​ចៅហ្វាយ​ពីរ
(លូកា ១៦.១៣, ១២.២២-៣១)
24«គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។
មិន​ត្រូវ​ខ្វល់​ខ្វាយ​អ្វី​ឡើយ
25«ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​ផឹក​អ្វី​នោះ​ឡើយ ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ដែរ។ តើ​ជីវិត​មិន​វិសេស​ជាង​ម្ហូប​អាហារ ហើយ​រូប‌កាយ​មិន​វិសេស​ជាង​សម្លៀក‌បំពាក់​ទេ​ឬ? 26ចូរ​មើល​ទៅ​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ទុក​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ចុះ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ? 27ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់​អាច​នឹង​បន្ថែម​អាយុ​របស់​ខ្លួន​មួយ​ម៉ោង ដោយ​សារ​សេចក្តី​ខ្វល់‌ខ្វាយ​បាន​ឬ? 28ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់‌ខ្វាយ​នឹង​សម្លៀក‌បំពាក់? ចូរ​ពិចារណា​មើល​ពី​ផ្កា​ដែល​ដុះ​នៅ​ទី​វាល វា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ធ្វើ​ការ​នឿយ​ហត់ ឬ​ស្រាវ​រវៃ​ទេ 29តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង ក៏​មិន​បាន​តែង​កាយ​ដូច​ជា​ផ្កា​មួយ​ទង​នោះ​ផង។ 30ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ប្រសិន‌បើ​ព្រះ​តុប‌តែង​ស្មៅ​នៅ​តាម​ទី​វាល ដែល​ដុះ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​ជើង​ក្រាន​ដូច្នេះ​ទៅ​ហើយ តើ​ទ្រង់​មិន​តុប‌តែង​អ្នក​រាល់​គ្នា លើស​ជាង​នេះ​អម្បាល‌ម៉ាន​ទៅ​ទៀត? 31ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​ថា តើ​យើង​មាន​អ្វី​បរិ‌ភោគ មាន​អ្វី​ផឹក ឬ​មាន​អ្វី​ស្លៀក​ពាក់​នោះ​ឡើយ 32ដ្បិត​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​តែ​របស់​អស់​ទាំង​នោះ ឯ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ដែរ។ 33ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។
34ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់‌ខ្វាយ​របស់​ថ្ងៃ​នោះ។ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល