ម៉ាកុស 13
13
ព្រះយេស៊ូវមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ
(ម៉ាថាយ ២៤.១-២ លូកា ២១.៥-៦)
1ពេលព្រះយេស៊ូវយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអាគារទាំងនេះល្អៗណាស់!» 2ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអាគារធំៗទាំងនេះឬទេ? នឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។
3កាលព្រះអង្គគង់លើភ្នំដើមអូលីវ ទល់មុខព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ 4«សូមប្រាប់យើងខ្ញុំផង តើការនេះនឹងកើតឡើងនៅពេលណា? តើនឹងមានទីសម្គាល់អ្វីឲ្យដឹងពីការទាំងអស់នេះ ដែលបម្រុងនឹងបានសម្រេច?» 5ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង 6ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា "គឺខ្ញុំនេះហើយ" ហើយគេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ 7កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម មិនត្រូវច្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ។ 8ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ។ នឹងមានរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ព្រមទាំងមានអំណត់កើតឡើងផង។ ការនេះប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន»។
ព្រះយេស៊ូវប្រកាសអំពីការបៀតបៀន
9«ប៉ុន្តែ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា គេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ ហើយអ្នករាល់គ្នានឹងឈរនៅចំពោះទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ដើម្បីធ្វើបន្ទាល់ដល់អស់លោកទាំងនោះ។ 10ប៉ុន្តែ ដំណឹងល្អ ត្រូវតែប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ជាមុនសិន។ 11ពេលគេបញ្ជូនអ្នករាល់គ្នាទៅកាត់ទោស កុំព្រួយបារម្ភជាមុនអំពីពាក្យដែលអ្នករាល់គ្នាត្រូវនិយាយឡើយ ត្រូវនិយាយតែសេចក្តីណាដែលព្រះប្រទានមកអ្នករាល់គ្នា នៅវេលានោះចុះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណបរិសុទ្ធវិញទេតើ។ 12បងប្អូននឹងបញ្ជូនបងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូនលើកគ្នាទាស់នឹងឪពុកម្តាយ ហើយប្រគល់ឲ្យគេសម្លាប់ទៀតផង។ 13មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ តែអ្នកណាដែលស៊ូទ្រាំដល់ចុងបញ្ចប់ នោះនឹងបានសង្គ្រោះ»។
វត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម
(ម៉ាថាយ ២៤.១៥-២៨ លូកា ២១.២០-២៤)
14«កាលណាអ្នករាល់គ្នាឃើញវត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនគួរឈរ (ចូរឲ្យអ្នកអានយល់សេចក្ដីនេះចុះ) ពេលនោះ អស់អ្នកដែលនៅស្រុកយូដា ត្រូវរត់ចេញទៅជ្រកតាមភ្នំ។ 15អ្នកនៅលើដំបូលផ្ទះមិនត្រូវចុះមកក្រោម ឬចូលទៅយកអ្វីចេញពីក្នុងផ្ទះឡើយ 16ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវត្រឡប់មកយកអាវរបស់ខ្លួនវិញដែរ។ 17នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ និងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់។ 18ចូរអធិស្ឋានសូមកុំឲ្យហេតុការណ៍នេះកើតឡើងនៅរដូវរងាឡើយ 19ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាយ៉ាងខ្លាំង ដែលតាំងពីកំណើតពិភពលោកមក គឺតាំងពីព្រះបានបង្កើត រហូតមកដល់សព្វថ្ងៃ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។ 20ប្រសិនបើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាបានសង្គ្រោះឡើយ ប៉ុន្តែ ព្រះអង្គបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី ដោយយល់ដល់ពួករើសតាំង គឺពួកអ្នកដែលព្រះអង្គជ្រើសរើស។ 21ពេលនោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍! ព្រះគ្រីស្ទគង់នៅទីនេះ!" ឬថា "មើល៍! ព្រះអង្គគង់នៅទីនោះ!" កុំជឿគេឡើយ 22ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យផេ្សងៗ ដើម្បីនាំពួកអ្នករើសតាំងឲ្យវង្វេង ប្រសិនបើគេអាចធ្វើបាន។ 23ចូរប្រុងប្រយ័ត្ន! ដ្បិតខ្ញុំបានប្រាប់អី្វៗទាំងអស់ដល់អ្នករាល់គ្នាជាមុនហើយ»។
កូនមនុស្សនឹងយាងមកវិញ
(ម៉ាថាយ ២៤.២៩-៤៤ លូកា ២១.២៥-៣៣)
24«ប៉ុន្តែ នៅគ្រាក្រោយសេចក្តីវេទនានោះ ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ 25ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ 26បន្ទាប់មក គេនឹងឃើញកូនមនុស្សយាងមកក្នុងពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ 27ពេលនោះ លោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួករើសតាំងរបស់លោក ពីទិសទាំងបួន តាំងពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង»។
មេរៀនអំពីដើមល្វា
28«ចូររៀនជាសេចក្តីប្រៀបធៀបពីដើមល្វានេះចុះ។ កាលណាមែករបស់វាត្រឡប់ជាទន់ ហើយស្លឹកលាស់ឡើង អ្នករាល់គ្នាដឹងថា រដូវក្តៅជិតមកដល់ហើយ។ 29ដំណើរនេះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង នោះត្រូវដឹងថា កូនមនុស្សជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង។ 30ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនកន្លងផុតឡើយ រហូតទាល់តែគ្រប់ការទាំងនេះបានកើតមក។ 31ផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំ នឹងមិនកន្លងបាត់ឡើយ»។
ការត្រៀមខ្លួនរង់ចាំទទួលព្រះគ្រីស្ទ
32«ប៉ុន្តែ ត្រង់ឯថ្ងៃ ឬពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ មានតែព្រះវរបិតាមួយអង្គប៉ុណ្ណោះដែលជ្រាប។ 33ចូរប្រុងប្រយ័ត្ន ហើយចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងថា ពេលនោះ នឹងមកដល់នៅវេលាណាទេ។ 34ដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលចេញដំណើរទៅឆ្ងាយ ហើយពេលគាត់ចេញពីផ្ទះ គាត់ប្រគល់អំណាចដល់ពួកបាវបម្រើ ឲ្យម្នាក់ៗមានការងាររៀងៗខ្លួន ទាំងបង្គាប់ឆ្មាំទ្វារឲ្យចាំយាមផង។ 35ដូច្នេះ ចូរចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងថា ម្ចាស់ផ្ទះនឹងមកនៅវេលាណាទេ មិនដឹងជាល្ងាច កណ្តាលអធ្រាត្រ ពេលមាន់រងាវ ឬពេលព្រលឹមនោះឡើយ 36ក្រែងលោពេលលោកមកដល់ភ្លាម ឃើញអ្នករាល់គ្នាកំពុងតែដេកលក់។ 37សេចក្តីដែលខ្ញុំប្រាប់អ្នករាល់គ្នានេះ ខ្ញុំប្រាប់ដល់មនុស្សទាំងអស់ គឺថា ចូរចាំយាមចុះ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: