ម៉ាកុស 14

14
ការ​ឃុប‌ឃិត​ធ្វើ​ឃាត​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.១-៥ លូកា ២២.១-២ យ៉ូហាន ១១.៤៥-៥៣)
1ឥឡូវ​នេះ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បាន​រិះ​រក​មធ្យោ​បាយ ដោយ​ប្រើ​កល​ល្បិច ដើម្បី​ចាប់​ព្រះ​យេស៊ូវ​យក​ទៅ​ធ្វើ​គុត។ 2ដ្បិត​គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​មាន​ចលា‌ចល​ក្នុង​ចំណោម​ប្រជា‌ជន»។
ស្ត្រី​ម្នាក់​ចាក់​ប្រេង​លើ​សិរសា​ព្រះ‌យេស៊ូវ
3ពេល​ព្រះ‌អង្គ​កំពុង​គង់​នៅ​តុ​អាហារ​ឯ​ភូមិ​បេថា‌នី ក្នុង​ផ្ទះ​ស៊ី​ម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​បំផុត ហើយ​នាង​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ។ 4ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​ទាស់​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អី្វ​ក៏​យក​ប្រេង​មក​បង្ខាត​ចោល​ដូច្នេះ? 5ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ជាង​បី​រយ​ដេណារី ហើយ​យក​ប្រាក់​ចែក​ទាន​ដល់​អ្នក​ក្រ​បាន»។ អ្នក​ទាំង​នោះ​ស្ដី​បន្ទោស​ដល់​នាង។ 6ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​ចុះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នាង? នាង​បាន​ធ្វើ​ការ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ 7ដ្បិត​អ្នក​រាល់​គ្នា​មាន​អ្នក​ក្រ​នៅ​ជា​មួយ​រហូត ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ​នៅ​ពេល​ណា​ក៏​បាន តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ 8នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​ចាក់​ប្រេង​លើ​រូប​កាយ​ខ្ញុំ​ជា​មុន សម្រាប់​ពិធី​បញ្ចុះ​សព​ខ្ញុំ។ 9ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទី​ណា​ដែល​ដំណឹង​ល្អ​នេះ​ប្រកាស​ទៅ​ដល់ នោះ​គេ​នឹង​តំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ជា​ការ​រំឭក​អំពី​នាង»។
យូដាស​អ៊ីស្កា‌រីយ៉ុត​ក្បត់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.១៤-១៦ លូកា ២២.៣-៦)
10ពេល​នោះ យូដាស​អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ក៏​ទៅ​ជួប​ពួក​សង្គ្រាជ ដើម្បី​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។ 11កាល​គេ​បាន​ឮ​ដូច្នោះ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ ដូច្នេះ គាត់​ក៏​ស្វែង​រក​ឱកាស​ល្អ​ដើម្បី​បញ្ជូន​ព្រះ‌អង្គ។
ព្រះ‌យេស៊ូវ​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស
(ម៉ាថាយ ២៦.១៧-២៥ លូកា ២២.៧-១៤, ២១-២៣ យ៉ូហាន ១៣.២១-៣០)
12នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ជា​ពេល​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ​បូជា សម្រាប់​បុណ្យ​រំលង ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​រៀប​ចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?» 13ដូច្នេះ ព្រះ‌អង្គ​ក៏​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​បុរស​ម្នាក់​លី​ក្អម​ទឹក​មក​ជួប​អ្នក។ ចូរ​ដើរ​តាម​អ្នក​នោះ​ទៅ 14ហើយ​កន្លែង​ណា​ដែល​គាត់​ចូល​ទៅ ចូរ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​ទទួល​ទាន​អាហារ​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​របស់​ខ្ញុំ​នៅ​ឯ​ណា?" 15នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​មួយ​ធំ​នៅ​ជាន់​លើ ដែល​រៀប​ចំ​ជា​ស្រេច។ ចូរ​រៀប​ចំ​អាហារ​សម្រាប់​យើង​នៅ​ទី​នោះ​ចុះ»។ 16ដូច្នេះ សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ ពេល​ទៅ​ដល់​ទី​ក្រុង គេ​ឃើញ​អ្វីៗ​ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​មែន ហើយ​គេ​ក៏​រៀប​ចំ​អាហារ​បុណ្យ​រំលង។
17លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​យាង​មក​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ។ 18ពេល​គេ​រួម​តុ​ទទួល​ទាន​អាហារ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​កំពុង​បរិ‌ភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ 19ពួក​គេ​ចាប់​ផ្ដើម​ព្រួយ​ចិត្ត ហើយ​ទូល​ព្រះ‌អង្គ​ម្នាក់​ម្តងៗ​ថា៖ «មិន​មែន​ទូល​បង្គំ​ទេ មែន​ទេ?» 20ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ដែល​ជ្រលក់​នំ​ប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ។ 21ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។
ពិធី​ជប់​លៀង​របស់​ព្រះ‌អម្ចាស់
(មថ. ២៦.២៦-៣០ លក. ២២.១៥-២០ ១ ករ. ១១.២៣-២៥)
22កាល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​គេ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ 23បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​ពួក​គេ គេ​ក៏​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។ 24ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។ 25ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។
ព្រះ‌យេស៊ូវ​ប្រកាស​ថា​លោក​ពេត្រុស​ប្រ‌កែក​មិន​ស្គាល់​ព្រះ‌អង្គ
(មថ. ២៦.៣១-៣៥ លក. ២២.៣១-៣៤ យហ. ១៣.៣៦-៣៨)
26ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។ 27ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "យើង​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ" 28ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា»។ 29ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ ក៏​ទូល​បង្គំ​មិន​រវាត​ចិត្ត​ជា​ដាច់​ខាត»។ 30ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ 31តែ​គាត់​ប្រ‌កែក​កាន់​តែ​ខ្លាំង​ថា៖ «ទោះ​បើ​ទូល​បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល​បង្គំ​មិន​ប្រ‌កែក​ថា មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត»។ គេ​ទាំង​អស់​និយាយ​ដូច​គ្នា។
ព្រះ‌យេស៊ូវ​អធិស្ឋាន​នៅ​សួន​គែតសេ‌ម៉ានី
(ម៉ាថាយ ២៦.៣៦-៤៦ លូកា ២២.៣៩-៤៦)
32គេ​មក​ដល់​កន្លែង​មួយ​ឈ្មោះ សួន​គែតសេ‌ម៉ានី ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «ចូរ​អង្គុយ​នៅ​ទី​នេះ​ចុះ ពេល​ខ្ញុំ​អធិស្ឋាន»។ 33ព្រះ‌អង្គ​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​តាន​តឹង ហើយ​តប់​ប្រមល់​ជា​ខ្លាំង។ 34ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​ជា​ខ្លាំង សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ហើយ​ចាំ​យាម​ចុះ»។ 35កាល​យាង​ទៅ​មុខ​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​សូម​ឲ្យ​ពេល​វេលា​នេះ​កន្លង​ផុត​ពី​ព្រះ‌អង្គ​ទៅ ប្រសិន‌បើ​បាន។ 36ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «អ័ប្បា ព្រះ‌វរបិតា​អើយ! ព្រះ‌អង្គ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នេះ ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ 37ព្រះ‌អង្គ​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពេត្រុស​ថា៖ «ស៊ីម៉ូន​អើយ អ្នក​ដេក​លក់​ដូច្នេះ​ឬ? តើ​អ្នក​ទ្រាំ​ចាំ​យាម​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? 38ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្តី​ល្បួង វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ 39ព្រះ‌អង្គ​យាង​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​មាន​ព្រះ​បន្ទូល​ជា​ពាក្យ​ដដែល។ 40កាល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ ទ្រង់​ឃើញ​គេ​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ បើក​មិន​រួច ហើយ​គេ​មិន​ដឹង​ជា​ទូល​ព្រះ‌អង្គ​ដូច​ម្តេច។ 41ព្រះ‌អង្គ​យាង​មក​ជា​លើក​ទី​បី ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយ​សម្រាក​ទៀត​ឬ? ល្មម​ហើយ ពេល​កំណត់​មក​ដល់​ហើយ កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​មាន​បាប។ 42ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ មើល៍! អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។
គេ​ចាប់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.៤៧-៥៦ លូកា ២២.៤៧-៥៣ យ៉ូហាន ១៨.៣-១២)
43កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ​បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ មក​ដល់​ភា្លម មាន​ទាំង​បណ្ដាជន​មួយ​ក្រុម កាន់​ដាវ និង​កាន់​ដំបង​មក​ជា​មួយ។ អ្នក​ទាំង​នោះ​មក​ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ។ 44អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​បាន​ឲ្យ​សញ្ញា​មួយ​ដល់​គេ ដោយ​ប្រាប់​ថា៖ «អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​គាត់ ហើយ​នាំ​ទៅ​ដោយ​ប្រយ័ត្ន‌ប្រយែង​ចុះ»។ 45ពេល​គាត់​មក​ដល់ គាត់​ចូល​ទៅ​រក​ព្រះ‌អង្គ​ភា្លម ដោយ​ទូល​ថា៖ «រ៉ាប៊ី!» រួច​គាត់​ថើប​ព្រះ‌អង្គ។ 46ពេល​នោះ គេ​ក៏​លូក​ដៃ​មក​ចាប់​ព្រះ‌អង្គ។ 47ប៉ុន្តែ ក្នុង​ចំណោម​ពួក​អ្នក​ដែល​ឈរ​ជិត មាន​ម្នាក់​ហូត​ដាវ​កាប់​បាវ​បម្រើ​របស់​សម្ដេច​សង្ឃ ដាច់​ស្លឹក​ត្រចៀក។ 48ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង ដូច​ខ្ញុំ​នេះ​ជា​ចោរ​ឬ? 49ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រាល់​ថ្ងៃ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ​ផង ហើយ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ប៉ុន្តែ បទ​គម្ពីរ​ត្រូវ​តែ​បាន​សម្រេច»។ 50ពេល​នោះ ពួក​សិស្ស​បោះ‌បង់​ចោល​ព្រះ‌អង្គ ហើយ​រត់​គេច​បាត់​អស់។
51មាន​កំលោះ​ម្នាក់​ដែល​ដើរ​តាម​ព្រះ‌អង្គ មាន​តែ​សំពត់​ទេស‌ឯក​មួយ​ផ្ទាំង​បិទ​បាំង​ខ្លួន។ គេ​បាន​ចាប់​គាត់ 52តែ​គាត់​រត់​ចោល​សំពត់​ទេស​ឯក​នោះ ទៅ​តែ​ខ្លួន​ទទេ។
ព្រះ‌យេស៊ូវ​នៅ​មុខ​ក្រុម​ប្រឹក្សា
(ម៉ាថាយ ២៦.៥៧-៦៨ លូកា ២២.៥៤-៥៥, ៦៣-៧១ យ៉ូហាន ១៨.១៣-១៤, ១៩-២០)
53គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​ជួប​សម្ដេច​សង្ឃ ហើយ​ពួក​សង្គ្រាជ ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ​ទាំង​អស់ បាន​មក​ជួប​ជុំ​គ្នា។ 54ឯ​ពេត្រុស​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទី‌លាន​របស់​សម្ដេច​សង្ឃ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះ​វិហារ។ 55ពួក​សង្គ្រាជ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល​នាំ​គ្នា​ស្វែង​រក​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​សម្លាប់​ព្រះ‌អង្គ តែ​គេ​រក​មិន​បាន​សោះ។ 56មនុស្ស​ជា​ច្រើន​បាន​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​ព្រះ‌អង្គ តែ​បន្ទាល់​របស់​គេ​មិន​ស្រប​គ្នា។ 57អ្នក​ខ្លះ​ឈ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​ព្រះ‌អង្គ​ថា៖ 58«យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា "ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​មួយ​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស"»។ 59ប៉ុន្តែ ទោះ​ជា​រឿង​នេះ​ក្តី ក៏​បន្ទាល់​របស់​គេ​នៅ​តែ​មិន​ត្រូវ​គ្នា​ដដែល។ 60ពេល​នោះ សម្ដេច​សង្ឃ​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ហើយ​សួរ​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? ពាក្យ​ដែល​បុរស​ទាំង​នេះ​ចោទ​ប្រកាន់​អ្នក តើ​យ៉ាង​ដូច​ម្តេច​ដែរ?» 61តែ​ព្រះ‌អង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​អ្វី​សោះ។ សម្ដេច​សង្ឃ​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ដ៏​មាន​ពរ​ឬ?» 62ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ដ៏​មាន​ព្រះ​ចេស្តា ហើយ​យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ »។ 63ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន ហើយ​ពោល​ថា៖ «តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? 64អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ តើ​អ្នក​រាល់​គ្នា​សម្រេច​ដូច​ម្តេច?» គេ​ទាំង​អស់​គ្នា​កាត់​ទោស​ព្រះ‌អង្គ​ថា​សម​នឹង​ស្លាប់។ 65អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គ្រប​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ហើយ​វាយ​ព្រះ‌អង្គ ទាំង​ពោល​ទៅ​ព្រះ‌អង្គ​ថា៖ «ទាយ​មើល៍!» កង​រក្សា​ព្រះ​វិហារ​ក៏​យក​ព្រះ‌អង្គ​មក​ទះ​កំផ្លៀង។
លោក​ពេត្រុស​ប្រ‌កែក​មិន​ស្គាល់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.៦៩-៧៥ លូកា ២២.៥៦-៦២ យ៉ូហាន ១៨.១៥-១៨, ២៥-២៧)
66ពេល​ពេត្រុស​កំពុង​តែ​នៅ​ក្នុង​ទី‌លាន​ខាង​ក្រោម ស្រី​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​ក៏​មក​ដល់។ 67ពេល​នាង​ឃើញ​ពេត្រុស​កំពុង​អាំង​ភ្លើង ក៏​សម្លឹង​មើល​គាត់ ហើយ​ពោល​ថា៖ «អ្នក​ក៏​នៅ​ជា​មួយ​យេស៊ូវ ពី​ភូមិ​ណាសា‌រ៉ែត​នេះ​ដែរ»។ 68តែ​គាត់​ប្រ‌កែក​ថា៖ «ខ្ញុំ​មិន​ដឹង មិន​យល់​ថា​អ្នក​កំពុង​និយាយ​ពី​អ្វី​ទេ» រួច​គាត់​ចេញ​ទៅ​ទីធ្លា​ខាង​ក្រៅ ពេល​នោះ មាន់​ក៏​រងាវ​ឡើង។ 69ស្រី​បម្រើ​នោះ​ឃើញ​គាត់​ម្តង​ទៀត ហើយ​ចាប់​ផ្ដើម​ប្រាប់​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នោះ​ថា៖ «អ្នក​នេះ​ក៏​ជា​ម្នាក់​ក្នុង​ពួក​គេ​ដែរ»។ 70តែ​គាត់​ប្រ‌កែក​ម្តង​ទៀត។ បន្តិច​ក្រោយ​មក ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នោះ និយាយ​ទៅ​ពេត្រុស​ថា៖ «ប្រាកដ​ហើយ អ្នក​ក៏​ជា​ម្នាក់​ក្នុង​ពួក​គេ​ដែរ ដ្បិត​អ្នក​ជា​អ្នក​ស្រុក​កាលី‌ឡេ»។ 71តែ​គាត់​ចាប់​ផ្ដើម​យក​ខ្លួន​ស្បថ​ស្បែ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​ដែល​អ្នក​រាល់​គ្នា​និយាយ​នេះ​ទេ»។ 72ភ្លាម​នោះ មាន់​ក៏​រងាវ​ឡើង​ជា​លើក​ទី​ពីរ ពេត្រុស​ក៏​នឹក​ឃើញ​ពាក្យ​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ គាត់​ក៏​ក្តុក​ក្ដួល ហើយ​ទ្រហោ​យំ។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល