ម៉ាកុស 14
14
ការឃុបឃិតធ្វើឃាតព្រះយេស៊ូវ
(ម៉ាថាយ ២៦.១-៥ លូកា ២២.១-២ យ៉ូហាន ១១.៤៥-៥៣)
1ឥឡូវនេះ នៅពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង និងបុណ្យនំបុ័ងឥតដំបែ។ ពួកសង្គ្រាជ និងពួកអាចារ្យបានរិះរកមធ្យោបាយ ដោយប្រើកលល្បិច ដើម្បីចាប់ព្រះយេស៊ូវយកទៅធ្វើគុត។ 2ដ្បិតគេនិយាយថា៖ «កុំធ្វើក្នុងពេលបុណ្យឡើយ ក្រែងកើតមានចលាចលក្នុងចំណោមប្រជាជន»។
ស្ត្រីម្នាក់ចាក់ប្រេងលើសិរសាព្រះយេស៊ូវ
3ពេលព្រះអង្គកំពុងគង់នៅតុអាហារឯភូមិបេថានី ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នោះមានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃបំផុត ហើយនាងបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ។ 4ប៉ុន្តែ មានអ្នកខ្លះនៅទីនោះទាស់ចិត្ត ហើយនិយាយគ្នាថា៖ «ហេតុអី្វក៏យកប្រេងមកបង្ខាតចោលដូច្នេះ? 5ដ្បិតប្រេងនេះអាចលក់បានជាងបីរយដេណារី ហើយយកប្រាក់ចែកទានដល់អ្នកក្របាន»។ អ្នកទាំងនោះស្ដីបន្ទោសដល់នាង។ 6ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តចុះ ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនាង? នាងបានធ្វើការដ៏ល្អចំពោះខ្ញុំ។ 7ដ្បិតអ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត ហើយអ្នករាល់គ្នាចង់ធ្វើគុណនឹងគេនៅពេលណាក៏បាន តែឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ 8នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានចាក់ប្រេងលើរូបកាយខ្ញុំជាមុន សម្រាប់ពិធីបញ្ចុះសពខ្ញុំ។ 9ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលដំណឹងល្អនេះប្រកាសទៅដល់ នោះគេនឹងតំណាលពីការដែលនាងបានធ្វើ ជាការរំឭកអំពីនាង»។
យូដាសអ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូវ
(ម៉ាថាយ ២៦.១៤-១៦ លូកា ២២.៣-៦)
10ពេលនោះ យូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ក៏ទៅជួបពួកសង្គ្រាជ ដើម្បីបញ្ជូនព្រះអង្គទៅឲ្យពួកគេ។ 11កាលគេបានឮដូច្នោះ គេសប្បាយចិត្តណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ ដូច្នេះ គាត់ក៏ស្វែងរកឱកាសល្អដើម្បីបញ្ជូនព្រះអង្គ។
ព្រះយេស៊ូវធ្វើពិធីបុណ្យរំលងជាមួយពួកសិស្ស
(ម៉ាថាយ ២៦.១៧-២៥ លូកា ២២.៧-១៤, ២១-២៣ យ៉ូហាន ១៣.២១-៣០)
12នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?» 13ដូច្នេះ ព្រះអង្គក៏ចាត់សិស្សរបស់ព្រះអង្គពីរនាក់ឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរទៅក្នុងទីក្រុង នោះនឹងមានបុរសម្នាក់លីក្អមទឹកមកជួបអ្នក។ ចូរដើរតាមអ្នកនោះទៅ 14ហើយកន្លែងណាដែលគាត់ចូលទៅ ចូរនិយាយទៅម្ចាស់ផ្ទះនោះថា "លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ដែលខ្ញុំត្រូវទទួលទានអាហារបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅឯណា?" 15នោះគាត់នឹងបង្ហាញបន្ទប់មួយធំនៅជាន់លើ ដែលរៀបចំជាស្រេច។ ចូររៀបចំអាហារសម្រាប់យើងនៅទីនោះចុះ»។ 16ដូច្នេះ សិស្សទាំងពីរនាក់នោះក៏ចេញទៅ ពេលទៅដល់ទីក្រុង គេឃើញអ្វីៗដូចព្រះអង្គបានមានព្រះបន្ទូលប្រាប់មែន ហើយគេក៏រៀបចំអាហារបុណ្យរំលង។
17លុះដល់ពេលល្ងាច ព្រះអង្គយាងមកជាមួយអ្នកទាំងដប់ពីរ។ 18ពេលគេរួមតុទទួលទានអាហារ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នាដែលកំពុងបរិភោគជាមួយខ្ញុំ មានម្នាក់នឹងក្បត់ខ្ញុំ»។ 19ពួកគេចាប់ផ្ដើមព្រួយចិត្ត ហើយទូលព្រះអង្គម្នាក់ម្តងៗថា៖ «មិនមែនទូលបង្គំទេ មែនទេ?» 20ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលជ្រលក់នំប៉័ងក្នុងចានជាមួយខ្ញុំ។ 21ដ្បិតកូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។
ពិធីជប់លៀងរបស់ព្រះអម្ចាស់
(មថ. ២៦.២៦-៣០ លក. ២២.១៥-២០ ១ ករ. ១១.២៣-២៥)
22កាលកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគចុះ នេះជារូបកាយខ្ញុំ»។ 23បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានដល់ពួកគេ គេក៏ផឹកពីពែងនោះទាំងអស់គ្នា។ 24ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសេចក្ដីសញ្ញា ដែលត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។ 25ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មី នៅក្នុងព្រះរាជ្យរបស់ព្រះ»។
ព្រះយេស៊ូវប្រកាសថាលោកពេត្រុសប្រកែកមិនស្គាល់ព្រះអង្គ
(មថ. ២៦.៣១-៣៥ លក. ២២.៣១-៣៤ យហ. ១៣.៣៦-៣៨)
26ក្រោយពីបានច្រៀងទំនុកតម្កើងមួយរួចហើយ គេក៏នាំគ្នាចេញទៅភ្នំដើមអូលីវ។ 27ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" 28ប៉ុន្តែ ក្រោយពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ 29ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ 30ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ 31តែគាត់ប្រកែកកាន់តែខ្លាំងថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ គេទាំងអស់និយាយដូចគ្នា។
ព្រះយេស៊ូវអធិស្ឋាននៅសួនគែតសេម៉ានី
(ម៉ាថាយ ២៦.៣៦-៤៦ លូកា ២២.៣៩-៤៦)
32គេមកដល់កន្លែងមួយឈ្មោះ សួនគែតសេម៉ានី ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំអធិស្ឋាន»។ 33ព្រះអង្គយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យតានតឹង ហើយតប់ប្រមល់ជាខ្លាំង។ 34ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តជាខ្លាំង សឹងតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាមចុះ»។ 35កាលយាងទៅមុខបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានសូមឲ្យពេលវេលានេះកន្លងផុតពីព្រះអង្គទៅ ប្រសិនបើបាន។ 36ព្រះអង្គមានព្រះបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកយកពែងនេះ ចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ 37ព្រះអង្គត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅពេត្រុសថា៖ «ស៊ីម៉ូនអើយ អ្នកដេកលក់ដូច្នេះឬ? តើអ្នកទ្រាំចាំយាមតែមួយម៉ោងមិនបានទេឬ? 38ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្តីល្បួង វិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ 39ព្រះអង្គយាងចេញទៅអធិស្ឋានម្តងទៀត ដោយមានព្រះបន្ទូលជាពាក្យដដែល។ 40កាលព្រះអង្គយាងត្រឡប់មកវិញ ទ្រង់ឃើញគេដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ បើកមិនរួច ហើយគេមិនដឹងជាទូលព្រះអង្គដូចម្តេច។ 41ព្រះអង្គយាងមកជាលើកទីបី ហើយមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? ល្មមហើយ ពេលកំណត់មកដល់ហើយ កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សមានបាប។ 42ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍! អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។
គេចាប់ព្រះយេស៊ូវ
(ម៉ាថាយ ២៦.៤៧-៥៦ លូកា ២២.៤៧-៥៣ យ៉ូហាន ១៨.៣-១២)
43កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ មកដល់ភា្លម មានទាំងបណ្ដាជនមួយក្រុម កាន់ដាវ និងកាន់ដំបងមកជាមួយ។ អ្នកទាំងនោះមកពីពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ។ 44អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយប្រាប់ថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំទៅដោយប្រយ័ត្នប្រយែងចុះ»។ 45ពេលគាត់មកដល់ គាត់ចូលទៅរកព្រះអង្គភា្លម ដោយទូលថា៖ «រ៉ាប៊ី!» រួចគាត់ថើបព្រះអង្គ។ 46ពេលនោះ គេក៏លូកដៃមកចាប់ព្រះអង្គ។ 47ប៉ុន្តែ ក្នុងចំណោមពួកអ្នកដែលឈរជិត មានម្នាក់ហូតដាវកាប់បាវបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។ 48ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបង ដូចខ្ញុំនេះជាចោរឬ? 49ខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃ ទាំងបង្រៀននៅក្នុងព្រះវិហារផង ហើយអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ បទគម្ពីរត្រូវតែបានសម្រេច»។ 50ពេលនោះ ពួកសិស្សបោះបង់ចោលព្រះអង្គ ហើយរត់គេចបាត់អស់។
51មានកំលោះម្នាក់ដែលដើរតាមព្រះអង្គ មានតែសំពត់ទេសឯកមួយផ្ទាំងបិទបាំងខ្លួន។ គេបានចាប់គាត់ 52តែគាត់រត់ចោលសំពត់ទេសឯកនោះ ទៅតែខ្លួនទទេ។
ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សា
(ម៉ាថាយ ២៦.៥៧-៦៨ លូកា ២២.៥៤-៥៥, ៦៣-៧១ យ៉ូហាន ១៨.១៣-១៤, ១៩-២០)
53គេនាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃ ហើយពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យទាំងអស់ បានមកជួបជុំគ្នា។ 54ឯពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីលានរបស់សម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ។ 55ពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលនាំគ្នាស្វែងរកបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីសម្លាប់ព្រះអង្គ តែគេរកមិនបានសោះ។ 56មនុស្សជាច្រើនបានធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គ តែបន្ទាល់របស់គេមិនស្របគ្នា។ 57អ្នកខ្លះឈឡើង ធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គថា៖ 58«យើងខ្ញុំបានឮគាត់និយាយថា "ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស"»។ 59ប៉ុន្តែ ទោះជារឿងនេះក្តី ក៏បន្ទាល់របស់គេនៅតែមិនត្រូវគ្នាដដែល។ 60ពេលនោះ សម្ដេចសង្ឃក៏ឈរឡើងនៅកណ្តាលជំនុំ ហើយសួរព្រះយេស៊ូវថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» 61តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីសោះ។ សម្ដេចសង្ឃសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានពរឬ?» 62ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «គឺខ្ញុំហ្នឹងហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយយាងមកក្នុងពពកនៅលើមេឃ »។ 63ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន ហើយពោលថា៖ «តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? 64អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ តើអ្នករាល់គ្នាសម្រេចដូចម្តេច?» គេទាំងអស់គ្នាកាត់ទោសព្រះអង្គថាសមនឹងស្លាប់។ 65អ្នកខ្លះចាប់ផ្ដើមស្តោះទឹកមាត់ដាក់ព្រះអង្គ គ្របព្រះភក្ត្ររបស់ព្រះអង្គ ហើយវាយព្រះអង្គ ទាំងពោលទៅព្រះអង្គថា៖ «ទាយមើល៍!» កងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង។
លោកពេត្រុសប្រកែកមិនស្គាល់ព្រះយេស៊ូវ
(ម៉ាថាយ ២៦.៦៩-៧៥ លូកា ២២.៥៦-៦២ យ៉ូហាន ១៨.១៥-១៨, ២៥-២៧)
66ពេលពេត្រុសកំពុងតែនៅក្នុងទីលានខាងក្រោម ស្រីបម្រើម្នាក់របស់សម្ដេចសង្ឃក៏មកដល់។ 67ពេលនាងឃើញពេត្រុសកំពុងអាំងភ្លើង ក៏សម្លឹងមើលគាត់ ហើយពោលថា៖ «អ្នកក៏នៅជាមួយយេស៊ូវ ពីភូមិណាសារ៉ែតនេះដែរ»។ 68តែគាត់ប្រកែកថា៖ «ខ្ញុំមិនដឹង មិនយល់ថាអ្នកកំពុងនិយាយពីអ្វីទេ» រួចគាត់ចេញទៅទីធ្លាខាងក្រៅ ពេលនោះ មាន់ក៏រងាវឡើង។ 69ស្រីបម្រើនោះឃើញគាត់ម្តងទៀត ហើយចាប់ផ្ដើមប្រាប់ពួកអ្នកដែលឈរនៅទីនោះថា៖ «អ្នកនេះក៏ជាម្នាក់ក្នុងពួកគេដែរ»។ 70តែគាត់ប្រកែកម្តងទៀត។ បន្តិចក្រោយមក ពួកអ្នកដែលឈរនៅទីនោះ និយាយទៅពេត្រុសថា៖ «ប្រាកដហើយ អ្នកក៏ជាម្នាក់ក្នុងពួកគេដែរ ដ្បិតអ្នកជាអ្នកស្រុកកាលីឡេ»។ 71តែគាត់ចាប់ផ្ដើមយកខ្លួនស្បថស្បែថា៖ «ខ្ញុំមិនស្គាល់អ្នកដែលអ្នករាល់គ្នានិយាយនេះទេ»។ 72ភ្លាមនោះ មាន់ក៏រងាវឡើងជាលើកទីពីរ ពេត្រុសក៏នឹកឃើញពាក្យដែលព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ គាត់ក៏ក្តុកក្ដួល ហើយទ្រហោយំ។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 14: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies