ម៉ាកុស 3
3
ព្រះយេស៊ូវប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា
(ម៉ាថាយ ១២.៩-១៤ លូកា ៦.៦-១១)
1ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ 2ពួកគេតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ 3ព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយចេញមកខាងមុខ!» 4បន្ទាប់មក ព្រះអង្គសួរគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែ គេនៅស្ងៀម។ 5ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។ 6ពួកផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយពួកហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីរកវិធីបំផ្លាញព្រះអង្គ។
មហាជនដើរតាមព្រះយេស៊ូវទៅឯឆ្នេរសមុទ្រ
7ព្រះយេស៊ូវយាងចេញជាមួយពួកសិស្សទៅកាន់ឆ្នេរសមុទ្រ ហើយមានបណ្តាជនជាច្រើនមកពីស្រុកកាលីឡេ និងស្រុកយូដា នាំគ្នាដើរតាមព្រះអង្គ។ 8ដោយព្រោះបានឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ មនុស្សជាច្រើនក៏នាំគ្នាចូលមករកព្រះអង្គ គេមកពីក្រុងយេរូសាឡិម ពីស្រុកអេដុម ខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។ 9ដោយព្រោះបណ្ដាជន ព្រះអង្គមានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងគេប្រជ្រៀតគ្នាចោមរោមព្រះអង្គ។ 10ដោយព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា អ្នកដែលមានជំងឺទាំងប៉ុន្មានខំប្រឹងសម្រុកចូល ដើម្បីពាល់ព្រះអង្គ។ 11ពេលពួកវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅចំពោះព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!» 12ប៉ុន្តែ ព្រះអង្គហាមផ្តាច់ មិនឲ្យវាប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។
ព្រះយេស៊ូវតែងតាំងអ្នកទាំងដប់ពីររូប
(ម៉ាថាយ ១០.១-៤ លូកា ៦.១២-១៦)
13បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ 14ព្រះអង្គបានតែងតាំងដប់ពីររូប ដែលព្រះអង្គហៅថាសាវក ឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យចេញទៅប្រកាស 15ហើយឲ្យគេមានអំណាច[ប្រោសជំងឺឲ្យជា ព្រមទាំង]ដេញអារក្សផង។ 16អ្នកទាំងដប់ពីរដែលព្រះអង្គបានតែងតាំងមាន ស៊ីម៉ូន ដែលទ្រង់ដាក់ឈ្មោះថា ពេត្រុស 17យ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូនយ៉ាកុប ដែលទ្រង់ដាក់ឈ្មោះគេថា បោនអ៊ើកេ ប្រែថាកូនផ្គរលាន់។ 18អនទ្រេ ភីលីព បារថូល៉ូមេ ម៉ាថាយ ថូម៉ាស និងយ៉ាកុប ជាកូនអាល់ផាយ ថាដេ ស៊ីម៉ូន ជាសាសន៍កាណាន 19និងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលក្បត់ព្រះអង្គ។
ព្រះយេស៊ូវ និងអារក្សបេលសេប៊ូល
(ម៉ាថាយ ១២.២២-៣២ លូកា ១១.១៤-២៣, ១២.១០)
20បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកផ្ទះវិញ ហើយបណ្តាជនបានមកជួបជុំគ្នាម្តងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សរកពេលបរិភោគមិនបាន។ 21កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។ 22ពួកអាចារ្យដែលចុះមកពីក្រុងយេរូសាឡិមនិយាយថា៖ «អ្នកនេះមានអារក្សបេលសេប៊ូលចូល គាត់ដេញអារក្ស ដោយសារមេអារក្សទេ»។ 23តែព្រះអង្គហៅគេមក ហើយមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «តើអារក្សសាតាំងអាចដេញអារក្សសាតាំងដូចម្តេចកើត? 24បើនគរមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរនៅបានឡើយ 25ហើយបើផ្ទះណាបែកបាក់ទាស់ទែងគ្នាឯង ផ្ទះនោះក៏ពុំអាចស្ថិតស្ថេរនៅបានដែរ។ 26ដូច្នេះ បើអារក្សសាតាំងក្រោកឡើងទាស់នឹងខ្លួនឯង ហើយបែកបាក់ វាពុំអាចស្ថិតស្ថេរនៅបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ 27គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់អ្នកនោះបានឡើយ លុះត្រាតែចងអ្នកខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះនោះបាន។
28ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើបាបរបស់មនុស្ស និងពាក្យដែលគេពោលប្រមាថដល់ព្រះ នោះអាចនឹងអត់ទោសឲ្យបាន 29តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចអត់ទោសឲ្យបានឡើយ គឺអ្នកនោះមានបាបជាប់ទោសអស់កល្បជានិច្ច»។ 30ព្រះអង្គមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា៖ «ព្រះអង្គមានវិញ្ញាណអាក្រក់ចូល»។
បងប្អូនពិតប្រាកដរបស់ព្រះយេស៊ូវ
(ម៉ាថាយ ១២.៤៦-៥០ លូកា ៨.១៩-២១)
31ពេលនោះ មាតា និងបងប្អូនរបស់ព្រះអង្គមកដល់ ឈរនៅខាងក្រៅ ហើយចាត់គេឲ្យទៅហៅព្រះអង្គ។ 32បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្តាយ និងបងប្អូនរបស់លោកគ្រូ មករកលោកគ្រូនៅខាងក្រៅ!»។ 33ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នកណាជាម្តាយ និងជាបងប្អូនរបស់ខ្ញុំ?» 34ព្រះអង្គទតទៅអស់អ្នកដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្តាយ និងបងប្អូនរបស់ខ្ញុំ! 35ដ្បិតអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: