ម៉ាកុស 5:21-43

ម៉ាកុស 5:21-43 គកស១៦

កាល​ព្រះ‌យេស៊ូវ​បាន​យាង​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ មាន​មហា​ជន​ច្រើន​កុះ​ករ មក​ចោម​រោម​ព្រះ‌អង្គ ហើយ​ទ្រង់​គង់​នៅ​មាត់​សមុទ្រ។ ពេល​នោះ មាន​មេ​ដឹក​នាំ​សាលា​ប្រជុំ​ម្នាក់ ឈ្មោះ​យ៉ៃ‌រ៉ុស​ចូល​មក ហើយ​ពេល​គាត់​ឃើញ​ព្រះ‌អង្គ ក៏​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «កូន​ស្រី​ខ្ញុំ​បាទ​ជិត​ស្លាប់​ហើយ សូម​លោក​មេត្តា​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បី​ឲ្យ​នាង​បាន​ជា ហើយ​រស់​វិញ​ផង»។ ព្រះ‌អង្គ​ក៏​យាង​ទៅ​ជា​មួយ​គាត់ ហើយ​មហា​ជន​ច្រើន​កុះ​ករ​នាំ​គ្នា​ដើរ​តាម និង​ប្រជ្រៀត​គ្នា​ជុំ​វិញ​ព្រះ‌អង្គ។ នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ក្រោម​ការ​ព្យាបាល​ពី​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​មិន​បាន​គ្រាន់​បើ​សោះ ផ្ទុយ​ទៅ​វិញ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង។ ក្រោយ​ពី​នាង​បាន​ឮ​អំពី​ព្រះ‌យេស៊ូវ នាង​ក៏​ចូល​មក​ក្នុង​ចំណោម​បណ្តាជន ហើយ​ពាល់​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ពី​ខាង​ក្រោយ ដ្បិត​នាង​គិត​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ ខ្ញុំ​នឹង​បាន​ជា​មិន​ខាន»។ រំពេច​នោះ ជំងឺ​ធ្លាក់​ឈាម​ក៏​បាត់​ភ្លាម ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ហើយ។ នៅ​ពេល​នោះ ព្រះ‌យេស៊ូវ​ជ្រាប​ភ្លាម​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ងាក​បែរ​ទៅ​បណ្ដាជន ទាំង​សួរ​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?» ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ​ឃើញ​ហើយ​ថា បណ្ដាជន​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ ម្តេច​បាន​ជា​លោក​គ្រូ​សួរ​ថា អ្នក​ណា​ពាល់​ខ្ញុំ​ដូច្នេះ?» ព្រះ‌អង្គ​ទត​មើល​ជុំ​វិញ រក​មើល​អ្នក​ណា​ដែល​បាន​ពាល់​ព្រះ‌អង្គ។ ប៉ុន្តែ ស្ត្រី​នោះ​ដឹង​ពី​ហេតុ​ដែល​បាន​កើត​ឡើង​ចំពោះ​នាង នាង​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​ភ័យ​ញ័រ រួច​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត ហើយ​ចូរ​ឲ្យ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​នាង​ចុះ!»។ កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ​បន្ទូល​នៅ​ឡើយ នោះ​មាន​មនុស្ស​មក​ពី​ផ្ទះ​លោក​យ៉ៃរ៉ុស ជម្រាប​ថា៖ «កូន​ស្រី​របស់​លោក​ស្លាប់​ហើយ តើ​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត?» ប៉ុន្តែ កាល​ព្រះ​យេស៊ូវ​បាន​ឮ​ពាក្យ​ដែល​គេ​និយាយ ព្រះ‌អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​មេ​ដឹកនាំ​សាលា​ប្រជុំ​នោះ​ថា៖ «កុំ​ខ្លាច​អី ចូរ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ»។ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក​លែង​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ។ ពេល​មក​ដល់​ផ្ទះ​មេ​ដឹក​នាំ​សាលា​ប្រជុំ ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ច្រួល​ច្របល់ ហើយ​យំ​ស្រែក​ជា​ខ្លាំង។ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​ច្រួល​ច្របល់ ហើយ​យំ​ដូច្នេះ? កូន​នេះ​មិន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ!» គេ​ក៏​សើច​ចំអក​ឲ្យ​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ដេញ​គេ​ទាំង​អស់​គ្នា​ឲ្យ​ចេញ​ក្រៅ រួច​យក​ឪពុក‌ម្តាយ​របស់​ក្មេង​នោះ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ចូល​ទៅ​កន្លែង​ដែល​ក្មេង​នោះ​ដេក។ ព្រះ‌អង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «តាលី‌ថាគូមី» មាន​ន័យ​ថា «នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!» ក្មេង​ស្រី​នោះ​ក៏​ក្រោក​ឡើង​ភ្លាម​មួយ​រំពេច ហើយ​ដើរ​ចុះ​ឡើង ដ្បិត​នាង​មាន​អាយុ​ដប់​ពីរ​ឆ្នាំ ហើយ​គេ​ក៏​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ភ្លាមៗ​នោះ​ដែរ។ ព្រះ‌អង្គ​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ដឹង​ពី​រឿង​នេះ​ឡើយ ហើយ​ប្រាប់​គេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិ‌ភោគ។

អាន ម៉ាកុស 5