ម៉ាកុស 5:21-43
ម៉ាកុស 5:21-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវបានយាងចុះទូក ឆ្លងទៅត្រើយម្ខាងវិញ មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គ ហើយទ្រង់គង់នៅមាត់សមុទ្រ។ ពេលនោះ មានមេដឹកនាំសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុសចូលមក ហើយពេលគាត់ឃើញព្រះអង្គ ក៏ក្រាបនៅទៀបព្រះបាទព្រះអង្គ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីខ្ញុំបាទជិតស្លាប់ហើយ សូមលោកមេត្តាទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា ហើយរស់វិញផង»។ ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមហាជនច្រើនកុះករនាំគ្នាដើរតាម និងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ នាងបានរងទុក្ខយ៉ាងខ្លាំង ក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែមិនបានគ្រាន់បើសោះ ផ្ទុយទៅវិញ ជំងឺនោះកាន់តែខ្លាំងឡើង។ ក្រោយពីនាងបានឮអំពីព្រះយេស៊ូវ នាងក៏ចូលមកក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្ត្រព្រះអង្គពីខាងក្រោយ ដ្បិតនាងគិតថា៖ «បើខ្ញុំគ្រាន់តែពាល់ព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ ខ្ញុំនឹងបានជាមិនខាន»។ រំពេចនោះ ជំងឺធ្លាក់ឈាមក៏បាត់ភ្លាម ហើយនាងបានដឹងក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺនោះហើយ។ នៅពេលនោះ ព្រះយេស៊ូវជ្រាបភ្លាមថា មានព្រះចេស្តាចេញពីព្រះអង្គ ហើយព្រះអង្គក៏ងាកបែរទៅបណ្ដាជន ទាំងសួរថា៖ «អ្នកណាពាល់អាវខ្ញុំ?» ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូឃើញហើយថា បណ្ដាជនប្រជ្រៀតគ្នាជុំវិញលោកគ្រូ ម្តេចបានជាលោកគ្រូសួរថា អ្នកណាពាល់ខ្ញុំដូច្នេះ?» ព្រះអង្គទតមើលជុំវិញ រកមើលអ្នកណាដែលបានពាល់ព្រះអង្គ។ ប៉ុន្តែ ស្ត្រីនោះដឹងពីហេតុដែលបានកើតឡើងចំពោះនាង នាងក៏ចូលមក ហើយក្រាបចុះនៅចំពោះព្រះអង្គទាំងភ័យញ័រ រួចទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសុខសាន្ត ហើយចូរឲ្យបានជាសះស្បើយពីជំងឺរបស់នាងចុះ!»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះលោកយ៉ៃរ៉ុស ជម្រាបថា៖ «កូនស្រីរបស់លោកស្លាប់ហើយ តើនៅរំខានលោកគ្រូធ្វើអ្វីទៀត?» ប៉ុន្តែ កាលព្រះយេស៊ូវបានឮពាក្យដែលគេនិយាយ ព្រះអង្គក៏មានព្រះបន្ទូលទៅមេដឹកនាំសាលាប្រជុំនោះថា៖ «កុំខ្លាចអី ចូរគ្រាន់តែជឿប៉ុណ្ណោះ»។ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ។ ពេលមកដល់ផ្ទះមេដឹកនាំសាលាប្រជុំ ព្រះអង្គទតឃើញមនុស្សច្រួលច្របល់ ហើយយំស្រែកជាខ្លាំង។ ព្រះអង្គក៏យាងចូលទៅ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជានាំគ្នាច្រួលច្របល់ ហើយយំដូច្នេះ? កូននេះមិនស្លាប់ទេ គឺនាងដេកលក់ទេតើ!» គេក៏សើចចំអកឲ្យព្រះអង្គ តែព្រះអង្គដេញគេទាំងអស់គ្នាឲ្យចេញក្រៅ រួចយកឪពុកម្តាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គ ចូលទៅកន្លែងដែលក្មេងនោះដេក។ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលទៅនាងថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!» ក្មេងស្រីនោះក៏ក្រោកឡើងភ្លាមមួយរំពេច ហើយដើរចុះឡើង ដ្បិតនាងមានអាយុដប់ពីរឆ្នាំ ហើយគេក៏មានសេចក្តីអស្ចារ្យជាខ្លាំងភ្លាមៗនោះដែរ។ ព្រះអង្គហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាដឹងពីរឿងនេះឡើយ ហើយប្រាប់គេឲ្យយកអាហារមកឲ្យនាងបរិភោគ។
ម៉ាកុស 5:21-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។ ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះ យ៉ៃរូស មកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានឫទ្ធានុភាពមួយចេញពីព្រះអង្គ ព្រះអង្គបែរទៅរកបណ្ដាជន មានព្រះបន្ទូលថា៖ «អ្នកណាពាល់អាវខ្ញុំ?»។ ពួកសិស្ស*ទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។ ព្រះយេស៊ូទតមើលជុំវិញ ដើម្បីឲ្យដឹងថា អ្នកណាបានពាល់ព្រះអង្គ។ ស្ត្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ត ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។ ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់។ កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ព្រះអង្គយាងចូលទៅក្នុងផ្ទះ មានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញគេឲ្យចេញទៅក្រៅទាំងអស់គ្នា រួចព្រះអង្គនាំតែឪពុកម្ដាយក្មេង និងសិស្សទាំងបីរូប ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូមី!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។ ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ ប៉ុន្តែ ព្រះយេស៊ូហាមប្រាមគេ មិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់គេឲ្យយកចំណីអាហារមកឲ្យក្មេងស្រីនោះបរិភោគ។
ម៉ាកុស 5:21-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់បានជិះទូកឆ្លងដល់ត្រើយម្ខាងវិញហើយ ក៏មានហ្វូងមនុស្សយ៉ាងធំប្រជុំគ្នាឯទ្រង់ ហើយទ្រង់គង់នៅទីមាត់សមុទ្រ នោះមានមេសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុស មកដល់ឃើញទ្រង់ ក៏ក្រាបនៅទៀបព្រះបាទទ្រង់ គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។ នោះមានស្ត្រីម្នាក់ឈឺធ្លាក់ឈាម អស់ ១២ឆ្នាំមកហើយ នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ នាងបានឮនិយាយពីព្រះយេស៊ូវ ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់ ដោយគិតថា បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្ដីវេទនានោះហើយ នោះស្រាប់តែព្រះយេស៊ូវជ្រាបក្នុងព្រះអង្គទ្រង់ថា មានព្រះចេស្តាចេញពីទ្រង់ ក៏ងាកបែរព្រះអង្គក្នុងហ្វូងមនុស្សសួរថា អ្នកណាពាល់អាវខ្ញុំ ពួកសិស្សទូលថា ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ ទ្រង់ងាកទតទីជុំវិញ នឹងរកអ្នកណាដែលបានធ្វើការនោះ ឯស្ត្រីនោះនាងដឹងការដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់ ទ្រង់មានបន្ទូលទៅនាងថា កូនស្រីអើយ សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្ដីវេទនារបស់នាងទៅ។ កំពុងដែលទ្រង់នៅមានបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះមេសាលាប្រជុំ ជំរាបថា កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត កាលព្រះយេស៊ូវបានឮពាក្យគេប្រាប់ ស្រាប់តែទ្រង់មានបន្ទូលទៅមេសាលាប្រជុំថា កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ ទ្រង់មិនឲ្យអ្នកណាឯទៀតទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ លុះដល់ផ្ទះមេសាលាប្រជុំ ក៏ឃើញមនុស្សកំពុងតែយំស្រែក កើតវឹកវរជាខ្លាំង ទ្រង់ក៏យាងចូលទៅ មានបន្ទូលថា ហេតុអ្វីបានជាកើតវឹកវរ ហើយយំដូច្នេះ កូននេះមិនមែនស្លាប់ទេ គឺវាដេកលក់ទេតើ គេក៏សើចឡកឲ្យទ្រង់ តែទ្រង់ដេញគេទៅក្រៅអស់ ទុកតែឪពុកម្តាយនៃកូននោះ នឹងពួកអ្នកដែលនៅជាមួយនឹងទ្រង់ នាំគ្នាចូលទៅឯដំណេកវា រួចទ្រង់ចាប់ដៃវាមានបន្ទូលថា «តាលីថាគូមី» ស្រាយថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង ស្រាប់តែកូនស្រីនោះក៏ក្រោកឡើងដើរទៅ ដ្បិតមានអាយុ១២ឆ្នាំហើយ ឯមនុស្សរាល់គ្នា គេមានសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែង តែទ្រង់ហាមគេផ្តាច់ មិនឲ្យអ្នកណាដឹងពីរឿងនេះឲ្យសោះ រួចប្រាប់ឲ្យគេយកអ្វីៗមកឲ្យនាងបរិភោគ។