នេហេមា 12

12
បញ្ជី​រាយ​នាម​ពួក​សង្ឃ និង​ពួក​លេវី
1រី​ឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​យេសួរ​មាន សេ‌រ៉ាយ៉ា យេរេមា អែសរ៉ា 2អ័ម៉ារា ម៉ាលូក ហាធូស 3សេ‌កានា រេហ៊ូម ម្រេម៉ូត 4អ៊ីដោ គីនេ‌ថោន អ័ប៊ីយ៉ា 5មីយ៉ា‌មីន ម្អាឌា ប៊ីលកា 6សេម៉ា‌យ៉ា យ៉ូ‌យ៉ារីប យេ‌ដាយ៉ា 7សាលូវ អ័ម៉ុក ហ៊ីល‌គីយ៉ា និង​យេដាយ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​សង្ឃ និង​លើ​ពួក​បង‌ប្អូនរបស់​គេ ក្នុង​គ្រា​យេសួរ។
8ឯ​ពួក​លេវី​មាន យេសួរ ប៊ីនុយ កាឌ‌មាល សេរេ‌ប៊ីយ៉ា យូដា និង​ម៉ាថានា ដែល​រួម​ជាមួយ​បង‌ប្អូន​របស់​លោក ទទួល​ខុស​ត្រូវ​ខាង​ចម្រៀង​អរ​ព្រះ‌គុណ។ 9រីឯ​បាក‌ប៊ូគា និង​អ៊ូនី និង​បង‌ប្អូន​របស់​លោក ឈរ​‌បំពេញ​មុខ​ងារនៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។ 10ឯ​យេសួរ ជា​ឪពុក​របស់​យ៉ូ‌យ៉ាគីម យ៉ូ‌យ៉ាគីម​ជាឪពុក​របស់​អេលី‌យ៉ាស៊ីប អេលី‌យ៉ាស៊ីប​ជា​ឪពុក​របស់​យ៉ូ‌យ៉ាដា 11យ៉ូ‌យ៉ាដា ជា​ឪពុក​របស់​យ៉ូណា‌ថាន ហើយ​យ៉ូណា‌ថាន ជា​ឪពុក​របស់​យ៉ាដួរ។
12នៅ​គ្រា​យ៉ូ‌យ៉ាគីម ពួក​សង្ឃ​ដែល​ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​មាន ខាង​សេ‌រ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា 13ខាង​អែសរ៉ា មាន​មស៊ូ‌ឡាម ខាង​អ័ម៉ារា មាន​យ៉ូ‌ហា‌ណាន 14ហើយ​ខាង​មេ‌លីគូរ មាន​យ៉ូណា‌ថាន ខាង​សេបានា មាន​យ៉ូសែប 15ខាង​ហារីម មាន​អ័ឌណា ខាង​មេរ៉ាយ៉ូត មាន​ហេលកាយ 16ខាង​អ៊ីដោ មាន​សាការី ខាង​គីនេ‌ថោន មាន​មស៊ូ‌ឡាម 17ខាង​អ័ប៊ីយ៉ា មាន​ស៊ីកគ្រី ខាង​មីន‌យ៉ាមីន គឺ​ខាង​ម៉ូ‌អាឌា មាន​ពីលថាយ 18ខាង​ប៊ីលកា មាន​សាំមួរ ខាង​សេម៉ា‌យ៉ា មាន​យ៉ូណា‌ថាន 19ខាង​យ៉ូ‌យ៉ារីប មាន​ម៉ាថ្នាយ ខាង​យេ‌ដាយ៉ា មាន​អ៊ូស៊ី 20ខាង​សាឡាយ មាន​កាឡាយ ខាង​អ័ម៉ុក មាន​ហេប៊ើរ 21ខាង​ហ៊ីល‌គីយ៉ា មាន​ហា‌សាប‌យ៉ា ហើយ​ខាង​យេ‌ដាយ៉ា មាន​នេ‌ថានេល។
22ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូ‌យ៉ាដា យ៉ូ‌ហា‌ណាន និង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ព្រម​ទាំង​ពួក​សង្ឃ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដារីយុស ជា​ស្តេច​សាសន៍​ពើស៊ី។ 23ពួក​កូន​ចៅ​លេវី ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ត្រា​ទុក​ក្នុង​សៀវ‌ភៅ​របា‌ក្សត្រ រហូត​ដល់​គ្រា​យ៉ូ‌ហា‌ណាន ជា​កូន​អេលី‌យ៉ាស៊ីប។ 24ឯ​ពួក​មេ​ក្នុង​ពួក​លេវី​មាន ហា‌សាប‌យ៉ា សេរេ‌ប៊ីយ៉ា និង​យេសួរ ជា​កូន​កាឌ‌មាល ទទួល​បន្ទុក​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​គេ ដែល​ឈរ​ទល់​មុខ​នឹង​ពួក​គេ ដើម្បី​សរ‌សើរ​តម្កើង និង​អរ​ព្រះ‌គុណ ស្រប​តាម​បង្គាប់​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​សំណព្វ​របស់​ព្រះ តាម​ពួក តាម​វេន​របស់​ខ្លួន។ 25ឯ​ម៉ាថានា បាក‌ប៊ូគា អូ‌បាឌា មស៊ូ‌ឡាម ថាលម៉ូន និង​អ័កគូប ជា​ឆ្មាំ​ទ្វារ​ដែល​ចាំ​យាម​នៅ​ឃ្លាំង ត្រង់​មាត់​ទ្វារ។ 26អ្នក​ទាំង​នេះ រស់​នៅ​ក្នុង​គ្រា​យ៉ូ‌យ៉ាគីម ជា​កូន​របស់​យេសួរ ដែល​ជា​កូន​យ៉ូ‌សាដាក និងក្នុង​គ្រា​នេហេមា ជា​ទេសា‌ភិបាល និង​អែសរ៉ា ដែល​ជា​សង្ឃ និង​ជា​ស្មៀន។
ពិធី​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម
27នៅ​ពេល​ធ្វើ​ពិធី​បុណ្យ​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម គេ​ស្វែង​រក​ពួក​លេវី​ពី​គ្រប់​កន្លែង​ទាំង​អស់​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​ដោយ​អំណរ ព្រម​ទាំង​មាន​ចម្រៀង​អរ​ព្រះ‌គុណ មាន​ច្រៀង​អម​ដោយ​ឈិង ពិណ និង​ស៊ុង។ 28ឯ​កូន​ចៅ​របស់​ពួក​ចម្រៀង គេ​បានប្រ​មូលផ្ដុំ​គ្នា​ពី​ស្រុក​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម និង​ពី​ភូមិ​នានា​របស់​ពួក​នថូផា 29ហើយ​ពី​បេត-គីល‌កាល ពី​តំបន់​កេបា និង​អាស‌ម៉ាវែត​ដែរ ដ្បិត​ពួក​ចម្រៀង​បាន​សង់​ភូមិ​របស់​ខ្លួន នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម។ 30ពួក​សង្ឃ និង​ពួក​លេវី​បាន​ធ្វើ​ពិធី​សម្អាត​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ក៏​បាន​ធ្វើ​ពិធី​សម្អាត​ប្រជា‌ជន ព្រម​ទាំង​ទ្វារ និង​កំផែង ឲ្យ​បាន​បរិសុទ្ធ​ដែរ។
31ពេល​នោះ ខ្ញុំ​បាន​នាំ​ពួក​មេ​ដឹក​នាំ​របស់​សាសន៍​យូដា​ឡើង​ទៅ​លើ​កំផែង ហើយ​តែង​តាំង​ឲ្យ​មាន​ក្រុម​ចម្រៀង​ពីរ​ក្រុម​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដើរ​ដង្ហែ​គ្នា។ ក្រុម​មួយ​ដើរ​នៅ​លើ​កំផែង​ទៅ​ខាង​ស្តាំ ឆ្ពោះ​ទៅ​កាន់​ទ្វារ​សំរាម 32មាន​ហូ‌សាយ៉ា និង​ពួក​មេ​ដឹក​នាំ​យូដា​ពាក់​កណ្ដាល ដើរ​តាមពី​ក្រោយ​ក្រុម​នោះ 33បន្ទាប់​មក មាន​អ័‌សារា អែសរ៉ា មស៊ូ‌ឡាម 34យូដា បេនយ៉ាមីន សេម៉ា‌យ៉ា និង​យេរេមា 35ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ មាន​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ា‌យ៉ា សេម៉ា‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មី‌កាយ៉ា មី‌កាយ៉ាជា​កូន​សាគើរ សាគើរជា​កូន​អេសាភ 36ព្រម​ទាំង​ពួក​បង‌ប្អូន​របស់​លោក គឺ​សេម៉ា‌យ៉ា អ័សារាល មីឡា‌ឡាយ គីឡា‌ឡាយ ម៉ាអាយ នេថា‌នេល យូដា និង​ហា‌ណា‌នី ដែល​កាន់​ប្រដាប់​ភ្លេង​របស់ព្រះ‌បាទ​ដាវីឌ ជា​អ្នក​សំណព្វ​របស់​ព្រះ ហើយ​មាន​ស្មៀន​អែសរ៉ា ជា​អ្នក​នាំ​មុខ។ 37ពេល​មក​ដល់​ទ្វារ​ក្បាល​ទឹក ដែល​ស្ថិត​នៅ​ពីមុខ​គេ គេ​ឡើង​តាម​ជណ្តើរ​ក្រុង​ព្រះ‌បាទ​ដាវីឌ តាម​កន្លែង​ឡើង​ទៅ​លើ​កំផែង ពី​លើ​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​ទឹក​ដែល​នៅ​ខាង​កើត។
38ក្រុម​ចម្រៀង​មួយ​ទៀត ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ចេញ​ទៅ​ខាង​ឆ្វេង ហើយ​ខ្ញុំ​ក៏​ដើរ​តាម​ក្រោយ​ពួក​គេ មាន​ទាំង​ប្រជាជន​ពាក់​កណ្ដាល​នៅ​លើ​កំផែង ពី​លើ​ប៉ម​គុក​ភ្លើង រហូត​ដល់​កំផែង​ធំ 39ហើយ​ពី​លើ​ទ្វារ​អេប្រាអិម និង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល និង​ប៉ម​ហា‌មេអា រហូត​ដល់​ទ្វារ​ចៀម រួចគេ​ឈប់​នៅ​ត្រង់​ទ្វារ​ពួក​អ្នក​យាម។ 40ដូច្នេះ អស់​អ្នក​ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ទាំង​ពីរ​ក្រុម ឈរ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ហើយ​ខ្ញុំ និង​ពួក​មេ​ពាក់​កណ្ដាល ក៏​នៅ​ជា​មួយ​ខ្ញុំដែរ 41ហើយ​ពួក​សង្ឃ មាន​អេលា‌គីម ម្អា‌សេ‌យ៉ា មីន‌យ៉ា‌មីន មីកា‌យ៉ា អេលី‌យ៉ូណាយ សាការី និង​ហា‌ណា‌នា ដែល​ជា​អ្នក​កាន់​ត្រែ 42ហើយ​ក៏​មាន​ម្អា‌សេ‌យ៉ា សេម៉ា‌យ៉ា អេលា‌សារ អ៊ូស៊ី យ៉ូ‌ហា‌ណាន ម៉ាលគា អេឡាំ និង​អេស៊ើរ​ដែរ។ ឯ​ពួក​ចម្រៀង ក៏​ស្រែក​ច្រៀង​ជាមួយ​យីស‌រ៉ាហ៊ា ដែល​ជា​អ្នក​នាំ​មុខ​របស់​គេ។ 43នៅ​ថ្ងៃ​នោះ គេ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​សន្ធឹក ហើយ​មាន​ចិត្ត​សប្បាយ​រីក‌រាយ ដ្បិត​ព្រះ​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​ជា​ខ្លាំង ឯ​ស្រ្ដី និង​ក្មេងៗ ក៏​សប្បាយ​រីក​រាយ​ដែរ។ អំណរ​លាន់ឮ​ចេញពី​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​ឆ្ងាយ។
កិច្ច​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ព្រះ​វិហារ
44នៅ​ថ្ងៃ​នោះ គេ​បាន​តែង​តាំង​មនុស្ស​ឲ្យ​គ្រប់​គ្រង​លើ​បន្ទប់​ឃ្លាំង ដែល​សម្រាប់​ទុក​តង្វាយ​លើក​ចុះ​ឡើង តង្វាយ​ផល​ដំបូង និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​តម្រូវ​ឲ្យ​ទុក​សម្រាប់​ពួក​សង្ឃ និង​ពួក​លេវី ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ​ក្រុង មក​ទុក​ក្នុង​បន្ទប់​ឃ្លាំង​ទាំង​នោះ ដ្បិត​ពួក​យូដា​មាន​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​បំពេញ​មុខ​ងារ​របស់​ខ្លួន។ 45ពួក​គេ​បំពេញ​មុខ​ងារ​បម្រើ​តាម​បង្គាប់​របស់​ព្រះ​នៃ​គេ និងធ្វើ​ពិធី​សម្អាត​ឲ្យ​បាន​បរិសុទ្ធ ឯ​ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​បង្គាប់​របស់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា។ 46ដ្បិត​កាល​ពី​ដើម ក្នុង​គ្រា​ព្រះ‌បាទ​ដាវីឌ និង​អេសាភ មាន​មេ​លើ​ពួក​ចម្រៀង មាន​ចម្រៀង​សរ‌សើរ​តម្កើង និង​អរ​ព្រះ‌គុណ​ដល់​ព្រះ។ 47នៅ​គ្រា​សូរ៉ូ‌បា‌បិល និង​នេហេមា ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ជូន​ចំណែក​អាហារ​ដល់​ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ជា​រៀង​រាល់​ថ្ងៃ ហើយ​គេ​ញែក​មួយ​ចំណែក​ជូន​ពួក​លេវី ហើយ​ពួក​លេវី​ក៏​ញែក​មួយ​ចំណែក ជូន​កូន​ចៅ​លោក​អើរ៉ុន​ដែរ។

ទើបបានជ្រើសរើសហើយ៖

នេហេមា 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល