នេហេមា 13

13
ការ​ញែកសាសន៍​ដទៃចេញ​ពី​ពួក​អ៊ីស្រា‌អែល
1នៅ​ថ្ងៃ​នោះ គេ​អាន​គម្ពីរ​លោក​ម៉ូសេ​ឲ្យ​ប្រជា‌ជន​ស្ដាប់ ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន និង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ព្រះ​ឡើយ 2ដ្បិត​ពួក​គេ​មិន​បាន​យក​នំប៉័ង និង​ទឹក​មក​ទទួល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្ដា‌សា​ដល់​ពួក​គេ​វិញ ប៉ុន្តែ ព្រះ​នៃ​យើង​បាន​បង្វែរ​បណ្ដា‌សា ឲ្យ​ទៅ​ជា​ព្រះ​ពរ​វិញ។ 3កាល​ប្រជាជន​បាន​ឮ​ក្រឹត្យ‌វិន័យ​នេះ​ភ្លាម គេ​ក៏​ញែក​សាសន៍​អ៊ីស្រា‌អែល ចេញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។
ការ​កែ​ទម្រង់​របស់​លោក​នេហេមា
4មុន​ហេតុ‌ការណ៍​នេះ សង្ឃ​អេលី‌យ៉ាស៊ីប ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​បន្ទប់​នានា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​ដែល​បាន​ភ្ជាប់​សាច់​ញាតិ​នឹង​ថូ‌ប៊ីយា 5លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ថូ‌ប៊ីយា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​តង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ដែល​គេ​យក​មក​ថ្វាយតាម​បង្គាប់ សម្រាប់​ពួក​លេវី ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​តង្វាយ​លើក​ចុះ​ឡើង សម្រាប់​ពួក​សង្ឃ។ 6កាល​ហេតុ‌ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​សាម​សិប​ពីរ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ី‌ឡូន ខ្ញុំ​បាន​វិល​ទៅ​គាល់​ស្តេច។ រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំក៏​បាន​សូមរាជានុញ្ញាត​ពី​ស្តេច 7វិល​មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ពេល​នោះ ខ្ញុំ​ឃើញ​អំពើ​អា‌ក្រក់​ដែល​អេលី‌យ៉ាស៊ីប​បាន​ប្រព្រឹត្ត ដោយ​រៀបចំ​បន្ទប់​មួយ​សម្រាប់​ថូ‌ប៊ីយ៉ា នៅ​ក្នុង​ទី​លាន​ព្រះ‌ដំណាក់​របស់​ព្រះ។ 8ខ្ញុំ​ខឹង​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​យក​ប្រដាប់‌ប្រដា​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ថូ‌ប៊ីយ៉ា បោះ​ចេញ​ទៅ​ខាង​ក្រៅ​បន្ទប់។ 9បន្ទាប់​មក ខ្ញុំ​បង្គាប់​ឲ្យ​គេ​សម្អាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ ព្រម​ទាំង​តង្វាយ​ម្សៅ និង​កំញាន ទៅ​ដាក់​នៅ​ទី​នោះ​ជំនួស​វិញ។
10ខ្ញុំ​ក៏​យល់​ឃើញ​ថា គេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ពួក​លេវី​ទេ ដូច្នេះ ពួក​លេវី និង​ពួក​ចម្រៀង ដែល​ត្រូវ​បំពេញ​មុខ​ងារ​បម្រើ គេ​ក៏​នាំ​គ្នា​វិល​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​វិញ។ 11ដូច្នេះ ខ្ញុំ​បាន​បន្ទោស​ពួក​មេ​គ្រប់​គ្រង​ថា៖ «ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ​ដូច្នេះ?» ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី ហើយ​ដាក់​ពួក​គេឲ្យ​បំ​ពេញ​តួនាទី​របស់​ខ្លួន​វិញ។ 12ពេល​នោះ ពួក​យូដា​ទាំង​អស់ ក៏​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​ឃ្លាំង។ 13ខ្ញុំ​បាន​តែង​តាំង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ទាំង​នោះ មាន​សង្ឃ​សេ‌លេមា ស្មៀន​សាដុក និង​ពេ‌ដាយ៉ា ជា​ពួក​លេវី ហើយ​ក៏​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​គេ​រាប់​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ពួក​ដល់​បង‌ប្អូន​របស់​ខ្លួន។ 14ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​អំពី​ដំណើរ​នេះ​ផង ហើយ​សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ធ្វើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ និង​សម្រាប់​កិច្ច​ការ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​ឡើយ។
ការ​កែ​ទម្រង់​ថ្ងៃ​សប្ប័ទ
15នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​ខ្លះ​នៅ​ស្រុក​យូដា​កំពុង​ជាន់​ធុង​ផ្លែ​ទំពាំង‌បាយ‌ជូរ នៅ​ថ្ងៃ​សប្ប័ទ ព្រម​ទាំង​ដឹក​កណ្ដាប់​ស្រូវ​ចូល​មក និង​ផ្ទុក​សត្វ​លា ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ផ្លែ​ទំពាំង‌បាយ‌ជូរ ផ្លែ​ល្វា និង​បន្ទុក​គ្រប់​មុខ​ដែល​គេ​ដឹក​មក​ក្នុង​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​សប្ប័ទ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ នៅ​ថ្ងៃ​ដែល​គេ​លក់​ស្បៀង​អាហារ 16ក៏​មាន​មនុស្ស​ពី​ក្រុង​ទីរ៉ុស នៅ​ក្នុង​ទី​ក្រុង​ដែរ គេ​តែង​យក​ត្រី និង​ទំនិញ​គ្រប់​មុខ មក​លក់​ឲ្យ​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​សប្ប័ទ។ 17ដូច្នេះ ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​សាសន៍​យូដា​ថា៖ «ម្តេច​បាន​ជា​អ្នក​រាល់​គ្នាប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បង្អាប់​ថ្ងៃ​សប្ប័ទ​ដូច្នេះ? 18តើ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា មិន​បាន​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះ​នៃ​យើង​មិន​បាន​នាំ​អស់​ទាំង​សេចក្ដី​អា‌ក្រក់​នេះ​មក​លើ​យើង និង​មក​លើ​ទី​ក្រុង​នេះ​ទេ​ឬ? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បង្អាប់​ថ្ងៃ​សប្ប័ទ ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ ធ្លាក់​មក​លើ​ពួក​អ៊ីស្រា‌អែល​ថែម​ទៀត»។
19កាល​ចាប់​ផ្ដើម​ងងឹតនៅ​ទ្វារ​ក្រុង​យេរូ‌សាឡិម នៅ​ល្ងាច​ថ្ងៃ​សប្ប័ទ ខ្ញុំ​បង្គាប់​ឲ្យ​គេ​បិទ​ទ្វារ ហើយ​ហាម​មិន​ឲ្យ​គេ​បើក រហូតដល់​ផុត​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ដាក់​អ្នក​បម្រើ​របស់​ខ្ញុំ​ខ្លះនៅតាម​ទ្វារ​ក្រុង ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​បន្ទុក​អ្វីចូល​មកនៅ​ថ្ងៃ​សប្ប័ទ​ឡើយ។ 20ដូច្នេះ ពួក​ឈ្មួញ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​គ្រប់​ប្រភេទ ក៏​ដេក​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម​ម្តង ឬ​ពីរ​ដែរ។ 21ប៉ុន្ដែ ខ្ញុំ​បាន​ព្រមានពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​នៅ​ក្រៅ​កំផែង​ក្រុង​ដូច្នេះ? ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​ដូច្នេះ​ទៀត ខ្ញុំ​នឹង​ចាប់​អ្នក​រាល់​គ្នាមិន​ខាន»។ ចាប់​ពីពេល​នោះ ទៅ ពួក​គេ​ក៏​លែង​មក​នៅ​ថ្ងៃ​សប្ប័ទ​ទៀត។ 22បន្ទាប់​មក ខ្ញុំ​បង្គាប់​ពួក​លេវី ឲ្យ​គេ​ធ្វើ​ពិធី​សម្អាត​ខ្លួន​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាមនៅ​តាម​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​សប្ប័ទជា​បរិសុទ្ធ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ទូល‌បង្គំ ដោយ​ព្រះ​ហឫទ័យ​សប្បុ‌រស​ដ៏​ធំធេង​របស់​ព្រះ‌អង្គ។
ការ​ដាក់​ទោស​អ្នក​ដែល​រៀប​ការ​ជាមួយ​សាសន៍​ដទៃ
23នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់ 24ហើយ​កូន​របស់​ពួក​គេ​ពាក់​កណ្ដាល​និយាយ​ភាសា​អាសដូឌ គេ​មិន​ចេះ​និយាយ​ភាសា​យូដា​ទេ គឺ​គេ​និយាយ​តាម​តែ​ភាសា​របស់​សាសន៍​ដទៃ​ប៉ុណ្ណោះ។ 25ខ្ញុំ​បាន​ស្ដី​បន្ទោស​ពួក​គេ ដាក់​បណ្ដា‌សា​ពួក​គេ ហើយ​វាយ​ពួក​គេ​ខ្លះ ក៏​បោច​សក់​ពួក​គេ​ទៀត​ផង។ ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ ក្នុង​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី ទៅ​ឲ្យ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ឬ​សម្រាប់​ខ្លួន​ឡើយ។ 26តើ​ព្រះ​បាទ​សា​ឡូម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​សារ​តែ​ស្ត្រី​សាសន៍​ដទៃ​ទេ​ឬ? ក្នុង​ចំណោម​សាសន៍​ជា​ច្រើន គ្មាន​ស្តេច​ណា​មួយ​ដូច​ព្រះ​បាទ​សាឡូ​ម៉ូន​ឡើយ ព្រះ​របស់​ទ្រង់​បាន​ស្រឡាញ់​ទ្រង់ ព្រះ​បាន​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​បាន​អូស​ទាញ​ស្ដេច​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ 27ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​អំពើ​អា‌ក្រក់​យ៉ាង​ធ្ងន់ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​រៀប​ការ​នឹង​ស្ដ្រី​សាសន៍​ដទៃ​ដូច្នេះ​ឬ?»។
28យ៉ូ‌យ៉ាដា ជា​កូន​របស់​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ មាន​កូន​ប្រុស​ម្នាក់​ជា​កូន​ប្រសា​រ​‌របស់​សាន​បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នេះ ខ្ញុំ​ក៏​បណ្តេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។ 29ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពីពួក​គេ ព្រោះ​គេ​បាន​បង្អាប់​ការ‌ងារ​ជា​សង្ឃ និង​សេចក្ដី​សញ្ញា​របស់​ពួក​សង្ឃ និង​ពួក​លេវី។
30ដូច្នេះ ខ្ញុំ​បាន​ញែក​សម្អាត​ពួក​គេពី​គ្រប់​ទាំង​សាសន៍​ដទៃ ហើយ​ក៏​តាំង​ការ‌ងារ​ដែល​ពួក​សង្ឃ និង​ពួក​លេវី​ត្រូវ​បំពេញ​ឡើង​វិញ តាម​កិច្ច​ការ​របស់​គេ​រៀង​ខ្លួន 31ហើយ​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​មាន​តង្វាយ​ឧស តាម​ពេល​កំណត់ និង​សម្រាប់​ផល​ដំបូង​ដែរ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ សម្រាប់​សេចក្ដី​ល្អ​ផង។:៚

ទើបបានជ្រើសរើសហើយ៖

នេហេមា 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល