ជនគណនា 1
1
ការជំរឿនប្រជាជនអ៊ីស្រាអែលលើកដំបូង
1នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖ 2«ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក គឺគ្រប់ទាំងប្រុសៗ តាមចំនួនឈ្មោះរបស់គេ 3ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាក្នុងសាសន៍អ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន។ អ្នក និងអើរ៉ុន ត្រូវរាប់ចំនួនពួកគេ តាមអង្គភាពរបស់គេ។ 4ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវឲ្យមានម្នាក់ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកខ្លួន មកធ្វើការជាមួយអ្នក។ 5ឈ្មោះរបស់អស់អ្នកដែលនឹងជួយការងារអ្នក មានដូចតទៅ៖ អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។ 6ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន។ 7ណាសូន ជាកូនរបស់អ័មីណាដាប់ ពីកុលសម្ព័ន្ធយូដា។ 8នេថានេល ជាកូនរបស់ស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ។ 9អេលាប ជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន។ 10កូនចៅរបស់យ៉ូសែប គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូត ពីកុលសម្ព័ន្ធអេប្រាអិម និងកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។ 11អ័ប៊ីដាន ជាកូនរបស់គីដាហូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន 12អ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។ 13ប៉ាគីហ៊ាល ជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ។ 14អេលាសាប់ ជាកូនរបស់ដេហ៊ូអែល ពីកុលសម្ព័ន្ធកាដ។ 15អ័ហ៊ីរ៉ា ជាកូនរបស់អេណាន់ ពីកុលសម្ព័ន្ធណែបថាលី»។ 16នេះហើយជាពួកអ្នកដែលបានជ្រើសរើសពីក្នុងចំណោមក្រុមជំនុំ សុទ្ធតែជាមេដឹកនាំលើកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន និងជាមេទ័ពនៃសាសន៍អ៊ីស្រាអែល។ 17លោកម៉ូសេ និងលោកអើរ៉ុនក៏យកអ្នកដែលបានរាយឈ្មោះខាងលើនេះមក 18ហើយនៅថ្ងៃទីមួយ ក្នុងខែទីពីរនោះ អ្នកទាំងនោះបានប្រមូលក្រុមជំនុំទាំងអស់មកជួបជុំគ្នា។ គេក៏បានចុះឈ្មោះតាមពូជអំបូររបស់ខ្លួន តាមវង្សានុវង្សរបស់ឪពុក ឲ្យត្រូវនឹងចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់ៗគ្នា 19លោកម៉ូសេបានរាប់ចំនួនបណ្ដាជននៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់លោក។
20កូនចៅរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។ 21អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធរូបេន មានចំនួន ៤៦ ៥០០ នាក់។
22កូនចៅរបស់ស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ គឺអស់អ្នកដែលបានរាប់ តាមចំនួនឈ្មោះរៀងៗខ្លួន គឺប្រុសៗទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 23អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធស៊ីម្មាន មានចំនួន ៥៩ ៣០០ នាក់។
24កូនចៅរបស់កាដ រាប់តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន។ 25អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធកាដ មានចំនួន ៤៥ ៦៥០ នាក់។
26កូនចៅរបស់យូដា តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 27អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធយូដា មានចំនួន ៧៤ ៦០០ នាក់។
28កូនចៅរបស់អ៊ីសាខារ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 29អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានចំនួន ៥៤ ៤០០ នាក់។
30កូនចៅរបស់សាប់យូឡូន តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 31អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធសាប់យូឡូន មានចំនួន ៥៧ ៤០០ នាក់។
32ពូជពង្សរបស់យ៉ូសែប គឺកូនចៅរបស់អេប្រាអិម តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 33អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអេប្រាអិម មានចំនួន ៤០ ៥០០ នាក់។
34កូនចៅរបស់ម៉ាណាសេ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 35អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានចំនួន ៣២ ២០០ នាក់។
36កូនចៅរបស់បេនយ៉ាមីន តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 37អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានចំនួន ៣៥ ៤០០ នាក់។
38កូនចៅរបស់ដាន់ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 39អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធដាន់ មានចំនួន ៦២ ៧០០ នាក់។
40កូនចៅរបស់អេស៊ើរ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 41អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធអេស៊ើរ មានចំនួន ៤១ ៥០០ នាក់។
42កូនចៅរបស់ណែបថាលី តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន 43អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធណែបថាលី មានចំនួន ៥៣ ៤០០ នាក់។
44នេះហើយជាចំនួនអស់អ្នកដែលលោកម៉ូសេ និងអើរ៉ុន ព្រមទាំងមេដឹកនាំទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល ដែលម្នាក់ៗតំណាងឲ្យវង្សានុវង្សរបស់ឪពុកខ្លួនបានរាប់។ 45ដូច្នេះ ចំនួននៃពួកអ៊ីស្រាអែលទាំងអស់ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ជាសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា 46ទាំងអស់មានចំនួន ៦០៣ ៥៥០ នាក់។
47ប៉ុន្ដែ គេមិនបានរាប់ពួកលេវី តាមកុលសម្ព័ន្ធរបស់ឪពុកគេជាមួយអ្នកឯទៀតទេ។ 48ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកម៉ូសេថា៖ 49«មានតែកុលសម្ព័ន្ធលេវីមួយទេ ដែលអ្នកមិនត្រូវរាប់ ក៏មិនត្រូវជំរឿនពួកគេ ក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗឡើយ។ 50ប៉ុន្តែ អ្នកត្រូវតាំងពួកលេវីឲ្យត្រួតលើរោងឧបោសថនៃសេចក្ដីសញ្ញា លើគ្រឿងបរិក្ខារទាំងប៉ុន្មាន និងរបស់ទាំងអស់សម្រាប់រោងឧបោសថនោះ។ ពួកគេត្រូវលីសែងរោងឧបោសថ និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ពួកគេត្រូវធ្វើការងារក្នុងរោងឧបោសថនោះ ហើយក៏ត្រូវបោះជំរំនៅជុំវិញរោងឧបោសថនោះដែរ។ 51កាលណារោងឧបោសថត្រូវទៅមុខ នោះពួកលេវីត្រូវរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះពួកលេវីក៏ត្រូវដំឡើងដែរ។ ប្រសិនបើអ្នកដទៃណាផ្សេងចូលទៅជិត នោះនឹងត្រូវស្លាប់។ 52ពួកអ៊ីស្រាអែលដទៃទៀត ត្រូវបោះជំរំតាមកន្លែងរៀងខ្លួន គ្រប់គ្នាតាមជំរំរៀងខ្លួន តាមអង្គភាពរៀងខ្លួន ជិតទង់ជ័យរបស់គេរៀងខ្លួន 53តែពួកលេវីត្រូវបោះជំរំនៅជុំវិញរោងឧបោសថនៃសេចក្ដីសញ្ញា ដើម្បីកុំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវរក្សារោងឧបោសថនៃសេចក្ដីសញ្ញានោះ»។ 54ពួកអ៊ីស្រាអែលធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ គឺគេបានធ្វើតាមគ្រប់ទាំងអស់។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies