ជន‌គណនា 2

2
សេចក្ដី‌បង្គាប់​អំពី​ការ​បោះ​ជំរំ និង​ការ​ធ្វើ​យុទ្ធ​ដំណើរ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 2«ពួក​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​តាម​កន្លែង​រៀង​ខ្លួន នៅ​ក្បែរ​ទង់‌ជ័យ តាម​គោល​តម្រុយ​វង្សានុវង្ស​របស់​ឪពុក​ខ្លួន។ គេ​ត្រូវ​បោះ​ជំរំ​នៅ​ជុំ​វិញ ដោយ​បែរ​មុខ​ទៅ​រក​ត្រសាល​ជំនុំ។
3អស់​អ្នក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ខាង​កើត​ជា​ទិស​ថ្ងៃ​រះ ជា​ជំរំ​កង​ពល​នៃ​កុល‌សម្ព័ន្ធ​យូដា តាម​អង្គ‌ភាព​របស់​គេ។ មេ​ដឹក​នាំ​លើ​កូន​ចៅ​យូដា គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ 4ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៧៤ ៦០០ នាក់។ 5អស់​អ្នក​ដែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​អ៊ីសាខារ ហើយ​មេ​ដឹកនាំ​របស់​ពួក​អ៊ីសាខារ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ 6ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៤ ៤០០ នាក់។ 7បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន មេ​ដឹក​នាំ​លើ​កូន​ចៅ​សាប់‌យូ‌ឡូន គឺ​អេលាប ជា​កូន​របស់​ហេឡូន 8ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៧ ៤០០ នាក់។ 9នៅ​ក្នុង​ជំរំ​របស់​ពួក​យូដា តាម​អង្គ‌ភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទី​មួយ។
10នៅ​ខាង​ត្បូង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​រូបេន តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹក​នាំ​លើ​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ 11ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៦ ៥០០ នាក់។ 12អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​ស៊ីម្មាន ហើយ​មេ​ដឹក​នាំ​លើ​កូន​ចៅ​ស៊ីម្មាន គឺ​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ 13ឯ​អង្គ‌ភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៩ ៣០០ នាក់។ 14បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ​ដឹក​នាំ​លើ​កូន​ចៅ​កាដ គឺ​អេលា‌សាប ជា​កូន​របស់​ដេហ៊ូអែល 15ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៥ ៦៥០ នាក់។ 16នៅ​ក្នុង​ជំរំ​របស់​ពួក​រូបេន តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទីពីរ។
17បន្ទាប់​មក ត្រសាល​ជំនុំ ត្រូវ​ចេញ​ដំណើរ​ជា‌មួយ​ជំរំ​របស់​ពួក​លេវី នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ គេ​ត្រូវ​ចេញ​ដំណើរ​តាម​របៀប​ដែល​គេ​បោះ​ជំរំ តាម​លំ‌ដាប់​លំ‌ដោយ គឺ​គ្រប់​គ្នា​តាម​កន្លែង​រៀង​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។
18នៅ​ខាង​លិច ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​អេប្រា‌អិម តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូដ 19ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤០ ៥០០ នាក់។ 20នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ហើយ​មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​ម៉ាណា‌សេ គឺ​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ 21ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៣២ ២០០ នាក់។ 22បន្ទាប់​មក កុល‌សម្ព័ន្ធ​បេនយ៉ាមីន មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​បេនយ៉ាមីន គឺ​អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី 23ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៣៥ ៤០០ នាក់។ 24នៅ​ក្នុង​ជំរំ​របស់​ពួក​អេប្រាអិម តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទី​បី។
25នៅ​ខាង​ជើង ជា​ជំរំ​របស់​កង​ពល​នៃ​កុល‌សម្ព័ន្ធ​ដាន់ តាម​អង្គភាព​របស់​គេ ហើយ​មេ​ដឹកនាំ​លើ​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ 26ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៦២ ៧០០ នាក់។ 27អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ក្បែរ​លោក គឺ​កុល‌សម្ព័ន្ធ​អេស៊ើរ ហើយ​មេ​ដឹកនាំ​លើ​ពួក​កូន​ចៅ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន 28ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤១ ៥០០ នាក់។ 29បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹកនាំ​លើ​កូន​ចៅ​ណែប‌ថាលី គឺ​អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់ 30ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៣ ៤០០ នាក់។ 31នៅ​ក្នុង​ជំរំ​របស់​ពួក​ដាន់ សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ ចុង​ក្រោយ តាម​អង្គភាព​របស់​ខ្លួន»។
32នេះ​ហើយ​ជា​ពួក​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ជំរំ តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។ 33ប៉ុន្តែ ឯ​ពួក​លេវី គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។ 34ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​បោះ​ជំរំ​តាម​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល