ជន‌គណនា 10

10
ត្រែ​ធ្វើ​អំពី​ប្រាក់
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ធ្វើ​ត្រែ​ពីរ​អំពី​ប្រាក់ គឺ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​មាន​ក្បាច់​រចនា ហើយ​អ្នក​ត្រូវ​ប្រើ​ត្រែ​នោះ​សម្រាប់​កោះ​ហៅ​ក្រុម​ជំនុំ​ឲ្យ​ជួប​ជុំ​គ្នា និង​សម្រាប់​ប្រកាស​រើ​ជំរំ។ 3ពេល​ណា​ត្រែ​ទាំង​ពីរ​បន្លឺ​សំឡេង​ឡើង ក្រុម​ជំនុំ​ទាំង​អស់​ត្រូវ​មក​ជួប​ជុំ​នៅ​ចំពោះ​អ្នក ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ 4ប៉ុន្ដែ ប្រសិន‌បើ​មាន​សំឡេង​ត្រែ​តែ​មួយ នោះ​ពួក​មេ​ដឹក​នាំ ពួក​មេ​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ត្រូវ​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​អ្នក។ 5ពេល​ណា​អ្នក​ផ្លុំ​ដោយ​សំឡេង​រន្ថាន់ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​កើត ត្រូវ​ចេញ​ដំណើរ 6ហើយ​ពេល​ណា​អ្នក​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​លើក​ទីពីរ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ត្បូង ត្រូវ​ចេញ​ដំណើរ។ ពេល​ណា​មាន​សំឡេង​ផ្លុំ​រន្ថាន់ នោះ​គេ​ត្រូវ​ចេញ​ដំណើរ។ 7ប៉ុន្តែ ពេល​ណា​មាន​ការ​ហៅ​មក​ជួប​ប្រជុំ​គ្នា អ្នក​ក៏​ត្រូវ​ផ្លុំ​ដែរ តែ​មិន​ត្រូវ​ឲ្យ​មាន​សំឡេង​រន្ថាន់​ឡើយ។ 8ត្រូវ​ឲ្យ​កូន​ចៅ​របស់​អើរ៉ុន ដែល​ជា​ពួក​សង្ឃ ជា​អ្នក​ផ្លុំ​ត្រែ​នោះ។ នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា គ្រប់​ជំនាន់​រហូត​តទៅ។ 9ពេល​ណា​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង‌សត្រូវ ដែល​មក​សង្កត់‌សង្កិន​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​មាន​សំឡេង​យ៉ាង​រន្ថាន់ ដើម្បី​ជា​ការ​រំឭក​ពី​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​រួច​ពី​ខ្មាំង‌សត្រូវ។ 10រីឯ​នៅ​ថ្ងៃ​អំណរ នៅ​ថ្ងៃ​បុណ្យដែល​បាន​កំណត់​របស់​អ្នក​រាល់​គ្នា និង​នៅ​ថ្ងៃ​ចូល​ខែ នោះ​អ្នក​ត្រូវ​ផ្លុំ​ត្រែ​ពី​លើ​តង្វាយ​ដុត និង​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​ការ​រំឭក​ពី​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។
ការ​ចេញ​ដំណើរ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ
11នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក​បាន​អណ្ដែត​ឡើង​ពី​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា។ 12ពេល​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​តាម​ដំណាក់ៗ ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ 13គេ​ចេញ​ដំណើរ​ជា​លើក​ទីមួយ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។ 14ទង់‌ជ័យ​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ តាម​អង្គភាព​របស់​ខ្លួន ហើយ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ គ្រប់​គ្រង​លើ​អង្គភាព​ទាំង​មូល។ 15នេថា‌នេល​ជា​កូន​របស់​ស៊ូហារ គ្រប់​គ្រង​លើ​អង្គភាព​នៃ​កុល‌សម្ព័ន្ធ​អ៊ីសាខារ 16ហើយ​អេលាប​ជា​កូន​របស់​ហេឡូន គ្រប់​គ្រង​លើ​អង្គភាព​នៃ​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន។ 17ក្រោយ​ពី​បាន​រើ​រោង​ឧបោសថ​រួច​ហើយ កូន​ចៅ​គើសុន និង​កូន​ចៅ​ម្រ៉ារី ដែល​ជា​អ្នក​លី​សែង​រោង​ឧបោសថ​នោះ ក៏​នាំ​គ្នា​ចេញ​ដំណើរ។ 18បន្ទាប់​មក ទង់‌ជ័យ​នៃ​ជំរំ​រូបេន​នាំ​គ្នា​ចេញ​ដំណើរ តាម​អង្គភាព​របស់​ខ្លួន ហើយ​អេលី‌ស៊ើរ​ជា​កូន​របស់​សេដេ‌អ៊ើរ គ្រប់​គ្រង​លើ​អង្គភាព​ទាំង​មូល។ 19ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ គ្រប់​គ្រង​លើ​អង្គភាព​នៃ​កុល​សម្ព័ន្ធ​ស៊ីម្មាន 20ហើយ​អេលា‌សាប់​ជា​កូន​ដេហ៊ូអែល គ្រប់គ្រង​លើ​អង្គភាព​នៃ​កុល‌សម្ព័ន្ធ​កាដ។ 21បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ ទាំង​លី‌សែង​វត្ថុ​ដ៏​បរិសុទ្ធ​ទៅ​ជា‌មួយ ហើយ​អ្នក​មុន​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​ពេល​គេ​ទៅ​ដល់។ 22បន្ទាប់​មក​ទៀត ទង់‌ជ័យ​នៃ​ជំរំ​អេប្រាអិម​នាំ​គ្នា​ចេញ​ដំណើរ តាម​អង្គភាព​របស់​ខ្លួន ហើយ​អេលី‌សាម៉ា​ជា​កូន​របស់​អាំមីហ៊ូត គ្រប់‌គ្រង​លើ​អង្គ‌ភាព​ទាំង​មូល។ 23កាម៉ា‌លាល​ជា​កូន​របស់​ផ្តាស៊ើរ គ្រប់‌គ្រង​លើ​អង្គ‌ភាព​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ 24ហើយ​អ័ប៊ីដាន​ជា​កូន​របស់​គីដា‌ហូនី គ្រប់‌គ្រង​លើ​អង្គ‌ភាព​នៃ​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។ 25បន្ទាប់​មក ទង់‌ជ័យ​នៃ​ជំរំ​ដាន់​នាំ​គ្នា​ចេញ​ដំណើរ តាម​អង្គ‌ភាព​របស់​ខ្លួន បំពេញ​មុខ​ងារ​ជា​ទ័ព​ការ​ពារ​ជួរ​ខាង​ក្រោយ​ជំរំ​ទាំង​អស់ ហើយ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ គ្រប់‌គ្រង​លើ​អង្គ‌ភាព​ទាំង​មូល។ 26ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន គ្រប់‌គ្រង​លើ​អង្គភាព​នៃ​កុល‌សម្ព័ន្ធ​អេស៊ើរ 27ហើយ​អ័ហ៊ីរ៉ា​ជា​កូន​របស់​អេណាន់ គ្រប់‌គ្រង​លើ​អង្គភាព​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី។ 28កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ជា​ក្បួន​ទ័ព តាម​អង្គភាព​របស់​គេ តាម​លំដាប់​លំដោយ​បែប​នេះ​ឯង។
29លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ហូបាប់ ជា​កូន​របស់​រេហួល សាសន៍​ម៉ាឌាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​លោក​ម៉ូសេ​ថា៖ «ពួក​យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​អ្នក​រាល់​គ្នា"។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា‌មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​បង​យ៉ាង​ល្អ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សន្យា​យ៉ាង​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល»។ 30ប៉ុន្តែ ហូបាប់​តប​ថា៖ «ខ្ញុំ​មិន​ទៅ​ទេ គឺ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្ញុំ ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ»។ 31លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «សូម​កុំ​ទៅ​ចោល​ពួក​យើង​ឡើយ ដ្បិត​បង​ស្គាល់​កន្លែង​ដែល​យើង​ត្រូវ​បោះ​ជំរំ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ ហើយ​បង​នឹង​បាន​ដូច​ជា​ភ្នែក​ដល់​ពួក​យើង។ 32ម្យ៉ាង​ទៀត ប្រសិន‌បើ​បង​ទៅ​ជា‌មួយ​ពួក​យើង អ្វីៗ​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ដល់​ពួក​យើង នោះ​ពួក​យើង​ក៏​នឹង​ផ្ដល់​ជូន​បង​យ៉ាង​នោះ​ដែរ»។
33ដូច្នេះ គេ​ក៏​ចេញ​ពី​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទាំង​មាន​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​នៅ​ខាង​មុខ​គេ​រយៈ​ពេល​បី​ថ្ងៃ​នោះ ដើម្បី​រក​កន្លែង​ឲ្យ​គេ​ឈប់​សម្រាក 34ពេល​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​ពី​លើ​ពួកគេ នៅ​ពេល​ថ្ងៃ។ 35ពេល​ណា​ហិប​សញ្ញា​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ «ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​ខ្មាំង‌សត្រូវ​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ ហើយ​សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ ត្រូវ​រត់​ចេញ​នៅ​ចំពោះ​ព្រះ‌អង្គ»។ 36ពេល​ណា​ហិប​សញ្ញា​ឈប់​សម្រាក លោក​មាន​ប្រសាសន៍​ថា «ព្រះ‌យេហូវ៉ា​អើយ សូម​យាង​មក​គង់​ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​សល់​សែន​វិញ»។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល