ជន‌គណនា 16

16
ការ​បះ‌បោរ​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម
1ថ្ងៃ​មួយ កូរេ​ជា​កូន​របស់​យីតសារ ជា​ចៅ​របស់​កេហាត់ ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប ព្រម​ទាំង​អូន ជា​កូន​របស់​ពេលេត ក្នុង​ពូជ‌ពង្ស​រូបេន 2បាន​លើក​គ្នា​បះបោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ ដោយ​មាន​ប្រជាជន​អ៊ីស្រា‌អែល​ពីរ​រយ​ហាសិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​ជំនុំ ជា​មនុស្ស​រើស​តាំង​ក្នុង​ចំណោម​ពួក‌គេ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ចូល​រួម។ 3អ្នក​ទាំង​នោះ​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន ដោយ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! ក្រុម​ជំនុំ​ទាំង​មូល​សុទ្ធ​តែ​បរិសុទ្ធ ហើយ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ពួកគេ ហេតុ​អ្វី​បាន​ជា​ពួក​លោក​លើក​កម្ពស់​ខ្លួន​ត្រួត​លើ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ?» 4កាល​លោក​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី 5រួច​លោក​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ និង​បក្ស​ពួក​ទាំង​អស់​របស់​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ណា​ដែល​ជា​របស់​ព្រះ‌អង្គ អ្នក​ណា​ដែល​បរិសុទ្ធ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ 6ចូរ​ធ្វើ​ដូច្នេះ​ចុះ គឺ​កូរេ​ឯង និង​បក្ស​ពួក​របស់​អ្នក ទាំង​ប៉ុន្មាន ត្រូវ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​មក 7ហើយ​ស្អែក​នេះ ចូរ​យក​ភ្លើង​ដាក់​ក្នុង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជ្រើស​រើស អ្នក​នោះ​នឹង​បាន​បរិសុទ្ធ។ កូន​ចៅ​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!» 8លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅកូរេ​ថា៖ «កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​ចុះ! 9ការ​ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ក្រុម​ជំនុំ ដើម្បី​បម្រើ​ពួកគេ តើ​កិច្ច​ការ​នេះ​តូច​ពេក​ឬ? 10ព្រះ‌អង្គ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា និង​កូន​ចៅ​លេវី​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ទាំង​អស់ ចូល​ទៅ​ជិត​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត! 11ដូច្នេះ អ្នក និង​បក្ស​ពួក​របស់​អ្នក​បាន​លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេហូវ៉ា​ហើយ។ តើ​អើរ៉ុន​ជា​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក​ដូច្នេះ?»
12លោក​ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា៖ «ពួក​យើង​មិន​ទៅ​ទេ! 13ដែល​លោក​បាន​នាំ​យើង​ចេញ​ពី​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​សម្លាប់​យើង​នៅ​ក្នុង​ទី​រហោ‌ស្ថាន តើ​ការ​នេះ​តូច​ពេក​ឬ បាន​ជា​លោក​ត្រូវ​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ហ្វាយ​លើ​យើង​ថែម​ទៀត? 14ម្យ៉ាង​ទៀត លោក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចម្ការ និង​ចម្ការ​ទាំង​បាយ​ជូរ​មក​យើង​ទុក​ជា​មត៌ក​ដែរ។ តើ​លោក​ចង់​បន្លំ​ភ្នែក​មនុស្ស​ទាំង​នេះ​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។
15លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​កុំ​រវល់​នឹង​តង្វាយ​របស់​ពួកគេ​ឡើយ។ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​ណា​មួយ​របស់​ពួកគេ​ឡើយ ហើយ​ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ទុក្ខ​ទោស​ពួកគេ​ណា​ម្នាក់​ដែរ»។ 16លោក​ម៉ូសេ​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ​ថា៖ «ថ្ងៃ​ស្អែក​នេះ ចូរ​អ្នក និង​បក្ស​ពួក​របស់​អ្នក​ទាំង​ប៉ុន្មាន ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​អ្នក និង​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន 17ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក រួច​ដាក់​កំញាន​ពី​លើ ហើយ​ម្នាក់ៗ​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​ពាន​ពីរ​រយ​ហា​សិប ឯ​អ្នក និង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ»។ 18ដូច្នេះ ម្នាក់ៗ​បាន​យក​ពាន​មក​រៀង​ខ្លួន ហើយ​គេ​ដាក់​ភ្លើង និង​រោយ​កំញាន​ពី​លើ​ពាន​ទាំង​នោះ រួច​គេ​ឈរ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ​ជា‌មួយ​លោក​ម៉ូសេ និង​អើរ៉ុន។ 19ឯកូរេ​ក៏​ប្រមូល​ក្រុម​ជំនុំ​ទាំង​មូល​មក​ទាស់​នឹង​លោក​ទាំង​ពីរ នៅ​ត្រង់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ។
20ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 21«ចូរ​ញែក​ខ្លួន​ពី​ក្រុម​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​យើង​បំផ្លាញ​គេ​ឥឡូវ​នេះ​ភ្លាម»។ 22លោក​ទាំង​ពីរ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី ហើយ​ទូល​ថា៖ «ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​មនុស្ស​លោក​ទាំង​អស់! បើ​មនុស្ស​តែ​ម្នាក់​ធ្វើ​បាប នោះ​តើ​ព្រះ‌អង្គ​ក្រោធ​នឹង​ក្រុម​ជំនុំ​ទាំង​មូល​ឬ?»។
23ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 24«ចូរ​ប្រាប់​ក្រុម​ជំនុំ ឲ្យ​ថយ​ចេញ​ពី​ជំរំ​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម»។ 25ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ដើរ​ទៅ​រក​ដាថាន និង​អ័ប៊ីរ៉ាម មាន​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដើរ​តាម​ក្រោយ។ 26លោក​មាន​ប្រ‌សាសន៍​ទៅ​កាន់​ក្រុម​ជំនុំ​ថា៖ «ចូរ​ថយ​ចេញ​ពី​ជំរំ​របស់​មនុស្ស​អាក្រក់​ទាំង​នេះ​ទៅ កុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​ជា​របស់​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួកគេ​ដែរ»។ 27ដូច្នេះ គេ​ក៏​ថយ​ចេញ​ពី​ជំរំ​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន និង​អ័ប៊ីរ៉ាម​ក៏​ចេញ​មក​ឈរ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន​ជាមួយ​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​របស់​គេ ទាំង​តូច​ទាំង​ធំ។ 28លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ការ​ទាំង​នេះ​យ៉ាង​នេះ​ឯង ហើយ​ថា ខ្ញុំ​មិន​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ឡើយ! 29ប្រសិន‌បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា​របស់​មនុស្ស ឬ​ប្រសិន‌បើ​គេ​ត្រូវ​ស្លាប់​ដោយ​ហេតុ​ណា​មួយ​កើត​ឡើង​ដល់​គេ​ដូច​មនុស្ស​ផង​ទាំង​ពួង នោះ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។ 30ប៉ុន្ដែ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ការ​មួយ​ចម្លែក គឺ​ឲ្យ​ដី​ហា​ឡើង​ហើយ​លេប​ពួកគេ និង​អ្វីៗ​ទាំង​អស់​របស់​ពួកគេ​ទៅ រួច​ពួកគេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អ្នក​ទាំង​នេះ​ពិត​ជា​បាន​មើល‌ងាយ​ព្រះ‌យេហូវ៉ា​មែន»។
31កាល​លោក​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ​ចប់​ភ្លាម នោះ​ដី​នៅ​ពី​ក្រោម​ពួកគេ ក៏​ប្រេះ​ចេញ​ពី​គ្នា 32គឺ​ដី​ហា​ឡើង រួច​លេប​ពួកគេ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក‌គេ និង​អស់​អ្នក​ដែល​ជា​របស់​កូរេ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ​អស់​ទៅ។ 33ដូច្នេះ អ្នក​ទាំង​នោះ និង​អ្វី​ទាំង​អស់​ដែល​ជា​របស់​គេ ក៏​ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​រស់ រួច​ដី​បាន​គ្រប​លើ​ពួកគេ​ជិត ហើយ​គេ​ក៏​វិនាស​បាត់​ពី​ចំណោម​ក្រុម​ជំនុំ​ទៅ។ 34កាល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ឮ​សម្រែក​របស់​អ្នក​ទាំង​នោះ គេ​ក៏​នាំ​គ្នា​រត់​ចេញ ដោយ​ពោល​ថា៖ «ក្រែង​ដី​ស្រូប​យើង​ទៅ​ដែរ»។ 35ពេល​នោះ មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​ពីរ​រយ​ហាសិប​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។
36 បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 37«ចូរ​ប្រាប់​អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន ឲ្យ​យក​ពាន​ទាំង​នោះ​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ភ្លើង​ទៅ​គោះ​ចោល​ឲ្យ​ឆ្ងាយ 38ដ្បិត​ពាន​របស់​មនុស្ស​ដែល​បាន​ធ្វើ​បាប​ទាំង​នេះ បាន​បរិសុទ្ធ​ដោយ​ព្រោះ​ជីវិត​របស់​ពួកគេ​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ។ ចូរ​យក​ពាន​ទាំង​នោះ​ទៅ​ដំ​ជា​បន្ទះ​សម្រាប់​ស្រោប​អាស‌នា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច្នេះ ពាន​ទាំង​នោះ​បាន​បរិសុទ្ធ​ហើយ ហើយ​យ៉ាង​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល»។ 39ដូច្នេះ សង្ឃ​អេលាសារ​ក៏​យក​ពាន​លង្ហិន​ដែល​អស់​អ្នក​ត្រូវ​ភ្លើង​ឆេះ​នោះ​បាន​ថ្វាយ មក​ដំ​ជា​បន្ទះ​ស្រោប​អាស‌នា 40ទុក​ជា​ទី​រំឭក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ក្រៅ​ពី​កូន​ចៅ​របស់​អើរ៉ុន ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូចកូរេ និង​បក្ស​ពួក​របស់​គាត់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អេលាសារ តាមរយៈ​លោក​ម៉ូសេ។
41ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​រអ៊ូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ទាស់​នឹង​លោក​អើរ៉ុន​ថា៖ «ពួក​លោក​បាន​សម្លាប់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា»។ 42កាល​ក្រុម​ជំនុំ​បាន​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន នោះ​គេ​បែរ​មុខ​ទៅ​ត្រសាល​ជំនុំ ឃើញ​ពពក​មាន​គ្រប​លើ​ត្រសាល ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ដែរ។ 43ពេល​នោះ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​ពី​មុខ​ត្រសាល​ជំនុំ 44ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 45«ចូរ​ថយ​ចេញ​ពី​ក្រុម​ជំនុំ​នេះ​ទៅ ដើម្បី​ឲ្យ​យើង​បំផ្លាញ​គេ​ឥឡូវ​នេះ​ភ្លាម»។ តែ​លោក​ទាំង​ពីរ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី។ 46លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ពាន​របស់​បង ហើយ​យក​ភ្លើង​ពី​អាស‌នា​មក​ដាក់​ក្នុង​ពាន រួច​យក​កំញាន​រោយ​ពី​លើ ហើយ​យក​ពាន​នោះ​ជា​ប្រញាប់​ទៅ​កាន់​ក្រុម​ជំនុំ ដើម្បី​រំដោះ​បាប​ឲ្យ​ពួកគេ​ទៅ ដ្បិត​មាន​សេចក្ដី‌ក្រោធ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ហើយ គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​ដែរ»។
47ដូច្នេះ លោក​អើរ៉ុន​ក៏​យក​ពាន​ទៅ​តាម​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​រត់​ទៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​មើល៍ គ្រោះ​កាច​បាន​ចាប់​ផ្ដើម​កើត​ឡើង​ក្នុង​ចំណោម​ប្រជាជន​ទៅ​ហើយ។ លោក​ក៏​រោយ​កំញាន ហើយ​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​ពួកគេ។ 48លោក​ឈរ​នៅ​កណ្ដាល​មនុស្ស​ស្លាប់ និង​មនុស្ស​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់​ទៅ។ 49មនុស្ស​ដែល​បាន​ស្លាប់​ដោយ​គ្រោះ​កាច​នោះ មាន​ចំនួន​មួយ​ម៉ឺន​បួន​ពាន់​ប្រាំពីរ​រយ​នាក់ ថែម​ពី​លើ​អស់​អ្នក​ដែល​បាន​ស្លាប់​ពី​ដំណើរ​របស់កូរេ។ 50ពេល​គ្រោះ​កាច​បាន​ឈប់ អើរ៉ុន​ក៏​ត្រឡប់​ទៅ​រក​លោក​ម៉ូសេ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ​វិញ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល