ជនគណនា 16
16
ការបះបោររបស់កូរេ ដាថាន និងអ័ប៊ីរ៉ាម
1ថ្ងៃមួយ កូរេជាកូនរបស់យីតសារ ជាចៅរបស់កេហាត់ ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនរបស់អេលាប ព្រមទាំងអូន ជាកូនរបស់ពេលេត ក្នុងពូជពង្សរូបេន 2បានលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានប្រជាជនអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមជំនុំ ជាមនុស្សរើសតាំងក្នុងចំណោមពួកគេ ហើយជាអ្នកមានឈ្មោះល្បីចូលរួម។ 3អ្នកទាំងនោះលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន ដោយពោលទៅកាន់លោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! ក្រុមជំនុំទាំងមូលសុទ្ធតែបរិសុទ្ធ ហើយព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហេតុអ្វីបានជាពួកលោកលើកកម្ពស់ខ្លួនត្រួតលើក្រុមជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?» 4កាលលោកម៉ូសេបានឮពាក្យនោះ លោកក៏ក្រាបចុះមុខដល់ដី 5រួចលោកមានប្រសាសន៍ទៅកាន់កូរេ និងបក្សពួកទាំងអស់របស់គាត់ថា៖ «ព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យដឹងថាអ្នកណាដែលជារបស់ព្រះអង្គ អ្នកណាដែលបរិសុទ្ធ ហើយព្រះអង្គនឹងឲ្យអ្នកណាចូលទៅជិតព្រះអង្គ។ អ្នកណាដែលព្រះអង្គនឹងជ្រើសរើស ព្រះអង្គនឹងឲ្យអ្នកនោះចូលទៅជិតព្រះអង្គ។ 6ចូរធ្វើដូច្នេះចុះ គឺកូរេឯង និងបក្សពួករបស់អ្នក ទាំងប៉ុន្មាន ត្រូវយកពានគ្រប់គ្នារៀងខ្លួនមក 7ហើយស្អែកនេះ ចូរយកភ្លើងដាក់ក្នុងពានទាំងនោះ ហើយរោយកំញានពីលើនៅចំពោះព្រះយេហូវ៉ា។ អ្នកណាដែលព្រះយេហូវ៉ាជ្រើសរើស អ្នកនោះនឹងបានបរិសុទ្ធ។ កូនចៅលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!» 8លោកម៉ូសេមានប្រសាសន៍ទៅកូរេថា៖ «កូនចៅលេវីអើយ ចូរស្តាប់ចុះ! 9ការដែលព្រះនៃសាសន៍អ៊ីស្រាអែលបានញែកអ្នករាល់គ្នាចេញពីក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ដើម្បីឲ្យអ្នករាល់គ្នាចូលទៅជិតព្រះអង្គ សម្រាប់នឹងធ្វើការងារក្នុងរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខក្រុមជំនុំ ដើម្បីបម្រើពួកគេ តើកិច្ចការនេះតូចពេកឬ? 10ព្រះអង្គបានអនុញ្ញាតឲ្យអ្នករាល់គ្នា និងកូនចៅលេវីជាបងប្អូនរបស់អ្នករាល់គ្នាទាំងអស់ ចូលទៅជិតព្រះអង្គ តែអ្នករាល់គ្នាចង់បានការងារជាសង្ឃថែមទៀត! 11ដូច្នេះ អ្នក និងបក្សពួករបស់អ្នកបានលើកគ្នាប្រឆាំងនឹងព្រះយេហូវ៉ាហើយ។ តើអើរ៉ុនជាអ្វីបានជាអ្នករាល់គ្នារអ៊ូរទាំប្រឆាំងនឹងលោកដូច្នេះ?»
12លោកម៉ូសេក៏ចាត់គេឲ្យទៅហៅដាថាន និងអ័ប៊ីរ៉ាម ជាកូនរបស់អេលាបឲ្យមក តែគេប្រកែកថា៖ «ពួកយើងមិនទៅទេ! 13ដែលលោកបាននាំយើងចេញពីស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ មក ដើម្បីសម្លាប់យើងនៅក្នុងទីរហោស្ថាន តើការនេះតូចពេកឬ បានជាលោកត្រូវតាំងខ្លួនធ្វើជាចៅហ្វាយលើយើងថែមទៀត? 14ម្យ៉ាងទៀត លោកមិនបាននាំយើងចូលទៅក្នុងស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឲ្យស្រែចម្ការ និងចម្ការទាំងបាយជូរមកយើងទុកជាមត៌កដែរ។ តើលោកចង់បន្លំភ្នែកមនុស្សទាំងនេះឬ? ពួកយើងមិនព្រមទៅទេ!»។
15លោកម៉ូសេខឹងយ៉ាងខ្លាំង ហើយទូលព្រះយេហូវ៉ាថា៖ «សូមកុំរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនបានយកសត្វលាណាមួយរបស់ពួកគេឡើយ ហើយទូលបង្គំក៏មិនបានធ្វើទុក្ខទោសពួកគេណាម្នាក់ដែរ»។ 16លោកម៉ូសេមានប្រសាសន៍ទៅកាន់កូរេថា៖ «ថ្ងៃស្អែកនេះ ចូរអ្នក និងបក្សពួករបស់អ្នកទាំងប៉ុន្មាន ត្រូវបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ា គឺអ្នក និងអ្នកទាំងនោះ ព្រមទាំងអើរ៉ុន 17ម្នាក់ៗត្រូវយកពានរបស់ខ្លួនមក រួចដាក់កំញានពីលើ ហើយម្នាក់ៗត្រូវយកពានរបស់ខ្លួនមកដាក់នៅចំពោះព្រះយេហូវ៉ា គឺពានពីររយហាសិប ឯអ្នក និងអើរ៉ុន ក៏ត្រូវយកពានរបស់ខ្លួនមកដែរ»។ 18ដូច្នេះ ម្នាក់ៗបានយកពានមករៀងខ្លួន ហើយគេដាក់ភ្លើង និងរោយកំញានពីលើពានទាំងនោះ រួចគេឈរនៅទ្វារចូលត្រសាលជំនុំជាមួយលោកម៉ូសេ និងអើរ៉ុន។ 19ឯកូរេក៏ប្រមូលក្រុមជំនុំទាំងមូលមកទាស់នឹងលោកទាំងពីរ នៅត្រង់ទ្វារចូលត្រសាលជំនុំ។ ពេលនោះ សិរីល្អរបស់ព្រះយេហូវ៉ាក៏លេចមកឲ្យក្រុមជំនុំទាំងមូលឃើញ។
20ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 21«ចូរញែកខ្លួនពីក្រុមជំនុំនេះចេញ ដើម្បីឲ្យយើងបំផ្លាញគេឥឡូវនេះភ្លាម»។ 22លោកទាំងពីរក៏ក្រាបចុះមុខដល់ដី ហើយទូលថា៖ «ឱព្រះអើយ ព្រះអង្គជាព្រះនៃវិញ្ញាណរបស់មនុស្សលោកទាំងអស់! បើមនុស្សតែម្នាក់ធ្វើបាប នោះតើព្រះអង្គក្រោធនឹងក្រុមជំនុំទាំងមូលឬ?»។
23ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 24«ចូរប្រាប់ក្រុមជំនុំ ឲ្យថយចេញពីជំរំរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាម»។ 25ពេលនោះ លោកម៉ូសេក្រោកឡើង ដើរទៅរកដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមក្រោយ។ 26លោកមានប្រសាសន៍ទៅកាន់ក្រុមជំនុំថា៖ «ចូរថយចេញពីជំរំរបស់មនុស្សអាក្រក់ទាំងនេះទៅ កុំប៉ះពាល់អ្វីៗដែលជារបស់គេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។ 27ដូច្នេះ គេក៏ថយចេញពីជំរំរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ រីឯដាថាន និងអ័ប៊ីរ៉ាមក៏ចេញមកឈរនៅទ្វារចូលជំរំរបស់ខ្លួនជាមួយប្រពន្ធ និងកូនទាំងប៉ុន្មានរបស់គេ ទាំងតូចទាំងធំ។ 28លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមកធ្វើការទាំងនេះយ៉ាងនេះឯង ហើយថា ខ្ញុំមិនបានធ្វើដោយចិត្តឯងឡើយ! 29ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតារបស់មនុស្ស ឬប្រសិនបើគេត្រូវស្លាប់ដោយហេតុណាមួយកើតឡើងដល់គេដូចមនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់ខ្ញុំឲ្យមកទេ។ 30ប៉ុន្ដែ ប្រសិនបើព្រះយេហូវ៉ាធ្វើឲ្យមានការមួយចម្លែក គឺឲ្យដីហាឡើងហើយលេបពួកគេ និងអ្វីៗទាំងអស់របស់ពួកគេទៅ រួចពួកគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងថា អ្នកទាំងនេះពិតជាបានមើលងាយព្រះយេហូវ៉ាមែន»។
31កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះចប់ភ្លាម នោះដីនៅពីក្រោមពួកគេ ក៏ប្រេះចេញពីគ្នា 32គឺដីហាឡើង រួចលេបពួកគេ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងអស់អ្នកដែលជារបស់កូរេ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេអស់ទៅ។ 33ដូច្នេះ អ្នកទាំងនោះ និងអ្វីទាំងអស់ដែលជារបស់គេ ក៏ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីបានគ្របលើពួកគេជិត ហើយគេក៏វិនាសបាត់ពីចំណោមក្រុមជំនុំទៅ។ 34កាលប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញឮសម្រែករបស់អ្នកទាំងនោះ គេក៏នាំគ្នារត់ចេញ ដោយពោលថា៖ «ក្រែងដីស្រូបយើងទៅដែរ»។ 35ពេលនោះ មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្សពីររយហាសិបនាក់ ដែលកំពុងថ្វាយកំញាននោះដែរ។
36 បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេថា៖ 37«ចូរប្រាប់អេលាសារ ជាកូនរបស់សង្ឃអើរ៉ុន ឲ្យយកពានទាំងនោះចេញពីក្នុងភ្លើង រួចយកភ្លើងទៅគោះចោលឲ្យឆ្ងាយ 38ដ្បិតពានរបស់មនុស្សដែលបានធ្វើបាបទាំងនេះ បានបរិសុទ្ធដោយព្រោះជីវិតរបស់ពួកគេដែលមានទោសដល់ស្លាប់នោះ។ ចូរយកពានទាំងនោះទៅដំជាបន្ទះសម្រាប់ស្រោបអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ា ដូច្នេះ ពានទាំងនោះបានបរិសុទ្ធហើយ ហើយយ៉ាងនេះនឹងបានជាទីសម្គាល់ដល់កូនចៅអ៊ីស្រាអែល»។ 39ដូច្នេះ សង្ឃអេលាសារក៏យកពានលង្ហិនដែលអស់អ្នកត្រូវភ្លើងឆេះនោះបានថ្វាយ មកដំជាបន្ទះស្រោបអាសនា 40ទុកជាទីរំឭកដល់កូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ក្រៅពីកូនចៅរបស់អើរ៉ុន ចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ និងបក្សពួករបស់គាត់ ដូចព្រះយេហូវ៉ាបានបង្គាប់មកអេលាសារ តាមរយៈលោកម៉ូសេ។
41ប៉ុន្ដែ នៅថ្ងៃបន្ទាប់ ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ក៏រអ៊ូរទាំទាស់នឹងលោកម៉ូសេ ហើយទាស់នឹងលោកអើរ៉ុនថា៖ «ពួកលោកបានសម្លាប់ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា»។ 42កាលក្រុមជំនុំបានលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន នោះគេបែរមុខទៅត្រសាលជំនុំ ឃើញពពកមានគ្របលើត្រសាល ហើយសិរីល្អរបស់ព្រះយេហូវ៉ាក៏លេចមកដែរ។ 43ពេលនោះ លោកម៉ូសេ និងលោកអើរ៉ុនក៏ទៅពីមុខត្រសាលជំនុំ 44ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 45«ចូរថយចេញពីក្រុមជំនុំនេះទៅ ដើម្បីឲ្យយើងបំផ្លាញគេឥឡូវនេះភ្លាម»។ តែលោកទាំងពីរក៏ក្រាបចុះមុខដល់ដី។ 46លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកពានរបស់បង ហើយយកភ្លើងពីអាសនាមកដាក់ក្នុងពាន រួចយកកំញានរោយពីលើ ហើយយកពាននោះជាប្រញាប់ទៅកាន់ក្រុមជំនុំ ដើម្បីរំដោះបាបឲ្យពួកគេទៅ ដ្បិតមានសេចក្ដីក្រោធចេញពីព្រះយេហូវ៉ាហើយ គ្រោះកាចក៏ចាប់ផ្ដើមដែរ»។
47ដូច្នេះ លោកអើរ៉ុនក៏យកពានទៅតាមបង្គាប់របស់លោកម៉ូសេ ហើយរត់ទៅកណ្ដាលក្រុមជំនុំ ហើយមើល៍ គ្រោះកាចបានចាប់ផ្ដើមកើតឡើងក្នុងចំណោមប្រជាជនទៅហើយ។ លោកក៏រោយកំញាន ហើយធ្វើពិធីលោះបាបឲ្យពួកគេ។ 48លោកឈរនៅកណ្ដាលមនុស្សស្លាប់ និងមនុស្សរស់ ហើយគ្រោះកាចក៏ឈប់ទៅ។ 49មនុស្សដែលបានស្លាប់ដោយគ្រោះកាចនោះ មានចំនួនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ ថែមពីលើអស់អ្នកដែលបានស្លាប់ពីដំណើររបស់កូរេ។ 50ពេលគ្រោះកាចបានឈប់ អើរ៉ុនក៏ត្រឡប់ទៅរកលោកម៉ូសេនៅទ្វារចូលត្រសាលជំនុំវិញ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies