ជន‌គណនា 15

15
អំពី​តង្វាយ​ផ្សេងៗ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​តាំង​ទី​លំនៅ 3ហើយ​អ្នក​រាល់​គ្នា​យក​សត្វ​ពី​ហ្វូង​គោ ឬ​ពី​ហ្វូង​ចៀម មក​ថ្វាយ​ជា​តង្វាយ​ចម្អិន​ដល់​ព្រះ‌យេហូវ៉ា ទោះ​ជា​តង្វាយ​ដុត ឬ​ជា​យញ្ញ‌បូជា​ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ឬ​តង្វាយ​នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់​ក្តី ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា 4នោះ​អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង ថ្វាយ​ជា​តង្វាយ​ម្សៅ លាយ​ជា‌មួយ​ប្រេង​មួយ​លីត្រ​កន្លះ 5ហើយ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​លីត្រ​កន្លះ​ជា​តង្វាយ​ច្រួច មក​ថ្វាយ​ជា‌មួយ​តង្វាយ​ដុត ឬ​សម្រាប់​ចៀម​នីមួយៗ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា។ 6ប្រសិន‌បើ​ជា​ចៀម​ឈ្មោល អ្នក​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង​ពីរ​លីត្រ 7ហើយ​ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​លីត្រ​ជា​តង្វាយ​ច្រួច ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ 8កាល​ណា​អ្នក​ថ្វាយ​គោ​ឈ្មោល​ជា​តង្វាយ​ដុត ឬ​ជា​យញ្ញ‌បូជា​ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា 9នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង​បី​លីត្រ សម្រាប់​ជា​តង្វាយ​ម្សៅ មក​ថ្វាយ​ជា‌មួយ​គោ​ឈ្មោល​នោះ 10ឯ​តង្វាយ​ច្រួច នោះ​ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ​ជូរ​បី​លីត្រ សម្រាប់​ជា​តង្វាយ​ចម្អិន ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ 11រាល់​គោ​ឈ្មោល ឬ​ពពែ​ឈ្មោល​នីមួយៗ ឬ​រាល់​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​នីមួយៗ គឺ​ត្រូវ​ធ្វើ​តាម​របៀប​នេះ​ឯង។ 12សត្វ​ដែល​អ្នក​ថ្វាយ​មាន​ចំនួន​ប៉ុនណា អ្នក​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​សត្វ​នីមួយៗ តាម​ចំនួន​នោះ​ដែរ។ 13អស់​ទាំង​សាសន៍​អ៊ីស្រា‌អែល​ដែល​កើត​ក្នុង​ស្រុក ត្រូវ​ធ្វើ​តាម​របៀប​នេះ ក្នុង​ពេល​ថ្វាយ​តង្វាយ​ចម្អិន ដែល​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ 14ប្រសិន‌បើ​មាន​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្រប់​តំណ​ត​ទៅ ចង់​ថ្វាយ​តង្វាយ​ចម្អិន​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដែរ។ 15នៅ​ក្នុង​ក្រុម​ជំនុំ ត្រូវ​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា និង​សម្រាប់​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ជា​ច្បាប់​គ្រប់​ជំនាន់​ត​ទៅ។ អ្នក​រាល់​គ្នា និង​អ្នក​ប្រទេស​ក្រៅ​នឹង​បាន​ដូច​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 16ត្រូវ​ឲ្យ​មាន​បញ្ញត្តិ​តែ​មួយ និង​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា និង​អ្នក​ប្រទេស​ក្រៅ ដែល​រស់​នៅ​ជា‌មួយ​អ្នក​រាល់គ្នា»។
17ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 18«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ 19ហើយ​កាល​ណា​អ្នក​រាល់​គ្នា​បរិ‌ភោគ​នំប៉័ង​របស់​ស្រុក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ចំណែក​ថ្វាយ​ព្រះ‌យេហូវ៉ា។ 20ត្រូវ​យក​ម្សៅ​ដែល​លាយ​មុន​ដំបូង មក​ធ្វើ​ជា​នំ​មួយ​សម្រាប់​ជា​តង្វាយ គឺ​អ្នក​ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​នោះ ដូច​ជា​អ្នក​ថ្វាយ​មួយ​ចំណែក​ពី​លាន​ស្រូវ​ដែរ។ 21គ្រប់​ជំនាន់​ត​ទៅ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​មួយ​ចំណែក​ពី​ម្សៅ​ដែល​លាយ​មុន​ដំបូង​ដល់​ព្រះ‌យេហូវ៉ា។
22ប៉ុន្ដែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ខុស​ដោយ​អ‌ចេតនា មិន​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ 23គឺ​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​អ្នក​រាល់​គ្នា ដោយ‌សារ​ម៉ូសេ ចាប់​ពី​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក និង​គ្រប់​ជំនាន់​ត​រៀង​ទៅ 24ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ខុស​ដោយ​អ‌ចេតនា ហើយ​ក្រុម​ជំនុំ​មិន​បាន​ដឹង នោះ​ក្រុម​ជំនុំ​ទាំង​មូល​ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​មួយ ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​តាម​របៀប​នោះ​ផង ហើយ​ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ។ 25សង្ឃ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​គេ ព្រោះ​ជា​កំហុស​ដោយ​អ‌ចេតនា។ គេ​បាន​នាំ​យក​តង្វាយ​របស់​គេ ជា​តង្វាយ​ចម្អិន​ថ្វាយ​ព្រះ‌យេហូវ៉ា និង​តង្វាយ​លោះ​បាប​នៅ​ចំពោះ​យេហូវ៉ា ដោយ​ព្រោះ​កំហុស​របស់​គេ។ 26ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ និង​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ នឹង​បាន​អត់​ទោស​ឲ្យ ព្រោះ​ប្រជាជន​ទាំង‌មូល​បាន​ធ្វើ​បាប​ដោយ​អ‌ចេតនា។
27ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ធ្វើ​បាប​ដោយ​អ‌ចេតនា អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​មួយ អាយុ​មួយ​ខួប សម្រាប់​ជា​តង្វាយ​លោះ​បាប។ 28ឯ​សង្ឃ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ នៅ​ពេល​ណា​ដែល​គេ​ធ្វើ​បាប​ដោយ​អចេតនា ដើម្បី​រំដោះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ហើយ​ព្រះ​នឹង​អត់​ទោស​ឲ្យ​គេ។ 29ត្រូវ​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​ណា​ដែល​ធ្វើ​ការ​ខុស​ដោយ​ឥត​ដឹង ទោះ​បើ​ជា​អ្នក​កើត​នៅ​ក្នុង​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជា​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា‌មួយ​ក្តី 30តែ​អ្នក​ណា​ដែល​ធ្វើ​បាប​ដោយ​ចេតនា ទោះ​បើ​ជា​អ្នក​ស្រុក ឬ​ជា​អ្នក​ប្រទេស​ក្រៅ​ក្តី អ្នក​នោះ​ឈ្មោះ​ថា​ប្រមាថ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន 31ព្រោះ​បាន​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​ទទឹង​នឹង​បញ្ញត្តិ​របស់​ព្រះ‌អង្គ។ មនុស្ស​បែប​នោះ​ត្រូវ​កាត់​ចេញ​ជា​ដាច់​ខាត ហើយ​គេ​ត្រូវ​មាន​ទោស​ជាប់​ខ្លួន»។
ទោស​បញ្ញត្តិ​អំពី​ការ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ
32ពេល​កូន​ចៅ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​ទី​រហោ‌ស្ថាន គេ​ឃើញ​បុរស​ម្នាក់​ដើរ​រើស​ឧស​នៅ​ថ្ងៃ​សប្ប័ទ។ 33អស់​អ្នក​ដែល​ឃើញ​បុរស​នោះ​កំពុង​រើស​ឧស ក៏​នាំ​គាត់​មក​ជួប​លោក​ម៉ូសេ អើរ៉ុន និង​ក្រុម​ជំនុំ​ទាំង​មូល។ 34គេ​បាន​ឃុំ​គាត់​ទុក ព្រោះ​គេ​មិន​ដឹង​ច្បាស់​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​គាត់។ 35ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «អ្នក​នោះ​នឹង​ត្រូវ​ស្លាប់ គឺ​ក្រុម​ជំនុំ​ទាំង​អស់​ត្រូវ​ចោល​សម្លាប់​គាត់​នឹង​ថ្ម នៅ​ខាង​ក្រៅ​ជំរំ​ទៅ»។ 36ក្រុម​ជំនុំ​ទាំង​មូល​ក៏​នាំ​អ្នក​នោះ​ទៅ​ខាង​ក្រៅ​ជំរំ រួច​ចោល​សម្លាប់​នឹង​ថ្ម ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។
រំយោល​នៅ​ជាយ​អាវ
37ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 38«ចូរ​និយាយ​ទៅ​កាន់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​របស់​ខ្លួន គ្រប់​ជំនាន់​របស់​គេ​តរៀង​ទៅ ហើយ​ត្រូវ​មាន​ខ្សែ​ពណ៌​ខៀវ​ជាប់​នឹង​រំយោល គ្រប់​ទាំង​ជាយ​អាវ​របស់​គេ​ផង។ 39អាវ​របស់​អ្នក​រាល់​គ្នា​ត្រូវ​មាន​រំយោល ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​រំយោល​នោះ នោះ​អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា រួច​ប្រព្រឹត្ត​តាម ហើយ​មិន​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​តាម​តែ​ចិត្ត និង​ភ្នែក​របស់​អ្នក​រាល់​គ្នា​ឡើយ។ 40ដូច្នេះ អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ រួច​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្តិ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ​ចំពោះ​ព្រះ​របស់​អ្នក​រាល់​គ្នា។ 41យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល