ជនគណនា 15
15
អំពីតង្វាយផ្សេងៗ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាតាំងទីលំនៅ 3ហើយអ្នករាល់គ្នាយកសត្វពីហ្វូងគោ ឬពីហ្វូងចៀម មកថ្វាយជាតង្វាយចម្អិនដល់ព្រះយេហូវ៉ា ទោះជាតង្វាយដុត ឬជាយញ្ញបូជាដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត ឬតង្វាយនៅថ្ងៃបុណ្យដែលបានកំណត់ក្តី ដើម្បីឲ្យមានក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 4នោះអ្នកណាដែលថ្វាយតង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា ត្រូវយកម្សៅយ៉ាងម៉ដ្តមួយខ្ញឹង ថ្វាយជាតង្វាយម្សៅ លាយជាមួយប្រេងមួយលីត្រកន្លះ 5ហើយយកស្រាទំពាំងបាយជូរមួយលីត្រកន្លះជាតង្វាយច្រួច មកថ្វាយជាមួយតង្វាយដុត ឬសម្រាប់ចៀមនីមួយៗដែលត្រូវថ្វាយជាយញ្ញបូជា។ 6ប្រសិនបើជាចៀមឈ្មោល អ្នកត្រូវថ្វាយតង្វាយម្សៅយ៉ាងម៉ដ្តពីរខ្ញឹង លាយជាមួយប្រេងពីរលីត្រ 7ហើយត្រូវថ្វាយស្រាទំពាំងបាយជូរពីរលីត្រជាតង្វាយច្រួច ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ 8កាលណាអ្នកថ្វាយគោឈ្មោលជាតង្វាយដុត ឬជាយញ្ញបូជាដើម្បីលាបំណន់ ឬជាតង្វាយមេត្រីដល់ព្រះយេហូវ៉ា 9នោះត្រូវយកម្សៅយ៉ាងម៉ដ្តបីខ្ញឹង លាយជាមួយប្រេងបីលីត្រ សម្រាប់ជាតង្វាយម្សៅ មកថ្វាយជាមួយគោឈ្មោលនោះ 10ឯតង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរបីលីត្រ សម្រាប់ជាតង្វាយចម្អិន ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ 11រាល់គោឈ្មោល ឬពពែឈ្មោលនីមួយៗ ឬរាល់កូនចៀមឈ្មោល ឬកូនពពែនីមួយៗ គឺត្រូវធ្វើតាមរបៀបនេះឯង។ 12សត្វដែលអ្នកថ្វាយមានចំនួនប៉ុនណា អ្នកត្រូវធ្វើដូច្នោះចំពោះសត្វនីមួយៗ តាមចំនួននោះដែរ។ 13អស់ទាំងសាសន៍អ៊ីស្រាអែលដែលកើតក្នុងស្រុក ត្រូវធ្វើតាមរបៀបនេះ ក្នុងពេលថ្វាយតង្វាយចម្អិន ដែលជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ 14ប្រសិនបើមានអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នករាល់គ្នា ឬអ្នកណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាគ្រប់តំណតទៅ ចង់ថ្វាយតង្វាយចម្អិនជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាអ្នករាល់គ្នាធ្វើដែរ។ 15នៅក្នុងក្រុមជំនុំ ត្រូវមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា និងសម្រាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នករាល់គ្នា ជាច្បាប់គ្រប់ជំនាន់តទៅ។ អ្នករាល់គ្នា និងអ្នកប្រទេសក្រៅនឹងបានដូចគ្នា នៅចំពោះព្រះយេហូវ៉ា។ 16ត្រូវឲ្យមានបញ្ញត្តិតែមួយ និងច្បាប់តែមួយសម្រាប់អ្នករាល់គ្នា និងអ្នកប្រទេសក្រៅ ដែលរស់នៅជាមួយអ្នករាល់គ្នា»។
17ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 18«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងនាំអ្នករាល់គ្នាចូលទៅ 19ហើយកាលណាអ្នករាល់គ្នាបរិភោគនំប៉័ងរបស់ស្រុកនោះ អ្នករាល់គ្នាត្រូវញែកមួយចំណែកថ្វាយព្រះយេហូវ៉ា។ 20ត្រូវយកម្សៅដែលលាយមុនដំបូង មកធ្វើជានំមួយសម្រាប់ជាតង្វាយ គឺអ្នកត្រូវឲ្យថ្វាយតង្វាយនោះ ដូចជាអ្នកថ្វាយមួយចំណែកពីលានស្រូវដែរ។ 21គ្រប់ជំនាន់តទៅ អ្នករាល់គ្នាត្រូវថ្វាយមួយចំណែកពីម្សៅដែលលាយមុនដំបូងដល់ព្រះយេហូវ៉ា។
22ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាធ្វើខុសដោយអចេតនា មិនបានប្រព្រឹត្តតាមបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកម៉ូសេ 23គឺគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នា ដោយសារម៉ូសេ ចាប់ពីថ្ងៃដែលព្រះយេហូវ៉ាបានបង្គាប់មក និងគ្រប់ជំនាន់តរៀងទៅ 24ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តខុសដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង នោះក្រុមជំនុំទាំងមូលត្រូវថ្វាយកូនគោឈ្មោលមួយ ជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាបដែរ។ 25សង្ឃត្រូវធ្វើពិធីរំដោះបាបសម្រាប់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យគេ ព្រោះជាកំហុសដោយអចេតនា។ គេបាននាំយកតង្វាយរបស់គេ ជាតង្វាយចម្អិនថ្វាយព្រះយេហូវ៉ា និងតង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះកំហុសរបស់គេ។ 26ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ និងអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងចំណោមពួកគេ នឹងបានអត់ទោសឲ្យ ព្រោះប្រជាជនទាំងមូលបានធ្វើបាបដោយអចេតនា។
27ប្រសិនបើអ្នកណាម្នាក់ធ្វើបាបដោយអចេតនា អ្នកនោះត្រូវថ្វាយពពែញីមួយ អាយុមួយខួប សម្រាប់ជាតង្វាយលោះបាប។ 28ឯសង្ឃត្រូវធ្វើពិធីរំដោះបាបនៅចំពោះព្រះយេហូវ៉ា ឲ្យអ្នកដែលបានប្រព្រឹត្តខុសនោះ នៅពេលណាដែលគេធ្វើបាបដោយអចេតនា ដើម្បីរំដោះអ្នកនោះឲ្យរួចពីបាប ហើយព្រះនឹងអត់ទោសឲ្យគេ។ 29ត្រូវមានច្បាប់តែមួយសម្រាប់អ្នកណាដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយក្តី 30តែអ្នកណាដែលធ្វើបាបដោយចេតនា ទោះបើជាអ្នកស្រុក ឬជាអ្នកប្រទេសក្រៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវកាត់អ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន 31ព្រោះបានមើលងាយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តទទឹងនឹងបញ្ញត្តិរបស់ព្រះអង្គ។ មនុស្សបែបនោះត្រូវកាត់ចេញជាដាច់ខាត ហើយគេត្រូវមានទោសជាប់ខ្លួន»។
ទោសបញ្ញត្តិអំពីការរំលោភលើថ្ងៃសប្ប័ទ
32ពេលកូនចៅអ៊ីស្រាអែលស្ថិតនៅក្នុងទីរហោស្ថាន គេឃើញបុរសម្នាក់ដើររើសឧសនៅថ្ងៃសប្ប័ទ។ 33អស់អ្នកដែលឃើញបុរសនោះកំពុងរើសឧស ក៏នាំគាត់មកជួបលោកម៉ូសេ អើរ៉ុន និងក្រុមជំនុំទាំងមូល។ 34គេបានឃុំគាត់ទុក ព្រោះគេមិនដឹងច្បាស់ថាត្រូវធ្វើដូចម្ដេចចំពោះគាត់។ 35ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកនោះនឹងត្រូវស្លាប់ គឺក្រុមជំនុំទាំងអស់ត្រូវចោលសម្លាប់គាត់នឹងថ្ម នៅខាងក្រៅជំរំទៅ»។ 36ក្រុមជំនុំទាំងមូលក៏នាំអ្នកនោះទៅខាងក្រៅជំរំ រួចចោលសម្លាប់នឹងថ្ម ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
រំយោលនៅជាយអាវ
37ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 38«ចូរនិយាយទៅកាន់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេឲ្យធ្វើរំយោលនៅជាយអាវរបស់ខ្លួន គ្រប់ជំនាន់របស់គេតរៀងទៅ ហើយត្រូវមានខ្សែពណ៌ខៀវជាប់នឹងរំយោល គ្រប់ទាំងជាយអាវរបស់គេផង។ 39អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដើម្បីកាលណាអ្នករាល់គ្នាឃើញរំយោលនោះ នោះអ្នករាល់គ្នានឹងនឹកចាំពីអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ា រួចប្រព្រឹត្តតាម ហើយមិនដើរតាមសេចក្ដីប៉ងប្រាថ្នាតាមតែចិត្ត និងភ្នែករបស់អ្នករាល់គ្នាឡើយ។ 40ដូច្នេះ អ្នករាល់គ្នានឹងនឹកចាំ រួចប្រព្រឹត្តតាមអស់ទាំងបញ្ញត្តិរបស់យើង ហើយអ្នករាល់គ្នានឹងបានបរិសុទ្ធចំពោះព្រះរបស់អ្នករាល់គ្នា។ 41យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies