ជនគណនា 17
17
ដំបងរបស់លោកអើរ៉ុន
1 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ហើយយកដំបងដប់ពីរពីពួកគេ គឺវង្សានុវង្សនីមួយៗត្រូវយកដំបងមួយ ពីគ្រប់មេដឹកនាំលើវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ ត្រូវសរសេរឈ្មោះរបស់គេរៀងខ្លួននៅលើដំបងនីមួយៗ 3ហើយសរសេរឈ្មោះអើរ៉ុននៅលើដំបងរបស់ពួកលេវី ដ្បិតត្រូវមានដំបងមួយសម្រាប់មេលើវង្សានុវង្សនីមួយៗ។ 4ត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំ នៅមុខសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលយើងមកជួបអ្នក។ 5ដំបងរបស់អ្នកណាដែលយើងជ្រើសរើស នោះនឹងចេញពន្លក ហើយយ៉ាងនោះយើងនឹងបញ្ឈប់ការរអ៊ូរទាំរបស់កូនចៅអ៊ីស្រាអែល ដែលគេចេះតែរអ៊ូរទាំទាស់នឹងអ្នក ឲ្យបាត់ចេញពីមុខយើងទៅ»។ 6លោកម៉ូសេក៏ប្រាប់ដល់កូនចៅអ៊ីស្រាអែល រួចពួកមេដឹកនាំរបស់ពួកគេទាំងអស់ ក៏ប្រគល់ដំបងម្នាក់មួយជូនលោករៀងខ្លួន តាមពួកវង្សានុវង្សរបស់ឪពុកគេ គឺមានដំបងដប់ពីរ ហើយដំបងរបស់លោកអើរ៉ុនស្ថិតនៅកណ្ដាលដំបងរបស់ពួកគេ។ 7ដូច្នេះ លោកម៉ូសេដាក់ដំបងទាំងនោះនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។
8លុះថ្ងៃបន្ទាប់ កាលលោកម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសម្រាប់ពួកវង្សលេវីមានពន្លកដុះឡើង ហើយបែកចេញជាផ្កា រួចមានផ្លែចំបក់ទុំទៀតផង។ 9ពេលនោះ លោកម៉ូសេក៏យកដំបងទាំងនោះចេញពីចំពោះព្រះយេហូវ៉ា ទៅបង្ហាញកូនចៅអ៊ីស្រាអែល ហើយគេក៏មើល រួចយកដំបងរបស់គេរៀងខ្លួនទៅ។ 10ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាក់ដំបងរបស់អើរ៉ុន នៅមុខសេចក្ដីបន្ទាល់វិញទៅ ទុកជាទីសម្គាល់ព្រមានពួកបះបោរ ដើម្បីឲ្យអ្នកបញ្ឈប់ការរអ៊ូរទាំរបស់ពួកគេទាស់នឹងយើង ក្រែងលោគេត្រូវស្លាប់»។ 11លោកម៉ូសេក៏ធ្វើដូច្នោះ ដូចព្រះយេហូវ៉ាបានបង្គាប់មក គឺលោកបានធ្វើដូច្នោះមែន។
12កូនចៅអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «មើល៍ យើងខ្ញុំស្លាប់ហើយ យើងខ្ញុំវិនាសហើយ យើងទាំងអស់គ្នាវិនាសមិនខាន! 13អស់អ្នកណាដែលចូលទៅជិតរោងឧបោសថរបស់ព្រះយេហូវ៉ានឹងត្រូវស្លាប់។ តើយើងខ្ញុំទាំងអស់គ្នាត្រូវវិនាសឬ?»
ទើបបានជ្រើសរើសហើយ៖
ជនគណនា 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies