ជន‌គណនា 19

19
ច្បាប់​សម្រាប់​ពិធី​លាង​សម្អាត
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 2«នេះ​ជា​បញ្ញត្តិ​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ថា ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​គោ​ក្រមុំ​សម្បុរ​ទង់‌ដែង​មួយ ដែល​ឥត​ខ្ចោះ គ្មាន​ស្លាក​ស្នាម ហើយ​មិន​ទាន់​មាន​អ្នក​ណា​ទឹម​នៅ​ឡើយ។ 3អ្នក​ត្រូវ​ប្រគល់​គោ​នោះ​ឲ្យ​សង្ឃ​អេលាសារ ហើយ​ត្រូវ​យក​វា​ទៅ​ខាង​ក្រៅ​ជំរំ រួច​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។ 4សង្ឃ​អេលាសារ​ត្រូវ​យក​ឈាម​រប​ស់​វា​ដោយ​ម្រាម​ដៃ ហើយ​ប្រោះ​ឈាម​នោះ​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ​ប្រាំពីរ​ដង។ 5បន្ទាប់​មក ត្រូវ​ដុត​គោ​ក្រមុំ​នោះ​នៅ​ចំពោះ​មុខ​គាត់ គឺ​ត្រូវ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​លាមក។ 6សង្ឃ​នោះ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ពណ៌​ក្រហម ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ដុត​គោ​ក្រមុំ​នោះ។ 7បន្ទាប់​មក សង្ឃ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ក្រោយ​មក​ទើប​គាត់​អាច​ចូល​ក្នុង​ជំរំ​វិញ​បាន តែ​សង្ឃ​នោះ​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ 8រីឯ​អ្នក​ដែល​បាន​ដុត​គោ​ក្រមុំ នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដោយ​ទឹក ហើយ​ងូត​ទឹក​ចេញ​ដែរ តែ​គាត់​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ 9បន្ទាប់​មក ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ស្អាត​ប្រមូល​ផេះ​របស់​គោ​ក្រមុំ​នោះ ទៅ​ទុក​នៅ​កន្លែង​មួយ​ស្អាត​នៅ​ខាង​ក្រៅ​ជំរំ ហើយ​ផេះ​នោះ​ត្រូវ​រក្សា​ទុក​ដើម្បី​ធ្វើ​ជា​ទឹក​សម្រាប់​ពិធី​លាង​សម្អាត​ដល់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល។ នេះ​ជា​តង្វាយ​លាង​ជម្រះ។ 10អ្នក​ដែល​ប្រមូល​ផេះ​គោ​ក្រមុំ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​នៅ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ នេះ​ជា​ច្បាប់​រហូត​តទៅ​សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល និង​អ្នក​ប្រទេស​ក្រៅ ដែល​រស់​នៅ​ក្នុង​ចំណោម​ពួកគេ។ 11អ្នក​ណា​ដែល​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ស្លាប់​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ។ 12អ្នក​នោះ​ត្រូវ​យក​ទឹក​នេះ​មក​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ ទើប​បាន​ស្អាត តែ​បើ​អ្នក​នោះ​មិន​បាន​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ​ទេ អ្នក​នោះ​នឹង​មិន​បាន​ស្អាត​ឡើយ។ 13អ្នក​ណា​ដែល​ប៉ះ‌ពាល់​សាកសព​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សម្អាត​ខ្លួន​ចេញ អ្នក​នោះ​ធ្វើ​ឲ្យ​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ជា​សៅ​ហ្មង។ មនុស្ស​បែប​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល ព្រោះ​ទឹក​សម្រាប់​លាង​សម្អាត​មិន​បាន​ប្រោះ​មក​លើ​ខ្លួន ហើយ​អ្នក​នោះ​ត្រូវ​សៅ‌ហ្មង។ សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​តែ​ជាប់​លើ​អ្នក​នោះ​រហូត។
14កាល​ណា​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ជំរំ នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ជំរំ​នោះ និង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ 15ហើយ​អស់​ទាំង​ភាជនៈ​ដែល​ចំហ គ្មាន​គម្រប​ចង​ភ្ជាប់ នោះ​ក៏​សៅ‌ហ្មង​ដែរ។ 16អ្នក​ណា​ប៉ះ‌ពាល់​មនុស្ស​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ដាវ​នៅ​ទី​វាល ឬ​មនុស្ស​ដែល​ស្លាប់​តាម​ធម្មតា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំ​ពីរ​ថ្ងៃ។ 17ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បាន​ស្អាត គេ​ត្រូវ​យក​ផេះ​របស់​តង្វាយ​លាង​សម្អាត​ដែល​បាន​ដុត​នោះ មក​ដាក់​ក្នុង​ផើង​មួយ ហើយ​ចាក់​ទឹក​សាប​ពី​លើ។ 18បន្ទាប់​មក ត្រូវ​ឲ្យ​មនុស្ស​ស្អាត​ម្នាក់​យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ជំរំ លើ​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន លើ​មនុស្ស​ដែល​នៅ​ក្នុង​ជំរំ និង​លើ​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង​ខ្មោច មនុស្ស​ស្លាប់​ដោយ​ដាវ សាក‌សព​ធម្មតា ឬ​បាន​ប៉ះ‌ពាល់​ផ្នូរ។ 19ត្រូវ​ឲ្យ​មនុស្ស​ស្អាត​នោះ​ប្រោះ​លើ​មនុស្ស​សៅ‌ហ្មង នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ រួច​ត្រូវ​ជម្រះ​អ្នក​នោះ​ឲ្យ​បាន​ស្អាត​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ពេល​ល្ងាច អ្នក​នោះ​នឹង​បាន​ស្អាត។ 20បើ​អ្នក​ណា​ដែល​សៅ‌ហ្មង តែ​មិន​បាន​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​ទេ ត្រូវ​កាត់​កាល់​អ្នក​នោះ​ចេញ​ពី​ក្រុម​ជំនុំ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ជា​សៅ‌ហ្មង។ អ្នក​នោះ​ត្រូវ​នៅ​ជា​សៅ‌ហ្មង ព្រោះ​ថា ទឹក​ដែល​សម្រាប់​ជម្រះ​កាយ​ឲ្យ​បាន​ស្អាត មិន​បាន​ប្រោះ​លើ​ខ្លួន​របស់​គេ។
21នេះ​ជា​ច្បាប់​ដល់​គេ​រហូត​តទៅ។ អ្នក​ដែល​បាន​ប្រោះ​ទឹក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​គេ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​ប៉ះ‌ពាល់​ទឹក​នោះ នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ 22អ្វីៗ​ដែល​អ្នក​សៅ‌ហ្មង​នោះ​ប៉ះ‌ពាល់ នោះ​នឹង​ត្រូវ​សៅ‌ហ្មង​ដែរ ហើយ​អ្នក​ណា​ដែល​ប៉ះ‌ពាល់​របស់​សៅ‌ហ្មង​នោះ ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច»។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល