ជនគណនា 26
26
ការរាប់ចំនួនមនុស្សជំនាន់ក្រោយ
1បន្ទាប់ពីគ្រោះកាចនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងមកកាន់អេលាសារ ជាកូនរបស់សង្ឃអើរ៉ុនថា៖ 2«ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់គ្នាក្នុងពួកអ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន»។ 3លោកម៉ូសេ និងសង្ឃអេលាសារក៏ប្រាប់គេនៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរថា៖ 4«ចូររាប់ចំនួនប្រជាជន ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ» ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែលដែលបានចេញពីស្រុកអេស៊ីព្ទមកមានដូចតទៅ៖
5រូបេនជាកូនច្បងរបស់អ៊ីស្រាអែល។ កូនចៅរបស់រូបេនមាន អំបូរហេណុក ជាពូជពង្សរបស់ហេណុក អំបូរប៉ាលូវ ជាពូជពង្សរបស់ប៉ាលូវ 6អំបូរហេស្រុន ជាពូជពង្សរបស់ហេស្រុន អំបូរកើមី ជាពូជពង្សរបស់កើមី។ 7អ្នកទាំងនេះជាពូជពង្សរបស់រូបេន ហើយអស់អ្នកដែលគេបានរាប់មានចំនួន ៤៣ ៧៣០ នាក់។ 8កូនរបស់ប៉ាលូវ គឺអេលាប។ 9កូនរបស់អេលាប គឺនេមួល ដាថាន និងអ័ប៊ីរ៉ាម។ ដាថាន និងអ័ប៊ីរ៉ាមនេះហើយដែលក្រុមជំនុំបានជ្រើសរើស ជាអ្នកដែលបានលើកគ្នាប្រឆាំងនឹងលោកម៉ូសេ និងអើរ៉ុន ជាមួយពួកកូរេ ក្នុងកាលដែលពួកកូរេបានលើកគ្នាប្រឆាំងនឹងព្រះយេហូវ៉ា 10ហើយដីបានហាឡើង ហើយស្រូបពួកគេជាមួយកូរេ នៅពេលដែលពួកកូរេនោះត្រូវស្លាប់ ហើយភ្លើងក៏លេបត្របាក់មនុស្សពីររយហាសិបនាក់។ អ្នកទាំងនោះបានត្រឡប់ជាការព្រមានដល់ប្រជាជន។ 11ចំណែកឯកូនចៅរបស់កូរេមិនបានស្លាប់ទេ។
12កូនចៅរបស់ស៊ីម្មានតាមពូជអំបូររបស់ពួកគេមាន អំបូរយេមូអែល ជាពូជពង្សរបស់យេមូអែល អំបូរយ៉ាមីន ជាពូជពង្សរបស់យ៉ាមីន អំបូរយ៉ាគិន ជាពូជពង្សរបស់យ៉ាគិន 13អំបូសេរ៉ាស ជាពូជពង្សរបស់សេរ៉ាស អំបូរសូល ជាពូជពង្សរបស់សូល។ 14អ្នកទាំងនេះជាពូជពង្សរបស់ស៊ីម្មានមានចំនួន ២២ ២០០ នាក់។
15កូនចៅរបស់កាដតាមពូជអំបូររបស់ពួកគេមាន អំបូរសេផុន ជាពូជពង្សរបស់សេផុន អំបូរហាក់គី ជាពូជពង្សរបស់ហាក់គី អំបូរស៊ូនី ជាពូជពង្សរបស់ស៊ូនី 16អំបូរអូសនី ជាពូជពង្សរបស់អូសនី អំបូរអេរី ជាពូជពង្សរបស់អេរី 17អំបូរអើរ៉ូត ជាពូជពង្សរបស់អើរ៉ូត អំបូរអើរេលី ជាពូជពង្សរបស់អើរេលី។ 18អ្នកទាំងនេះជាពូជពង្សរបស់កូនចៅកាដ អស់អ្នកដែលគេបានរាប់មានចំនួន ៤០ ៥០០ នាក់។
19កូនចៅរបស់យូដាមាន អ៊ើរ និងអូណាន់ តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន។ 20កូនចៅរបស់យូដាតាមពូជអំបូររបស់គេមាន អំបូរសេឡា ជាពូជពង្សរបស់សេឡា អំបូរពេរេស ជាពូជពង្សរបស់ពេរេស អំបូរសេរ៉ាស ជាពូជពង្សរបស់សេរ៉ាស។ 21កូនចៅរបស់ពេរេសមាន អំបូរហេស្រុន ជាពូជពង្សរបស់ហេស្រុន អំបូរហាមុល ជាពូជពង្សរបស់ហាមុល។ 22អ្នកទាំងនេះជាពូជពង្សរបស់យូដា។ អស់អ្នកដែលគេបានរាប់មានចំនួន ៧៦ ៥០០ នាក់។
23កូនចៅរបស់អ៊ីសាខារតាមពូជអំបូររបស់ពួកគេមាន អំបូរថូឡា ជាពូជពង្សរបស់ថូឡា អំបូរពូវ៉ា ជាពូជពង្សរបស់ពូវ៉ា 24អំបូរយ៉ាសុប ជាពូជពង្សរបស់យ៉ាសុប អំបូរស៊ីមរ៉ុន ជាពូជពង្សរបស់ស៊ីមរ៉ុន។ 25អ្នកទាំងនេះជាពូជពង្សរបស់អ៊ីសាខារ។ អស់អ្នកដែលគេបានរាប់មានចំនួន ៦៤ ៣០០ នាក់។
26កូនចៅរបស់សាប់យូឡូនតាមពូជអំបូររបស់ពួកគេមាន អំបូរសេរែត ជាពូជពង្សរបស់សេរែត អំបូរអេឡូន ជាពូជពង្សរបស់អេឡូន អំបូរយ៉ាលាល ជាពូជពង្សរបស់យ៉ាលាល។ 27អ្នកទាំងនេះជាពូជពង្សរបស់សាប់យូឡូន។ អស់អ្នកដែលគេបានរាប់មានចំនួន ៦០ ៥០០ នាក់។
28កូនចៅរបស់យ៉ូសែបតាមពូជអំបូររបស់ពួកគេមាន ម៉ាណាសេ និងអេប្រាអិម។ 29កូនចៅរបស់ម៉ាណាសេមាន អំបូរម៉ាគារ ជាពូជពង្សរបស់ម៉ាគារ ហើយម៉ាគារជាឪពុករបស់កាឡាដ ឯអំបូរកាឡាដ ជាពូជពង្សរបស់កាឡាដ។ 30កូនចៅរបស់កាឡាដមាន អំបូរយេស៊ើរ ជាពូជពង្សរបស់យេស៊ើរ អំបូរហេឡេក ជាពូជពង្សរបស់ហេឡេក 31អំបូរអាសរាល ជាពូជពង្សរបស់អាសរាល អំបូរស៊ីគែម ជាពូជពង្សរបស់ស៊ីគែម 32អំបូរសេមីដា ជាពូជពង្សរបស់សេមីដា អំបូរហេភើរ ជាពូជពង្សរបស់ហេភើរ។ 33រីឯស្លូផិហាត ជាកូនហេភើរ គ្មានកូនប្រុសទេ គឺមានសុទ្ធតែកូនស្រី ហើយកូនស្រីរបស់ស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ 34អ្នកទាំងនេះជាពូជពង្សរបស់ម៉ាណាសេ។ អស់អ្នកដែលគេបានរាប់មានចំនួន ៥២ ៧០០ នាក់។
35កូនចៅរបស់អេប្រាអិមតាមពូជអំបូររបស់ពួកគេមាន អំបូរស៊ូថេឡា ជាពូជពង្សរបស់ស៊ូថេឡា អំបូរបេគើរ ជាពូជពង្សរបស់បេគើរ អំបូរថាហាន ជាពូជពង្សរបស់ថាហាន។ 36កូនចៅរបស់ស៊ុថេឡាមាន អំបូរអេរ៉ាន ជាពូជពង្សរបស់អេរ៉ាន។ 37អ្នកទាំងនេះជាពូជពង្សរបស់កូនចៅអេប្រាអិម។ អស់អ្នកដែលគេបានរាប់មានចំនួន ៣២ ៥០០ នាក់។ អ្នកទាំងនេះជាកូនចៅរបស់យ៉ូសែបតាមពូជពង្សរបស់ពួកគេ។
38កូនចៅរបស់បេនយ៉ាមីនតាមពូជអំបូរពួកគេមាន អំបូរបេឡា ជាពូជពង្សបេឡា អំបូរអ័សបេល ជាពូជពង្សរបស់អ័សបេល អំបូរអេហ៊ីរ៉ាម ជាពូជពង្សរបស់អេហ៊ីរ៉ាម 39អំបូរស៊ូផាម ជាពូជពង្សរបស់ស៊ូផាម អំបូរហ៊ូផាម ជាពូជពង្សរបស់ហ៊ូផាម។ 40ឯកូនចៅរបស់បេឡា មានអើឌ និងណាម៉ាន។ អំបូរអើឌ ជាពូជពង្សរបស់អើឌ អំបូរណាម៉ាន ជាពូជពង្សរបស់ណាម៉ាន។ 41អ្នកទាំងនេះជាកូនចៅរបស់បេនយ៉ាមីន តាមពូជពង្សរបស់ពួកគេ។ អស់អ្នកដែលគេបានរាប់មានចំនួន ៤៥ ៦០០ នាក់។
42កូនចៅរបស់ដាន់តាមពូជអំបូររបស់ពួកគេមាន អំបូហ៊ូស៊ីម ជាពូជពង្សរបស់ហ៊ូស៊ីម។ អ្នកទាំងនេះជាពូជពង្សរបស់ដាន់ តាមពូជពង្សរបស់ពួកគេ។ 43ពូជពង្សហ៊ូស៊ីមទាំងអស់ដែលគេបានរាប់មានចំនួន ៦៤ ៤០០ នាក់។
44កូនចៅរបស់អេស៊ើរតាមគ្រួសាររបស់ពួកគេមាន អំបូរយីមណា ជាពូជពង្សរបស់យីមណា អំបូរយីសវី ជាពូជពង្សរបស់យីសវី អំបូរបេរា ជាពូជពង្សរបស់បេរា។ 45អំបូររបស់កូនចៅរបស់បេរាមាន អំបូរហេប៊ើរ ជាពូជពង្សរបស់ហេប៊ើរ អំបូរម៉ាលគាល ជាពូជពង្សរបស់ម៉ាលគាល។ 46ឯកូនស្រីរបស់អេស៊ើរ ឈ្មោះសេរ៉ា។ 47អ្នកទាំងនេះជាពូជពង្សរបស់កូនចៅអេស៊ើរ។ អស់អ្នកដែលគេបានរាប់មានចំនួន ៥៣ ៤០០ នាក់។
48កូនចៅរបស់ណែបថាលីតាមពូជអំបូររបស់ពួកគេមាន អំបូរយ៉ាស៊ាល ជាពូជពង្សរបស់យ៉ាស៊ាល អំបូរគូនី ជាពូជពង្សរបស់គូនី 49អំបូរយេស៊ើរ ជាពូជពង្សរបស់យេស៊ើរ អំបូរស៊ីឡិម ជាពូជពង្សរបស់ស៊ីឡិម។ 50អ្នកទាំងនេះជាកូនចៅណែបថាលីតាមពូជអំបូររបស់ពួកគេ។ អស់អ្នកដែលគេបានរាប់មានចំនួន ៤៥ ៤០០ នាក់។
51ចំនួនប្រជាជនអ៊ីស្រាអែលដែលគេបានរាប់មាន ៦០១ ៧៣០ នាក់។
52ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 53«ត្រូវចែកទឹកដីដល់អ្នកទាំងនេះទុកជាមត៌ក តាមចំនួនឈ្មោះរបស់ពួកគេ។ 54កុលសម្ព័ន្ធណាដែលមានគ្នាច្រើន ត្រូវចែកមត៌កឲ្យច្រើន ហើយកុលសម្ព័ន្ធណាមានគ្នាតិច ត្រូវចែកមរតកឲ្យតិច។ គ្រប់កុលសម្ព័ន្ធត្រូវទទួលមត៌កតាមចំនួនដែលគេបានរាប់។ 55ប៉ុន្តែ ទឹកដីនោះត្រូវចាប់ឆ្នោតចែកគ្នា គឺគេត្រូវទទួលមត៌កតាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។ 56ត្រូវចែកមត៌កឲ្យពួកគេដោយការចាប់ឆ្នោត តាមគ្នាច្រើន និងគ្នាតិច»។
57នេះជាពួកលេវីដែលគេបានរាប់តាមពូជអំបូររបស់ពួកគេ អំបូរគើសុន ជាពូជពង្សរបស់គើសុន អំបូរកេហាត់ ជាពូជពង្សកេហាត់ អំបូរម្រ៉ារី ជាពូជពង្សរបស់ម្រ៉ារី។ 58នេះជាពូជអំបូររបស់លេវី ពូជពង្សរបស់លិបនី ពូជពង្សរបស់ហេប្រុន ពូជពង្សរបស់ម៉ាស់លី ពូជពង្សរបស់មូស៊ី ពូជពង្សរបស់កូរេ។ កេហាត់ជាឪពុករបស់អាំរ៉ាម។ 59ប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកិបិត ជាកូនរបស់លេវី ដែលលេវីបានបង្កើតនៅស្រុកអេស៊ីព្ទ។ កូនដែលនាងបានបង្កើតជូនអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម ជាបងស្រីរបស់គេ។ 60អើរ៉ុនបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។ 61ឯណាដាប និងអ័ប៊ីហ៊ូវបានស្លាប់នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា។ 62ចំនួនអស់អ្នកដែលគេបានរាប់មាន ២៣ ០០០ នាក់ គឺប្រុសៗទាំងអស់ ចាប់ពីអាយុមួយខែឡើងទៅ ដ្បិតគេមិនបានរាប់បញ្ជូលជាមួយកូនចៅអ៊ីស្រាអែលឯទៀតៗទេ ព្រោះគ្មានកេរអាករដែលត្រូវចែកឲ្យពួកគេ ក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ។
63នេះជាអស់អ្នកដែលលោកម៉ូសេ និងសង្ឃអេលាសារបានរាប់។ លោកបានរាប់ប្រជាជនអ៊ីស្រាអែលនៅវាលទំនាបស្រុកម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។ 64ប៉ុន្ដែ ក្នុងចំណោមប្រជាជនអ៊ីស្រាអែលទាំងនេះ គ្មានអ្នកណាម្នាក់ដែលលោកម៉ូសេ និងសង្ឃអើរ៉ុនបានរាប់នៅទីរហោស្ថានស៊ីណាយនោះឡើយ។ 65ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីពួកគេថា៖ «ពួកគេនឹងត្រូវស្លាប់នៅទីរហោស្ថាន»។ ក្នុងចំណោមពួកគេ គ្មានអ្នកណានៅសល់ឡើយ មានតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុនប៉ុណ្ណោះ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 26: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies