ជន‌គណនា 26

26
ការ​រាប់​ចំនួន​មនុស្ស​ជំនាន់​ក្រោយ
1បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​មក​កាន់​អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន​ថា៖ 2«ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​គ្នា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន»។ 3លោក​ម៉ូសេ និង​សង្ឃ​អេលាសារ​ក៏​ប្រាប់​គេ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ​ថា៖ 4«ចូរ​រាប់​ចំនួន​ប្រជាជន ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ» ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​មាន​ដូច​តទៅ៖
5រូបេន​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល។ កូន​ចៅ​របស់​រូបេន​មាន អំបូរ​ហេណុក ជា​ពូជពង្ស​របស់​ហេណុក អំបូរ​ប៉ាលូវ ជា​ពូជពង្ស​របស់​ប៉ាលូវ 6អំបូរ​ហេស្រុន ជា​ពូជពង្ស​របស់​ហេស្រុន អំបូរ​កើមី ជា​ពូជពង្ស​របស់​កើមី។ 7អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​រូបេន ហើយ​អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៤៣ ៧៣០ នាក់។ 8កូន​របស់​ប៉ាលូវ គឺ​អេលាប។ 9កូន​របស់​អេលាប គឺ​នេមួល ដាថាន និង​អ័ប៊ីរ៉ាម។ ដាថាន និង​អ័ប៊ីរ៉ាម​នេះ​ហើយ​ដែល​ក្រុម​ជំនុំ​បាន​ជ្រើស​រើស ជា​អ្នក​ដែល​បាន​លើក​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ និង​អើរ៉ុន ជា​មួយ​ពួក​កូរេ ក្នុង​កាល​ដែល​ពួក​កូរេ​បាន​លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេហូវ៉ា 10ហើយ​ដី​បាន​ហា​ឡើង ហើយ​ស្រូប​ពួកគេ​ជា‌មួយ​កូរេ នៅ​ពេល​ដែល​ពួក​កូរេ​នោះ​ត្រូវ​ស្លាប់ ហើយ​ភ្លើង​ក៏​លេប​ត្របាក់​មនុស្ស​ពីរ​រយ​ហាសិប​នាក់។ អ្នក​ទាំង​នោះ​បាន​ត្រឡប់​ជា​ការ​ព្រមាន​ដល់​ប្រជាជន។ 11ចំណែក​ឯ​កូន​ចៅ​របស់​កូរេ​មិន​បាន​ស្លាប់​ទេ។
12កូន​ចៅ​របស់​ស៊ីម្មាន​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូរ​យេមូ‌អែល ជា​ពូជពង្ស​របស់​យេមូ‌អែល អំបូរ​យ៉ាមីន ជា​ពូជពង្ស​របស់​យ៉ាមីន អំបូរ​យ៉ាគិន ជា​ពូជពង្ស​របស់​យ៉ាគិន 13អំបូ​សេរ៉ាស ជា​ពូជពង្ស​របស់​សេរ៉ាស អំបូរ​សូល ជា​ពូជពង្ស​របស់​សូល។ 14អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​ស៊ីម្មាន​មាន​ចំនួន ២២ ២០០ នាក់។
15កូន​ចៅ​របស់​កាដ​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូរ​សេផុន ជា​ពូជពង្ស​របស់​សេផុន អំបូរ​ហាក់គី ជា​ពូជពង្ស​របស់​ហាក់គី អំបូរ​ស៊ូនី ជា​ពូជពង្ស​របស់​ស៊ូនី 16អំបូរ​អូសនី ជា​ពូជពង្ស​របស់​អូសនី អំបូរ​អេរី ជា​ពូជពង្ស​របស់​អេរី 17អំបូរ​អើរ៉ូត ជា​ពូជពង្ស​របស់​អើរ៉ូត អំបូរ​អើ​រេលី ជា​ពូជពង្ស​របស់​អើរេលី។ 18អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​កូន​ចៅ​កាដ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៤០ ៥០០ នាក់។
19កូន​ចៅ​របស់​យូដា​មាន អ៊ើរ និង​អូណាន់ តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន។ 20កូន​ចៅ​របស់​យូដា​តាម​ពូជ​អំបូរ​របស់​គេ​មាន អំបូរ​សេឡា ជា​ពូជពង្ស​របស់​សេឡា អំបូរ​ពេរេស ជា​ពូជពង្ស​របស់​ពេរេស អំបូរ​សេរ៉ាស ជា​ពូជពង្ស​របស់​សេរ៉ាស។ 21កូន​ចៅ​របស់​ពេរេស​មាន អំបូរ​ហេស្រុន ជា​ពូជពង្ស​របស់​ហេស្រុន អំបូរ​ហាមុល ជា​ពូជពង្ស​របស់​ហាមុល។ 22អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​យូដា។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៧៦ ៥០០ នាក់។
23កូន​ចៅ​របស់​អ៊ីសាខារ​តាម​ពូជ​អំបូ​ររបស់​ពួកគេ​មាន អំបូរ​ថូឡា ជា​ពូជពង្ស​របស់​ថូឡា អំបូរ​ពូវ៉ា ជា​ពូជពង្ស​របស់​ពូវ៉ា 24អំបូរ​យ៉ាសុប ជា​ពូជពង្ស​របស់​យ៉ាសុប អំបូរ​ស៊ីមរ៉ុន ជា​ពូជពង្ស​របស់​ស៊ីមរ៉ុន។ 25អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​អ៊ីសាខារ។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៦៤ ៣០០ នាក់។
26កូន​ចៅ​របស់​សាប់‌យូ‌ឡូន​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូរ​សេរែត ជា​ពូជពង្ស​របស់​សេរែត អំបូរ​អេឡូន ជា​ពូជពង្ស​របស់​អេឡូន អំបូរ​យ៉ាលាល ជា​ពូជពង្ស​របស់​យ៉ាលាល។ 27អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​សាប់‌យូ‌ឡូន។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៦០ ៥០០ នាក់។
28កូន​ចៅ​របស់​យ៉ូសែប​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន ម៉ាណា‌សេ និង​អេប្រាអិម។ 29កូន​ចៅ​របស់​ម៉ាណា‌សេ​មាន អំបូរ​ម៉ាគារ ជា​ពូជពង្ស​របស់​ម៉ាគារ ហើយ​ម៉ាគារ​ជា​ឪពុក​របស់​កាឡាដ ឯ​អំបូរ​កាឡាដ ជា​ពូជពង្ស​របស់​កាឡាដ។ 30កូន​ចៅ​របស់​កាឡាដ​មាន អំបូរ​យេស៊ើរ ជា​ពូជពង្ស​របស់​យេស៊ើរ អំបូរ​ហេឡេក ជា​ពូជពង្ស​របស់​ហេឡេក 31អំបូរ​អាសរាល ជា​ពូជពង្ស​របស់​អាសរាល អំបូរ​ស៊ីគែម ជា​ពូជពង្ស​របស់​ស៊ីគែម 32អំបូរ​សេមីដា ជា​ពូជពង្ស​របស់​សេមីដា អំបូរ​ហេភើរ ជា​ពូជពង្ស​របស់​ហេភើរ។ 33រីឯ​ស្លូផិហាត ជា​កូន​ហេភើរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​សុទ្ធតែ​កូន​ស្រី ហើយ​កូន​ស្រី​របស់​ស្លូផិហាត​មាន ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។ 34អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​ម៉ាណា‌សេ។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៥២ ៧០០ នាក់។
35កូន​ចៅ​របស់​អេប្រាអិម​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូរ​ស៊ូថេឡា ជា​ពូជពង្ស​របស់​ស៊ូថេឡា អំបូរ​បេគើរ ជា​ពូជពង្ស​របស់​បេគើរ អំបូរ​ថាហាន ជា​ពូជពង្ស​របស់​ថាហាន។ 36កូន​ចៅ​របស់​ស៊ុថេឡា​មាន អំបូរ​អេរ៉ាន ជាពូជពង្ស​របស់​អេរ៉ាន។ 37អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​កូន​ចៅ​អេប្រាអិម។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៣២ ៥០០ នាក់។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​យ៉ូសែប​តាម​ពូជពង្ស​របស់​ពួកគេ។
38កូន​ចៅ​របស់​បេនយ៉ាមីន​តាម​ពូជ​អំបូរ​ពួកគេ​មាន អំបូរ​បេឡា ជា​ពូជពង្ស​បេឡា អំបូរ​អ័សបេល ជា​ពូជពង្ស​របស់​អ័សបេល អំបូរ​អេហ៊ីរ៉ាម ជា​ពូជពង្ស​របស់​អេហ៊ីរ៉ាម 39អំបូរ​ស៊ូផាម ជា​ពូជពង្ស​របស់​ស៊ូផាម អំបូរ​ហ៊ូផាម ជា​ពូជពង្ស​របស់​ហ៊ូផាម។ 40ឯ​កូន​ចៅ​របស់​បេឡា មាន​អើឌ និង​ណាម៉ាន។ អំបូរ​អើឌ ជា​ពូជពង្ស​របស់​អើឌ អំបូរ​ណាម៉ាន ជា​ពូជពង្ស​របស់​ណាម៉ាន។ 41អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​បេនយ៉ាមីន តាម​ពូជពង្ស​របស់​ពួកគេ។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៤៥ ៦០០ នាក់។
42កូន​ចៅ​របស់​ដាន់​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូ​ហ៊ូស៊ីម ជា​ពូជពង្ស​របស់​ហ៊ូស៊ីម។ អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​ដាន់ តាម​ពូជពង្ស​របស់​ពួកគេ។ 43ពូជពង្ស​ហ៊ូស៊ីម​ទាំង​អស់​ដែល​គេ​បាន​រាប់​មាន​ចំនួន ៦៤ ៤០០ នាក់។
44កូន​ចៅ​របស់​អេស៊ើរ​តាម​គ្រួសារ​របស់​ពួកគេ​មាន អំបូរ​យីមណា ជា​ពូជពង្ស​របស់​យីមណា អំបូរ​យីសវី ជា​ពូជពង្ស​របស់​យីសវី អំបូរ​បេរា ជា​ពូជពង្ស​របស់​បេរា។ 45អំបូរ​របស់​កូន​ចៅ​របស់​បេរា​មាន អំបូរ​ហេប៊ើរ ជា​ពូជពង្ស​របស់​ហេប៊ើរ អំបូរ​ម៉ាលគាល ជា​ពូជពង្ស​របស់​ម៉ាលគាល។ 46ឯ​កូន​ស្រី​របស់​អេស៊ើរ ឈ្មោះ​សេរ៉ា។ 47អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​កូន​ចៅ​អេស៊ើរ។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៥៣ ៤០០ នាក់។
48កូន​ចៅ​របស់​ណែប‌ថាលី​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូរ​យ៉ាស៊ាល ជា​ពូជពង្ស​របស់​យ៉ាស៊ាល អំបូរ​គូនី ជា​ពូជពង្ស​របស់​គូនី 49អំបូរ​យេស៊ើរ ជា​ពូជពង្ស​របស់​យេស៊ើរ អំបូរ​ស៊ីឡិម ជា​ពូជពង្ស​របស់​ស៊ីឡិម។ 50អ្នក​ទាំង​នេះ​ជា​កូន​ចៅ​ណែប‌ថាលី​តាម​ពូជ​អំបូរ​របស់​ពួកគេ។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៤៥ ៤០០ នាក់។
51ចំនួន​ប្រជាជន​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់​មាន ៦០១ ៧៣០ នាក់។
52ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 53«ត្រូវ​ចែក​ទឹក​ដី​ដល់​អ្នក​ទាំង​នេះ​ទុក​ជា​មត៌ក តាម​ចំនួន​ឈ្មោះ​របស់​ពួកគេ។ 54កុល‌សម្ព័ន្ធ​ណា​ដែល​មាន​គ្នា​ច្រើន ត្រូវ​ចែក​មត៌ក​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មរតក​ឲ្យ​តិច។ គ្រប់​កុល‌សម្ព័ន្ធ​ត្រូវ​ទទួល​មត៌ក​តាម​ចំនួន​ដែល​គេ​បាន​រាប់។ 55ប៉ុន្តែ ទឹក​ដី​នោះ​ត្រូវ​ចាប់​ឆ្នោត​ចែក​គ្នា គឺ​គេ​ត្រូវ​ទទួល​មត៌ក​តាម​ឈ្មោះ​កុល​សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។ 56ត្រូវ​ចែក​មត៌ក​ឲ្យ​ពួកគេ​ដោយ​ការ​ចាប់​ឆ្នោត តាម​គ្នា​ច្រើន និង​គ្នា​តិច»។
57នេះ​ជា​ពួក​លេវី​ដែល​គេ​បាន​រាប់​តាម​ពូជ​អំបូរ​របស់​ពួកគេ អំបូរ​គើសុន ជា​ពូជពង្ស​របស់​គើសុន អំបូរ​កេហាត់ ជា​ពូជពង្ស​កេហាត់ អំបូរ​ម្រ៉ារី ជា​ពូជពង្ស​របស់​ម្រ៉ារី។ 58នេះ​ជា​ពូជ​អំបូរ​របស់​លេវី ពូជពង្ស​របស់​លិបនី ពូជពង្ស​របស់​ហេប្រុន ពូជពង្ស​របស់​ម៉ាស់លី ពូជពង្ស​របស់​មូស៊ី ពូជពង្ស​របស់​កូរេ។ កេហាត់​ជា​ឪពុក​របស់​អាំរ៉ាម។ 59ប្រពន្ធ​របស់​អាំរ៉ាម​ឈ្មោះ​យ៉ុកិបិត ជា​កូន​របស់​លេវី ដែល​លេវី​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ។ កូន​ដែល​នាង​បាន​បង្កើត​ជូន​អាំរ៉ាម​មាន អើរ៉ុន ម៉ូសេ និង​ម៉ារាម ជា​បង​ស្រី​របស់​គេ។ 60អើរ៉ុន​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ។ 61ឯ​ណាដាប និង​អ័ប៊ីហ៊ូវ​បាន​ស្លាប់​នៅ​ពេល​ដែល​គេ​យក​ភ្លើង​មិន​បរិសុទ្ធ​ទៅ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 62ចំនួន​អស់​អ្នក​ដែល​គេ​បាន​រាប់មាន ២៣ ០០០ នាក់ គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ ដ្បិត​គេ​មិន​បាន​រាប់​បញ្ជូល​ជា‌មួយ​កូន​ចៅ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​គ្មាន​កេរ‌អាករ​ដែល​ត្រូវ​ចែក​ឲ្យ​ពួកគេ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។
63នេះ​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ​បាន​រាប់។ លោក​បាន​រាប់​ប្រជាជន​អ៊ីស្រា‌អែល​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។ 64ប៉ុន្ដែ ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​លោក​ម៉ូសេ និង​សង្ឃ​អើរ៉ុន​បាន​រាប់​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​នោះ​ឡើយ។ 65ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ពួកគេ​ថា៖ «ពួកគេ​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន»។ ក្នុង​ចំណោម​ពួក‌គេ គ្មាន​អ្នក​ណា​នៅ​សល់​ឡើយ មាន​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ប៉ុណ្ណោះ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 26: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល