ជនគណនា 30
30
បំណន់ដែលស្ត្រីបន់
1លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកមេកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ 2ពេលបុរសណាម្នាក់បន់ព្រះយេហូវ៉ា ឬស្បថសន្យាភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវធ្វើតាមគ្រប់ទាំងពាក្យដែលចេញពីមាត់របស់ខ្លួន។
3ប្រសិនបើស្ត្រីណាម្នាក់បន់ព្រះយេហូវ៉ា ហើយភ្ជាប់ខ្លួនដោយសន្យាអ្វីមួយ ក្នុងកាលដែលនាងនៅក្មេង ក្នុងបន្ទុករបស់ឪពុក 4ហើយឪពុកបានឮពីបំណន់ និងពីការសន្យារបស់នាង ដែលនាងបានភ្ជាប់ខ្លួន តែមិនថាអ្វី នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនក៏នៅជាប់ដែរ។ 5ប៉ុន្ដែ ប្រសិនបើឪពុកមិនយល់ស្របនឹងនាង ក្នុងថ្ងៃដែលគាត់បានឮ នោះបំណន់ និងការសន្យារបស់នាងទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន នឹងមិននៅជាប់ឡើយ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង ព្រោះឪពុកមិនបានយល់ស្របនឹងនាង។
6ប្រសិនបើនាងមានប្តី ក្នុងកាលដែលនៅជាប់បំណន់ ឬបានបន់ភ្ជាប់ខ្លួនដោយពាក្យណាដែលបានចេញពីមាត់ទៅឥតបើគិត 7ហើយប្តីរបស់នាងឮ តែមិនថាអ្វី នោះបំណន់របស់នាងនឹងនៅជាប់ ហើយការសន្យាទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនក៏នៅជាប់ដែរ។ 8ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងមិនយល់ស្រប ក្នុងថ្ងៃដែលគាត់បានឮ នោះគាត់បានផ្តាច់បំណន់ដែលនាងបានបន់ ព្រមទាំងពាក្យណាដែលបានចេញពីមាត់នាងដោយឥតបើគិត ដោយសារការដែលនាងបានបន់ភ្ជាប់ខ្លួន នោះព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។ 9(រីឯសេចក្ដីណាដែលស្ត្រីមេម៉ាយ ឬស្ត្រីប្តីលែងបានបន់ភ្ជាប់ខ្លួន នោះនឹងត្រូវនៅជាប់ជាដរាប)។ 10ប្រសិនបើនាងបានបន់ ឬភ្ជាប់ខ្លួនដោយការសន្យាណាមួយក្នុងបន្ទុករបស់ប្តី 11ហើយប្តីរបស់នាងបានឮ តែមិនបានថាអ្វី ក៏មិនបានជំទាស់នឹងនាង នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាណាមួយដែលនាងបានបន់ភ្ជាប់ខ្លួនក៏នឹងនៅជាប់ដែរ។ 12ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងបានផ្តាច់បំណន់នោះ ក្នុងថ្ងៃដែលគាត់បានឮ នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ឬពីពាក្យណាដែលនាងបានសន្យា នោះនឹងមិននៅជាប់ឡើយ ដ្បិតប្តីរបស់នាងបានផ្តាច់បំណន់នោះ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។ 13គ្រប់ទាំងបំណន់ ឬសម្បថណាដែលនាងបង្អត់ខ្លួន នោះប្តីរបស់នាងអាចទុកឲ្យនៅជាប់ ឬអាចផ្តាច់ចេញក៏បាន។ 14ប្រសិនបើប្តីរបស់នាងមិនថាអ្វីឲ្យនាងរហូតដល់ថ្ងៃបន្ទាប់ នោះគាត់បានតាំងបំណន់ទាំងប៉ុន្មានរបស់នាង ឬការសន្យាទាំងប៉ុន្មាន ដែលនាងបានបន់ភ្ជាប់ខ្លួនឲ្យនៅជាប់ គឺគាត់បានតាំងសេចក្ដីទាំងនោះឲ្យនៅជាប់ ព្រោះមិនបានថាអ្វីឲ្យនាង ក្នុងថ្ងៃដែលគាត់បានឮ។ 15ប៉ុន្ដែ បើក្រោយពីគាត់បានឮ តែគាត់ចាត់ទុកបំណន់នោះជាអសារបង់ នោះគាត់ត្រូវទទួលទោសរបស់នាងវិញ»។
16នេះហើយជាច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ អំពីប្តី និងប្រពន្ធ និងអំពីឪពុក និងកូនស្រី ដែលនៅក្មេង ក្នុងបន្ទុករបស់ឪពុក។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 30: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies