ជន‌គណនា 30

30
បំណន់​ដែល​ស្ត្រី​បន់
1លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ 2ពេល​បុរស​ណា​ម្នាក់​បន់​ព្រះ‌យេហូវ៉ា ឬ​ស្បថ​សន្យា​ភ្ជាប់​ខ្លួន​ដោយ​សម្បថ​ណា​មួយ អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​ខ្លួន។
3ប្រសិន‌បើ​ស្ត្រី​ណា​ម្នាក់​បន់​ព្រះ‌យេហូវ៉ា ហើយ​ភ្ជាប់​ខ្លួន​ដោយ‌សន្យា​អ្វី​មួយ ក្នុង​កាល​ដែល​នាង​នៅ​ក្មេង ក្នុង​បន្ទុក​របស់​ឪពុក 4ហើយ​ឪពុក​បាន​ឮ​ពី​បំណន់ និង​ពី​ការ​សន្យា​របស់​នាង ដែល​នាង​បាន​ភ្ជាប់​ខ្លួន តែ​មិន​ថា​អ្វី នោះ​បំណន់​របស់​នាង​ទាំង​ប៉ុន្មាន​នឹង​នៅ​ជាប់ ហើយ​ការ​សន្យា​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ក៏​នៅ​ជាប់​ដែរ។ 5ប៉ុន្ដែ ប្រសិន‌បើ​ឪពុក​មិន​យល់​ស្រប​នឹង​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​បំណន់ និង​ការ​សន្យា​របស់​នាង​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ភ្ជាប់​ខ្លួន នឹង​មិន​នៅ​ជាប់​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង ព្រោះ​ឪពុក​មិន​បាន​យល់​ស្រប​នឹង​នាង។
6ប្រសិន‌បើ​នាង​មាន​ប្តី ក្នុង​កាល​ដែល​នៅ​ជាប់​បំណន់ ឬ​បាន​បន់​ភ្ជាប់​ខ្លួន​ដោយ​ពាក្យ​ណា​ដែល​បាន​ចេញ​ពី​មាត់​ទៅ​ឥត​បើ​គិត 7ហើយ​ប្តី​របស់​នាង​ឮ តែ​មិន​ថា​អ្វី នោះ​បំណន់​របស់​នាង​នឹង​នៅ​ជាប់ ហើយ​ការ​សន្យា​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ក៏​នៅ​ជាប់​ដែរ។ 8ប៉ុន្ដែ ប្រសិន‌បើ​ប្តី​របស់​នាង​មិន​យល់​ស្រប ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​គាត់​បាន​ផ្តាច់​បំណន់​ដែល​នាង​បាន​បន់ ព្រម​ទាំង​ពាក្យ​ណា​ដែល​បាន​ចេញ​ពី​មាត់​នាង​ដោយ​ឥត​បើ​គិត ដោយ​សារ​ការ​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង។ 9(រី​ឯ​សេចក្ដី​ណា​ដែល​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្តី​លែង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​នឹង​ត្រូវ​នៅ​ជាប់​ជា​ដរាប)។ 10ប្រសិន‌បើ​នាង​បាន​បន់ ឬ​ភ្ជាប់​ខ្លួន​ដោយ​ការ​សន្យា​ណា​មួយ​ក្នុង​បន្ទុក​របស់​ប្តី 11ហើយ​ប្តី​របស់​នាង​បាន​ឮ តែ​មិន​បាន​ថា​អ្វី ក៏​មិន​បាន​ជំទាស់​នឹង​នាង នោះ​បំណន់​របស់​នាង​ទាំង​ប៉ុន្មាន​នឹង​នៅ​ជាប់ ហើយ​ការ​សន្យា​ណា​មួយ​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ក៏​នឹង​នៅ​ជាប់​ដែរ។ 12ប៉ុន្ដែ ប្រសិន‌បើ​ប្តី​របស់​នាង​បាន​ផ្តាច់​បំណន់​នោះ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ឬ​ពី​ពាក្យ​ណា​ដែល​នាង​បាន​សន្យា នោះ​នឹង​មិន​នៅ​ជាប់​ឡើយ ដ្បិត​ប្តី​របស់​នាង​បាន​ផ្តាច់​បំណន់​នោះ ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង។ 13គ្រប់​ទាំង​បំណន់ ឬ​សម្បថ​ណា​ដែល​នាង​បង្អត់​ខ្លួន នោះ​ប្តី​របស់​នាង​អាច​ទុក​ឲ្យ​នៅ​ជាប់ ឬ​អាច​ផ្តាច់​ចេញ​ក៏​បាន។ 14ប្រសិន‌បើ​ប្តី​របស់​នាង​មិន​ថា​អ្វី​ឲ្យ​នាង​រហូត​ដល់​ថ្ងៃ​បន្ទាប់ នោះ​គាត់​បាន​តាំង​បំណន់​ទាំង​ប៉ុន្មាន​របស់​នាង ឬ​ការ​សន្យា​ទាំង​ប៉ុន្មាន ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ឲ្យ​នៅ​ជាប់ គឺ​គាត់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​ជាប់ ព្រោះ​មិន​បាន​ថា​អ្វី​ឲ្យ​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ។ 15ប៉ុន្ដែ បើ​ក្រោយ​ពី​គាត់​បាន​ឮ តែ​គាត់​ចាត់​ទុក​បំណន់​នោះ​ជា​អសារ​បង់ នោះ​គាត់​ត្រូវ​ទទួល​ទោស​របស់​នាង​វិញ»។
16នេះ​ហើយ​ជា​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ អំពី​ប្តី និង​ប្រពន្ធ និង​អំពី​ឪពុក និង​កូន​ស្រី ដែល​នៅ​ក្មេង ក្នុង​បន្ទុក​របស់​ឪពុក។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 30: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល