ជន‌គណនា 31

31
ជ័យ‌ជម្នះ​លើ​សាសន៍​ម៉ាឌាន
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​សង‌សឹក​សាសន៍​ម៉ាឌាន​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល បន្ទាប់​មក អ្នក​នឹង​ត្រូវ​ជួប​ជុំ​ជាមួយ​ដូនតា​របស់​អ្នក»។ 3ដូច្នេះ លោក​ម៉ូសេ​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ ហើយ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដើម្បី​សម្រេច​ការ​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទៅ​លើ​សាសន៍​ម៉ាឌាន។ 4អ្នក​ត្រូវ​ចាត់​មនុស្ស​មួយ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ចេញ​ទៅ​ច្បាំង»។ 5ដូច្នេះ គេ​ក៏​កេណ្ឌ​យក​មួយ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​នីមួយៗ​ក្នុង​ចំណោម​សាសន៍​អ៊ី‌ស្រាអែល​ទាំង​ពាន់ៗ បាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​បាន​ប្រដាប់​អាវុធ​សម្រាប់​ច្បាំង។ 6លោក​ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ច្បាំង គឺ​មួយ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ មាន​ទាំង​ភីនេ‌ហាស ជា​កូន​សង្ឃ​អេលា‌សារ កាន់​គ្រឿង​ប្រដាប់​ទី​បរិសុទ្ធ និង​ត្រែ​សម្រាប់​ផ្លុំ ទៅ​ជា​មួយ។ 7គេ​ក៏​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ ហើយ​បាន​សម្លាប់​ប្រុសៗ​ទាំង​អស់។ 8ពួកគេ​សម្លាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន ជា​មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី រេគេម ស៊ើរ និង​រេបា ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​ប្រាំ ហើយ​គេ​ក៏​បាន​សម្លាប់​បាឡាម ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ។ 9កូន​ចៅ​អ៊ីស្រា‌អែល​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន និង​កូន​តូចៗ​របស់​គេ​មក​ជា​ឈ្លើយ ហើយ​គេ​យក​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទុក​ជា​ជ័យ‌ភណ្ឌ​ទៀត​ផង។ 10កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដុត​អស់​ទាំង​ទី​ក្រុង ដែល​ជា​លំនៅ​របស់​សាសន៍​ម៉ាឌាន និង​អស់​ទាំង​ជំរំ​របស់​គេ ដោយ​ភ្លើង 11ហើយ​គេ​យក​អស់​ទាំង​ជ័យ‌ភណ្ឌ និង​អ្វីៗ​ដែល​គេ​រឹប​យក​បាន ទាំង​មនុស្ស ទាំង​សត្វ។ 12បន្ទាប់​មក គេ​នាំ​ពួក​ឈ្លើយ ជ័យ​ភណ្ឌ និង​អ្វីៗ​ដែល​គេ​រឹប​យក​បាន​នោះ ទៅ​ជូន​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ជំរំ​ដែល​បោះ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។
អ៊ីស្រាអែល​វិល​ត្រឡប់​ពី​ច្បាំង
13លោក​ម៉ូសេ សង្ឃ​អេលាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​ជំនុំ បាន​ចេញ​ទៅ​ជួប​គេ​នៅ​ខាង​ក្រៅ​ជំរំ។ 14លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​ពួក​មេ​បញ្ជាការ​កង​ពាន់ និង​ពួក​មេ​បញ្ជាការ​កង​រយ ដែល​វិល​មក​ពី​ច្បាំង​នោះ។ 15លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួកគេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ទុក​ឲ្យ​ស្ត្រី​នៅ​រស់​ទាំង​អស់​ឬ? 16មើល៍! ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​នាំ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​រឿង​នៅ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​គ្រោះ​កាច​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា។ 17ដូច្នេះ ឥឡូវ​នេះ ចូរ​សម្លាប់​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្រី្ដ​ទាំង​អស់​ដែល​បាន​ស្គាល់​ប្រុស​ដោយ​ធ្លាប់​រួម​ដំណេក​ជា‌មួយ​នោះ​ចោល​ទៅ។ 18ប៉ុន្ដែ អស់​ទាំង​ក្មេង​ស្រីៗ​ដែល​មិន​ធ្លាប់​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា‌មួយ​នៅ​ឡើយ ត្រូវ​ទុក​សម្រាប់​អ្នក​រាល់​គ្នា​វិញ។ 19ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​បាន​សម្លាប់​មនុស្ស​ណា​ម្នាក់ ឬ​បាន​ប៉ះ‌ពាល់​សាកសព ត្រូវ​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​ឈ្លើយ។ 20អ្នក​រាល់​គ្នា​ត្រូវ​សម្អាត​អស់​ទាំង​សម្លៀក‌បំពាក់ អស់​ទាំង​របស់​ធ្វើ​ពី​ស្បែក អស់​ទាំង​របស់​ធ្វើ​ពី​រោម​ពពែ និង​អស់​ទាំង​របស់​ធ្វើ​ពី​ឈើ»។
21សង្ឃ​អេលាសារ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ទ័ព​ដែល​បាន​ទៅ​ច្បាំង​នោះ​ថា៖ «នេះ​ជា​បញ្ញត្តិ​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ 22មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និង​សំណ 23គឺ​របស់​ទាំង​ប៉ុន្មាន​ដែល​អាច​ធន់​នឹង​ភ្លើង​បាន ត្រូវ​យក​ទៅ​ដុត​ភ្លើង​សម្អាត ហើយ​របស់​ទាំង​នោះ​នឹង​បាន​ស្អាត។ ប៉ុន្តែ ក៏​ត្រូវ​សម្អាត​នឹង​ទឹក​ដែល​សម្រាប់​សម្អាត​ដែរ ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​មិន​អាច​ធន់​នឹង​ភ្លើង​បាន នោះ​ត្រូវ​លាង​សម្អាត​នឹង​ទឹក។ 24អ្នក​រាល់​គ្នា​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ប្រាំពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​បាន»។
ការ​រៀប​ចំ​ទុក​ដាក់​ពួក​ឈ្លើយ និង​របស់​ជ័យ‌ភណ្ឌ
25ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 26«ចូរ​អ្នក និង​សង្ឃ​អេលាសារ ព្រម​ទាំង​ពួក​មេ​ក្នុង​វង្សា‌នុវង្ស​នៃ​ក្រុម​ជំនុំ រាប់​ចំនួន​ជ័យ‌ភណ្ឌ​ដែល​រឹប​អូស​បាន គឺ​ទាំង​មនុស្ស ទាំង​សត្វ 27ហើយ​បែង​ចែក​ជ័យ‌ភណ្ឌ​ជា​ពីរ​ចំណែក ឲ្យ​ដល់​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង និង​ក្រុម​ជំនុំ​ទាំង​អស់។ 28ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ចំណែក​របស់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ច្បាំង សម្រាប់​ព្រះ‌យេហូវ៉ា គឺ​មួយ​ក្នុង​ប្រាំរយ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ព្រម​ទាំង​ចៀម។ 29ត្រូវ​យក​ពី​ចំណែក​របស់​ពួកគេ​ពាក់​កណ្ដាល ប្រគល់​ឲ្យ​សង្ឃ​អេលាសារ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 30ឯ​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ពាក់​កណ្ដាល ត្រូវ​ហូត​យក​មួយ​ក្នុង​ហាសិប ទាំង​មនុស្ស ទាំង​គោ ទាំង​លា ព្រម​ទាំង​ចៀម គឺ​ពី​សត្វ​ទាំង​អស់ រួច​ប្រគល់​ឲ្យ​ពួក​លេវី ដែល​ថែ​រក្សា​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា»។ 31លោក​ម៉ូសេ និង​សង្ឃ​អេលាសារ បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។
32ឯ​ជ័យ‌ភណ្ឌ​ក្រៅ​ពី​អ្វីៗ​ដែល​ពួក​ទាហាន​រឹប​អូស​យក​បាន សរុប​ទាំង​អស់​មាន​ចំនួន ចៀម ៦៧៥ ០០០ ក្បាល 33គោ ៧ ២ ០០០ ក្បាល 34លា ៦១ ០០០ ក្បាល 35និង​មនុស្ស​ទាំង​អស់​ចំនួន ៣២ ០០០ នាក់ គឺ​ជា​ស្ត្រី​ដែល​មិន​ធ្លាប់​ស្គាល់​ប្រុស​ណា​រួម​ដំណេក​ជា‌មួយនៅ​ឡើយ។ 36ឯ​ចំណែក​ពាក់​កណ្ដាល ដែល​បាន​ចែក​ឲ្យ​អស់​អ្នក​ដែល​បាន​ចេញ​ទៅ​ច្បាំង មាន​ចៀម ៣៣៧ ៥០០ ក្បាល 37ហើយ​ចៀម​ដែល​ជា​សួយ‌អាករ​របស់​ព្រះ‌យេហូវ៉ា នោះ​មាន ៦៧៥ ក្បាល។ 38គោ​មាន​ចំនួន ៣៦ ០០០ ក្បាល ក្នុង​នោះ​មាន ៧២ ក្បាល ជា​សួយ‌អាករ​របស់​ព្រះ‌យេហូវ៉ា។ 39លា​មាន​ចំនួន ៣០ ៥០០ ក្បាល ក្នុង​នោះ​មាន ៦១ ក្បាល ជា​សួយ‌អាករ​របស់​ព្រះ‌យេហូវ៉ា។ 40មនុស្ស​មាន​ចំនួន ១៦ ០០០ នាក់ ក្នុង​នោះ​មាន ៣២ នាក់ ជា​សួយ‌អាករ​របស់​ព្រះ‌យេហូវ៉ា។ 41លោក​ម៉ូសេ​បាន​ប្រគល់​សួយ‌អាករ​ទាំង​នោះ ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ដល់​សង្ឃ​អេលាសារ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។
42រីឯ​ចំណែក​ពាក់​កណ្ដាល​ទៀត​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​លោក​ម៉ូសេ​បាន​ញែក​ពី​ពួក​អ្នក​ដែល​បាន​ចេញ​ទៅ​ច្បាំង 43ដែល​ជា​ចំណែក​របស់​ក្រុម​ជំនុំ​នោះ មាន​ចៀម ៣៣៧ ៥០០ ក្បាល 44គោ ៣៦ ០០០ ក្បាល 45លា ៣០ ៥០០ ក្បាល 46និង​មនុស្ស ១៦ ០០០ នាក់។ 47លោក​ម៉ូសេ​យក​មួយ​ក្នុង​ហាសិប ទាំង​មនុស្ស ទាំង​សត្វ ពី​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​នោះ ប្រគល់​ឲ្យ​ពួក​លេវី​ដែល​ថែ​រក្សា​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។
48បន្ទាប់​មក ពួក​មេ​ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ទាំង​ពាន់ៗ គឺ​ពួក​មេ​បញ្ជាការ​កង​ពាន់ និង​ពួក​មេ​បញ្ជាការ​កង​រយ នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ 49ហើយ​ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​ជា​អ្នក​បម្រើ​លោក បាន​រាប់​ពល‌ទ័ព​ដែល​នៅ​ក្រោម​បញ្ជា​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​អ្នក​ណា​ម្នាក់​ក្នុង​ពួក​យើង​ខ្ញុំ​ឡើយ។ 50យើង​ខ្ញុំ​បាន​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​គ្រប់​គ្នា​ចាប់​យក​បាន គឺ​ជា​គ្រឿង​មាស មាន​ខ្សែ​ដៃ កង​ដៃ ចិញ្ចៀន កាវ និង​ខ្សែ​ក ទុក​ជា​តង្វាយ​រំដោះ​បាប​យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។ 51លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ក៏​ទទួល​យក​គ្រឿង​មាស​ទាំង​នោះ​ពី​ពួកគេ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​គ្រឿង​រចនា។ 52មាស​ទាំង​អស់​ដែល​គេ​បាន​ថ្វាយ ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ពី​ពួក​មេ​បញ្ជាការ​កង​ពាន់ និង​ពួក​មេ​បញ្ជាការ​កង​រយ​បាន​ថ្វាយ មាន​ទម្ងន់​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​ប្រាំពីរ​រយ​ហាសិប​សេកែល។ 53(រីឯ​ពួក​ទាហាន​វិញ ម្នាក់ៗ​បាន​យក​របស់​ដែល​រឹប​អូស​បាន​ទុក​សម្រាប់​ខ្លួន​ឯង) 54លោក​ម៉ូសេ និង​សង្ឃ​អេលាសារ បាន​ទទួល​យក​មាស​ទាំង​នោះ​ពី​ពួក​មេ​បញ្ជាការ​កង​ពាន់ និង​ពី​ពួក​មេ​បញ្ជាការ​កង​រយ ទៅ​ទុក​ដាក់​ក្នុង​ត្រសាល​ជំនុំ ទុក​ជា​សេចក្ដី​រំឭក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល