ជនគណនា 5
5
ក្រឹត្យវិន័យអំពីមនុស្សមិនបរិសុទ្ធ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរបង្គាប់ឲ្យពួកអ៊ីស្រាអែលបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយសារប៉ះពាល់សាកសព ចេញពីជំរំ 3ត្រូវឲ្យគេចេញទៅខាងក្រៅជំរំ ទាំងប្រុស ទាំងស្រី គេមិនត្រូវធ្វើឲ្យជំរំរបស់គេ ជាទីដែលយើងស្នាក់នៅក្នុងចំណោមគេ ទៅជាសៅហ្មងឡើយ»។ 4កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ គឺឲ្យអ្នកទាំងនោះចេញទៅខាងក្រៅជំរំ ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេ ដូច្នេះ កូនចៅអ៊ីស្រាអែលក៏បានធ្វើតាម។
ការលន់តួអំពើបាប និងការសងរបស់ទៅម្ចាស់ដើមវិញ
5ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 6«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ប្រសិនបើបុរស ឬស្រីណាម្នាក់ប្រព្រឹត្តអំពើបាបណាមួយទាស់នឹងអ្នកណាម្នាក់ ដោយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា អ្នកនោះមានទោស 7ហើយត្រូវលន់តួអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ អ្នកនោះត្រូវប្រគល់សំណងទាំងមូលសម្រាប់អំពើទុច្ចរិតនោះ ទាំងបន្ថែមមួយភាគប្រាំ ទៅឲ្យអ្នកដែលខ្លួនមានទោសចំពោះគេ។ 8ប្រសិនបើភាគីរងគ្រោះគ្មានញាតិសន្ដាននឹងទទួលសំណង ដែលគេយកមកសងដើម្បីអំពើបាបនោះទេ នោះសំណងដែលស្នងនឹងទោសនោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាសម្រាប់ពួកសង្ឃវិញ ទាំងថ្វាយចៀមឈ្មោលមួយថែមទៀតជាតង្វាយលោះបាប គឺជាតង្វាយលោះបាបសម្រាប់ភាគីដែលមានទោស។ 9រាល់អំណោយបរិសុទ្ធទាំងអស់របស់កូនចៅអ៊ីស្រាអែល ដែលគេនាំយកមកជូនសង្ឃ អំណោយនោះនឹងបានជារបស់គាត់។ 10អំណោយបរិសុទ្ធពីគ្រប់របស់ទាំងអស់ត្រូវតែជារបស់ខ្លួន តែរបស់ណាដែលគេជូនដល់សង្ឃហើយ នោះនឹងបានជារបស់សង្ឃ»។
ក្រឹត្យវិន័យអំពីប្រពន្ធមិនស្មោះត្រង់
11ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 12«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ប្រសិនបើប្រពន្ធរបស់បុរសណាម្នាក់ក្បត់ចិត្ត មិនស្មោះត្រង់នឹងខ្លួន 13ប្រសិនបើបុរសណារួមដំណេកជាមួយនាង តែអំពើនោះលួចលាក់នឹងប្តី គឺនាងប្រព្រឹត្តអំពើសៅហ្មងឥតមានអ្នកណាដឹង ហើយគ្មានអ្នកណាធ្វើបន្ទាល់ទាស់នឹងនាង ក៏គ្មានអ្នកណាទាន់ 14រួចបើប្តីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានចិត្តសង្ស័យ ហើយនាងក៏ប្រព្រឹត្តអំពើសៅហ្មងមែន ឬបើប្តីកើតមានចិត្តប្រចណ្ឌ ដោយមានចិត្តសង្ស័យ តែប្រពន្ធមិនបានប្រព្រឹត្តអំពើសៅហ្មង 15នោះប្តីត្រូវនាំប្រពន្ធខ្លួនទៅជួបសង្ឃ ទាំងយកតង្វាយជាម្សៅឱកមួយតៅសម្រាប់នាងផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាតង្វាយនៃការប្រចណ្ឌ ទុកជាតង្វាយរំឭក សម្រាប់នឹងរំឭកពីអំពើដ៏លាមក។ 16បន្ទាប់មក សង្ឃត្រូវនាំស្ត្រីនោះចូលមកជិត ហើយឲ្យឈរនៅចំពោះព្រះយេហូវ៉ា។ 17សង្ឃត្រូវយកទឹកបរិសុទ្ធចាក់ក្នុងថូដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ។ 18សង្ឃត្រូវឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ស្រាយសក់របស់នាង ហើយដាក់តង្វាយរំឭក គឺជាតង្វាយនៃការប្រចណ្ឌនោះនៅបាតដៃរបស់នាង។ សង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្ដាសានោះនៅក្នុងដៃ។ 19បន្ទាប់មក សង្ឃត្រូវឲ្យនាងស្បថ ដោយប្រាប់ថា "ប្រសិនបើគ្មានប្រុសដទៃណារួមដំណេកជាមួយនាង ហើយប្រសិនបើនាងមិនបានបែរទៅប្រព្រឹត្តអំពើស្មោកគ្រោក ក្នុងកាលដែលនាងនៅក្រោមអំណាចរបស់ប្តីទេ នោះសូមឲ្យនាងរួចពីទឹកល្វីងដែលនាំឲ្យត្រូវបណ្ដាសានេះចុះ។ 20ប៉ុន្តែ ប្រសិនបើនាងបែរជាក្បត់ចិត្ត ក្នុងកាលដែលនាងនៅក្រោមអំណាចរបស់ប្តី គឺប្រសិនបើនាងធ្វើខ្លួននាងសៅហ្មង ដោយរួមដំណេកជាមួយប្រុសដទៃណាក្រៅពីប្តីរបស់ខ្លួន 21(យ៉ាងនោះសង្ឃត្រូវឲ្យនាងស្បថ ដោយសម្បថដែលនាំឲ្យត្រូវបណ្ដាសា រួចពោលទៅស្ត្រីនោះថា) សូមព្រះយេហូវ៉ាធ្វើឲ្យនាងទៅជាអ្នករងពាក្យដំណៀល និងពាក្យប្រមាថនៅក្នុងសាសន៍របស់ខ្លួនចុះ ដោយព្រះយេហូវ៉ាធ្វើឲ្យភ្លៅនាងរលួយ ហើយឲ្យពោះនាងប៉ោងឡើង។ 22សូមទឹកដែលនាំឲ្យត្រូវបណ្ដាសានេះ ចូលទៅក្នុងពោះរបស់នាង ធ្វើឲ្យពោះនាងប៉ោងឡើង ហើយភ្លៅនាងរលួយ!" ឯស្ត្រីនោះត្រូវឆ្លើយថា "អាម៉ែន! អាម៉ែន!" 23បន្ទាប់មក ត្រូវឲ្យសង្ឃនោះសរសេរបណ្ដាសាទាំងនេះទុកក្នុងសៀវភៅ ហើយយកទឹកល្វីងនោះមកលុបចេញ។ 24សង្ឃត្រូវឲ្យនាងផឹកទឹកល្វីងដែលនាំឲ្យត្រូវបណ្ដាសា ហើយទឹកដែលនាំឲ្យត្រូវបណ្ដាសានោះនឹងចូលទៅក្នុងនាង ហើយធ្វើឲ្យឈឺចុកចាប់។ 25សង្ឃត្រូវយកតង្វាយនៃការប្រចណ្ឌពីដៃរបស់ស្ត្រីនោះ ហើយលើកតង្វាយនោះនៅចំពោះព្រះយេហូវ៉ា រួចយកតង្វាយនោះទៅដាក់លើអាសនា។ 26សង្ឃត្រូវយកម្សៅពីតង្វាយនោះមួយក្តាប់ ទុកជាសេចក្ដីរំឭក ហើយដុតនៅលើអាសនា បន្ទាប់មក ត្រូវឲ្យនាងផឹកទឹកនោះ។ 27ក្រោយពីបានឲ្យនាងផឹកទឹកនោះរួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ដោយបានក្បត់ចិត្តប្តីរបស់ខ្លួនមែន នោះទឹកដែលនាំឲ្យត្រូវបណ្ដាសាចូលទៅក្នុងនាង នឹងធ្វើឲ្យនាងឈឺចាប់ ពោះនាងនឹងប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ ហើយស្ត្រីនោះនឹងទៅជាអ្នករងដំណៀលទៅក្នុងសាសន៍របស់ខ្លួន។ 28ប៉ុន្តែ ប្រសិនបើស្ត្រីនោះមិនបានសៅហ្មងទេ គឺនាងស្អាតបរិសុទ្ធ នោះនាងនឹងបានរួច ហើយនឹងមានកូន។ 29នេះហើយជាច្បាប់អំពីការប្រចណ្ឌ ក្នុងករណីដែលប្រពន្ធនៅក្រោមអំណាចប្តី ហើយក្បត់ចិត្តទៅប្រព្រឹត្តអំពើសៅហ្មង 30ឬបើបុរសណាកើតមានចិត្តប្រចណ្ឌ ដោយសង្ស័យនឹងប្រពន្ធរបស់ខ្លួន អ្នកនោះត្រូវនាំស្ត្រីនោះមកឈរនៅចំពោះព្រះយេហូវ៉ា ហើយសង្ឃត្រូវអនុវត្តតាមច្បាប់នេះទាំងស្រុងចំពោះនាង។ 31បុរសនោះនឹងគ្មានទោសអ្វីទេ តែឯស្ត្រីនោះវិញនឹងទទួលទោសតាមអំពើរបស់ខ្លួន»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies